ព្រឹក

ដំណឹងល្អនៃការផ្សះផ្សា
ដោយUltimately with R.C. Sproul
June 19, 2023
ដោយសារបាប យើងបានក្លាយជាខ្លាំងសត្រូវរបស់ព្រះ អ្នកដទៃ និងខ្លួនឯង។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយ អំពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាប្រភពតែមួយនៃសន្តិភាព សម្រាប់ការទាស់ប្រឆាំងរបស់យើង។ អត្ថបទ ព្រះគម្ពីរប៊ីបបានចែងថា បាបបានធ្វើឲ្យយើងដាច់ចេញពីព្រះ។ យើងជាខ្មាំងសត្រូវរបស់ព្រះ។ យើងបានធ្វើសង្គ្រាមទាស់នឹងព្រះ ដោយសារនិស្ស័យសាច់ឈាមរបស់យើងដែលមានបាប។ ជាងនេះទៅទៀត យើងក៏បានដាច់ចេញពីមនុស្សដែលមានបាបដូចយើងដែរ។ ហើយក៏បែកចេញពីខ្លួនឯង។ ដូចនេះ យើងបានកើត និងចម្រើនវ័យធំឡើង ក្នុងបរិយាកាសនៃសង្រ្គាម។ ចិត្តរបស់យើងទាស់ប្រឆាំងព្រះ ទាស់ប្រឆាំងអ្នកដទៃ ទាស់ប្រឆាំងនឹងខ្លួនឯង។ នេះជាការដាច់ចេញដែលមាន៣កំរិត ហើយកណ្ឌគម្ពីរសំបុត្រកូល៉ុសបានចែងថា ព្រះគ្រីស្ទបានយាងមក ដើម្បីផ្សះផ្សាឲ្យយើងជានឹងព្រះ។ ឈើឆ្កាងបាននាំយើងចូលទៅក្នុងការប្រកប និងភាពសុខដុមជាមួយព្រះ។
ប្រភេទ
ល្ងាច

សាសនាដែលបរិសុទ្ធ
ដោយKatara Patton
June 19, 2023
ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ យ៉ាកុប ១:២៧ កាលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យ ក្នុងឆ្នាំទី២ នៅក្នុងវិស្សមកាលរដូវក្តៅ មិត្តរួមថ្នាក់របស់ខ្ញុំម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ។ រយៈពេលពីរបីថ្ងៃ មុនពេលគាត់លាចាកលោក មើលទៅគាត់ ហាក់ដូចជាសុខសប្បាយធម្មតាទេ។ កាលនោះ យើងទាំងពីរសុទ្ធតែនៅក្មេង ហើយគិតថា យើងកំពុងស្ថិតក្នុងវ័យល្អបំផុតនៃជីវិតយើង ដោយបានក្លាយជាបងប្អូនប្រុសស្រី បន្ទាប់ពីបានប្រកាសអំពីភាពស្មោះស្ម័គ្រ ចំពោះក្រុមយុវជន និងក្រុមយុវនារីរៀងៗខ្លួន។ តែពេលមិត្តរួមថ្នាក់របស់ខ្ញុំបានលាចាកលោក អ្វីដែលខ្ញុំបាននឹកចាំអំពីគាត់ខ្លាំងបំផុត គឺការដែលមិត្តភក្តិរបស់ខ្ញុំ ក្នុងក្រុមប្រុសៗបានរស់នៅ ដោយគំរូល្អ ដូចដែលសាវ័កយ៉ាកុបបានបង្រៀន(យ៉ាកុប ១:២៧)។ ពួកប្រុសៗក្នុងក្រុមយុវជនបានក្លាយជាបងប្រុសដ៏ល្អរបស់ប្អូនស្រី របស់យុវជនដែលបានបាត់បង់ជីវិត។ ពួកគេបានទៅចូលរួមពិធីមង្គលការ ក៏ដូចជាពិធីជប់លៀងរបស់កូននាង រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីបងប្រុសរបស់នាងបានលាចាកលោក។ ពួកគេម្នាក់ថែមទាំងបានឲ្យទូរស័ព្ទមួយទៅនាង ទុកឲ្យនាងទាក់ទងទៅគាត់ ពេលនាងត្រូវការឲ្យគាត់ជួយ។ សាវ័កយ៉ាកុបមានប្រសាសន៍ថា “ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា”(ខ.២៧)។ ប្អូនស្រីរបស់មិត្តភក្តិខ្ញុំមិនបានក្លាយជាក្មេងកំព្រានៅពេលនោះ តែនាងបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់នាង។ ហើយពួកគេបានជួយបំពេញតួនាទីជាបងប្រុសរបស់នាង ដោយសេចក្តីស្រឡាញ់។ យើងរាល់គ្នាក៏អាចរស់នៅជាគំរូល្អ ក្នុងជីវិតដ៏បរិសុទ្ធ ក្នុងព្រះគ្រីស្ទផងដែរ ដោយស្តាប់ព្រះបន្ទូលព្រះអង្គ ហើយប្រព្រឹត្តតាម(ខ.២២) ដែលរាប់បញ្ចូលទាំងការយកអសារអ្នកដែលត្រូវការជំនួយ(២:១៤-១៧)។ សេចក្តីជំនឿដែលយើងមានចំពោះព្រះអង្គ ជំរុញចិត្តយើងឲ្យថែរក្សាមនុស្សដែលងាយរងគ្រោះ ហើយទន្ទឹមនឹងនោះ យើងថែរក្សាខ្លួនយើង ឲ្យរួចផុតពីឥទ្ធិពលអាក្រក់របស់លោកិយ ដោយជំនួយមកពីព្រះអង្គ។ សរុបមក នេះជាការប្រតិបត្តិតាមសាសនាបរិសុទ្ធ ដែលព្រះអង្គសព្វព្រះទ័យ។—KATARA PATTON
តើអ្នកបានឃើញគេអនុវត្តតាមសាសនាបរិសុទ្ធដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញចេញនូវសេចក្តីជំនឿពិតប្រាកដ ដល់អ្នកដទៃ ដោយរបៀបណា?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញមនុស្សដែលងាយរងគ្រោះបំផុត ហើយជួយពួកគេ តាមដែលព្រះអង្គដឹកនាំទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើ ១-២ និង កិច្ចការ ៥:១-២១