ដំណឹងល្អចូលទៅក្នុងកន្លែងដែលគេមិននឹកស្មានដល់

នោះ​មាន​មនុស្ស​យកពន្ធ និង​មនុស្ស​បាប​ជាច្រើន មក​អង្គុយ​នៅ​តុ​ជាមួយនឹង​ទ្រង់ ហើយនិង​ពួក​សិស្ស។ ម៉ាកុស ២:១៥

កាលពី​ពេល​ថ្មីៗនេះ ខ្ញុំ​បាន​ទៅដល់​កន្លែង​មួយ ដែល​ខ្ញុំ​ធ្លាប់តែ​ឃើញ​ក្នុង​ខ្សែភាពយន្ត និង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រាប់​ភ្លេច គឺ​នៅ​តំបន់​ហូលីវូឌ រដ្ឋ​កាលីហ្វូញ៉ា។ នៅ​ទីនោះ អក្សរ​ធំៗ​សម្បើម ត្រូវ​បាន​គេ​តម្រៀប​ចេញ​ជា​ពាក្យ Hollywood នៅ​ជើងភ្នំ​នៃ​ទីក្រុង​ឡូស​អេនជេលេស ដ៏​ល្បីល្បាញ ដែល​ខ្ញុំ​អាច​មើលឃើញ​ពី​មាត់​បង្អួច​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់នៅ។

បន្ទាប់មក ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​អ្វីមួយ។ នៅ​ខាងក្រោម​អក្សរ​ខាងឆ្វេង ខ្ញុំ​ឃើញ​ឈើឆ្កាង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ ខ្ញុំ​មិនដែល​ឃើញ​ឈើឆ្កាង​នោះ​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូឌ​ទេ។ ហើយ​នៅពេល​ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​បន្ទប់​សណ្ឋាគារ សិស្ស​ខ្លះមក​ពី​ពួក​ជំនុំ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់ផ្តើម​ចែកចាយ​អំពី​ព្រះយេស៊ូវ​ ឲ្យ​ខ្ញុំ​ស្តាប់។

ជួនកាល យើង​ប្រហែល​គិតថា តំបន់​ហូលីវូឌ​គឺ​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​នៃ​អំពើបាប​របស់​លោកិយ ដែល​ផ្ទុយ​ស្រឡះ​ពី​នគរ​ព្រះ។ តែ​ព្រះគ្រីស្ទ​កំពុងតែ​ធ្វើការ​នៅ​ទីនោះ​យ៉ាង​ច្បាស់ក្រឡែត ដោយធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ព្រះ​វត្ត​មានព្រះអង្គ ដែល​បាន​បង្ហាញ​ចេញ​មក​តាមរយៈ​អ្នកបម្រើ​ទ្រង់។

ពួក​ផារិស៊ី​តែងតែមាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅដល់។ ព្រះអង្គ​មិនបាន​ទៅ​ចំណាយពេល​ជាមួយ​មនុស្ស ដូចដែល​ពួក​គេ​បាន​រំពឹងគិត​នោះ​ទេ។ ផ្ទុយទៅវិញ បទ​គម្ពីរ​ម៉ាកុស ២:១៣-១៧ បាន​ចែងថា ព្រះអង្គ​បាន​ចំណាយពេល​ជាមួយ “ពួក​អ្នក​យកពន្ធ និង​មនុស្ស​មាន​បាប​ជាច្រើន”(ខ.១៥) គឺ​មនុស្ស​ដែលគេ​បាន​រាប់​ថា “ស្មោកគ្រោក!” តែ​ព្រះយេស៊ូវ​បាន​គង់នៅ​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវការ​ព្រះអង្គ​ខ្លាំង​បំផុត(ខ.១៦-១៧)។

ប្រហែល​ជាង២ពាន់​ឆ្នាំក្រោយ​មក ព្រះយេស៊ូវ​នៅ​តែ​បន្ត​សាបព្រោះ​ព្រះរាជសារ​នៃ​ក្តី​សង្ឃឹម និង​សេចក្តី​សង្គ្រោះ នៅកន្លែង​ដែល​យើង​មិន​បាន​រំពឹង​គិត ក្នុងចំណោម​មនុស្ស​ដែល​គេ​មិន​នឹក​ស្មាន​ថា ព្រះ​អង្គ​នឹង​ចំណាយ​ពេល​ជា​មួយ។ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ និង​ប្រទាន​យើង​នូវ​លទ្ធភាព ដើម្បី​រួម​ចំ​ណែ​ក្នុង​បេសកកម្ម​នោះ។—ADAM R. HOLZ

តើ​អ្នក​បាន​កត់សំគាល់​ឃើញ​ព្រះ​ទ្រង់​ធ្វើការ នៅកន្លែង​ដែល​អ្នក​មិន​នឹកស្មាន​ដល់ នៅពេល​ណាខ្លះ? តើ​អ្នក​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​អ្វីខ្លះ ដើម្បី​បើក​ចំហ​ចិត្ត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ទៅ​កន្លែង​ដែល​អ្នក​មិន​នឹកស្មាន​ដល់?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្ហាញ​អង្គ​ទ្រង់ នៅកន្លែង​ដែល​ទូលបង្គំ​មិន​នឹកស្មាន​ដល់។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ត្រាស់​ហៅ​ទូលបង្គំ ឲ្យ​ធ្វើជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៤-១៦ និង កិច្ចការ ៩:២២-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles