យកគំរូតាមព្រះអង្គ ក្នុងការចិញ្ចឹមកូន

ដោយហេតុ​នោះ​បាន​ជា​ខ្ញុំ​លុតជង្គង់ នៅ​ចំពោះ​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាមត្រកូល​ពី​ទ្រង់​មក។ អេភេសូរ ៣:១៤-១៥

បន្ទប់​ដាក់​ឡាន នៅក្នុង​ផ្ទះ​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ​កាលពីក្មេង បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ​ជាច្រើន។ នៅពេល​ព្រឹក ថ្ងៃសៅរ៍​មួយ​នោះ ប៉ា​របស់ខ្ញុំ​បាន​យក​ឡាន​គាត់​ចេញពី​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បីឲ្យ​យើង​មាន​កន្លែង​សម្រាប់​ជួសជុល​កូនឡាន​ប្រណាំង​ខ្នាត​តូច ដែល​យើង​រើស​បាន។ យើង​បាន​ដាក់​កង់​ថ្មី ហើយ​បាន​ដំឡើង​កញ្ចក់​ផ្លា​ស្ទីក​ខាងមុខ ពីលើ​ឡាន​នោះ។ បន្ទាប់មក ខ្ញុំ​បាន​ប្រញាប់​បើក​កូនឡាន​នោះ​ចេញពី​ក្នុង​បន្ទប់​ដាក់​ឡាន តាមផ្លូវ​ចេញពីផ្ទះ ដោយ​ប៉ា​ខ្ញុំ​ជួយ​មើលផ្លូវ​ឲ្យ​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​រំឭក​រឿង​នេះ ខ្ញុំ​មិនគ្រាន់​តែ​បាន​នឹក​ចាំ​អំពី​ការ​ជួសជុល​កូនឡាន​ប្រណាំង​ប៉ុណ្ណោះទេ តែ​ខ្ញុំ​ថែមទាំង​បាន​ចាំ​ថា កាលនោះ ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់​ដែល​កំពុង​ទទួលការ​បង្រៀន​ពី​ឪពុក​ខ្ញុំ ហើយក៏​បានដឹង​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​របស់​ទ្រង់ ក្នុង​ជីវិត​ខ្ញុំ ក្នុង​ពេលនោះ​ផង​ដែរ។

មនុស្សជាតិ​ត្រូវ​បាន​ព្រះ​ទ្រង់​បង្កើត​មក តាម​គំរូ​នៃ​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ(លោកុប្បត្តិ ១:២៧-២៨)។ ការ​ចិញ្ចឹម​កូន​ ក៏​មាន​ដើមកំណើត​នៅក្នុង​ព្រះអង្គ​ផង​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះវរបិតា​ដែល “គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាមត្រកូល​ពី​ទ្រង់​មក”(អេភេសូរ ៣:១៤-១៥)។ ដែល​ឪពុក​ម្តាយ​ទាំងឡាយ​បាន​យក​គំរូ​តាម​ព្រះ ក្នុង​ការ​ចិញ្ចឹម និង​ថែរក្សា​ការពារ​កូន​ក្នុង​លោកិយ​នេះ​ជា​យ៉ាងណា ​នោះ​ពួក​គេ​ក៏បាន​បង្ហាញ​ចេញ​នូវ​លក្ខណៈ​សម្បត្តិ ដែល​មិន​មាន​ប្រភព​ក្នុង​ខ្លួន​ពួក​គេ​នោះ​ទេ តែ​នៅក្នុង​ព្រះវរបិតា។ ព្រះអង្គ​ជា​គំរូ​សម្រាប់​ការ​ចិញ្ចឹម និង​ថែរក្សា​ការពារ​កូន។

ប៉ា​របស់ខ្ញុំ​មិនល្អ​ឥត​ខ្ចោះ ហើយ​គាត់​មិន​ខុសពី​ឪពុក​ម្តាយ​ដទៃ​ឡើយ។ នៅពេល​ខ្លះ ការ​ចិញ្ចឹម​កូន​របស់​គាត់​ក៏​មាន​កំហុសឆ្គង ដោយ​មិនបាន​ធ្វើតាម​គំរូ​ដែល​មក​ពី​ស្ថានសួគ៌។ តែ​ពេលណា​ការ​ចិញ្ចឹម​របស់​គាត់​បាន​យក​គំរូ​តាម​ព្រះអង្គ​ជា​ញឹកញាប់ នោះ​ខ្ញុំ​ក៏បាន​មើលឃើញ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ព្រះអង្គ នៅ​ក្នុង​ទង្វើ​ដ៏​ល្អ​របស់​គាត់ ដូចជា​នៅក្នុង​ការ​នាំ​ខ្ញុំ​ជួសជុល​កូនឡាន​ប្រណាំង​នោះ​ជាដើម។—SHERIDAN VOYSEY

តើ​អ្នក​បាន​មើលឃើញ​ការ​ចិញ្ចឹម​កូន បាន​ឆ្លុះបញ្ចាំង​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអម្ចាស់ ដូចម្តេច​ខ្លះ? តើ​អ្នក​អាច​បង្ហាញ​អ្នកដទៃ ឲ្យ​មើលឃើញ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ព្រះ នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ចិញ្ចឹម និង​ការពារ​ក្មេង និង​អ្នកដទៃ​ទៀត​ដែល​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​ទូលបង្គំ នៅ​ថ្ងៃនេះ ដោយ​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​លក្ខណៈ​សម្បត្តិ​ដ៏​ល្អ​របស់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១០-១១ និង កិច្ចការ ៤:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles