ពាក្យផ្តាំផ្ញើឲ្យប្រែចិត្ត

ព្រះអម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់​…គឺ​ទ្រង់​មានព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នកណាមួយ​វិនាស​ឡើយ។ ២ពេត្រុស ៣:៩

ខណៈ​ពេល​ដែល​លោក​ចន អ៊ែម ភើឃីន(John M. Perkins) ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត គាត់​ក៏បាន​បន្សល់ទុក​នូវ​សារ​ដ៏​សំខាន់​មួយ សម្រាប់​មនុស្ស​ដែល​គាត់​នឹង​ជំរាប​លា។ លោក​ភើ​ឃីន​មាន​ឈ្មោះ​ល្បី ដោយសារ​គាត់​បាន​ផ្សះផ្សា​ជាតិសាសន៍​ដែល​មាន​ជម្លោះ។ គាត់​មានប្រសាសន៍​ថា “ការ​ប្រែចិត្ត​ចេញពី​អំពើបាប គឺជា​ផ្លូវ​តែមួយគត់​ឆ្ពោះទៅ​រក​ព្រះ។ បើ​អ្នក​មិន​ប្រែចិត្ត​ទេ អ្នក​នឹង​វិនាស​មិនខាន”។

ពាក្យ​សម្តី​នេះ​គឺ​ផ្អែក​ទៅលើ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ និង​ការ​បង្រៀន​របស់​សាវ័ក​ព្រះអង្គ ក្នុង​ព្រះគម្ពីរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំងអស់គ្នា​ដូច្នោះ​ដែរ”(លូកា ១៣:៣)។ សាវ័ក​ពេត្រុស​ក៏បាន​បង្រៀន​ផង​ដែរ​ថា “ចូរ​ប្រែចិត្ត ហើយ​វិល​មក​ចុះ ដើម្បីឲ្យ​បាប​របស់​អ្នករាល់គ្នា​បាន​លុបចេញ”(កិច្ចការ ៣:១៩)។

នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ មាន​មនុស្ស​ម្នាក់​ទៀត ដែល​ចង់​ឲ្យ​ប្រជាជន​គាត់​ងាក​បែរ​ទៅ​រក​ព្រះអង្គ​វិញ។ នៅ​ក្នុង​ពាក្យ​ផ្តាំផ្ញើ​ចុងក្រោយ​របស់​ហោរា​សាំយូអែល ទៅកាន់​សាសន៍​អ៊ីស្រាអែល​ទាំងអស់(១សាំ​យ៉ូអែល ១២:១) ក្នុងនាម​គាត់​ជា​ហោរា សង្ឃ និង​​ចៅក្រម គាត់​មានប្រសាសន៍​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំងនេះ​មែន ប៉ុន្តែ កុំ​ឲ្យតែ​បែរចេញ​ពី​ព្រះយេហូវ៉ា​ទៀត គឺ​ត្រូវឲ្យ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ឲ្យអស់​ពីចិត្ត​ចុះ”(ខ.២០)។ នេះ​ជា​សារ​ដាស់តឿន​ឲ្យ​ប្រែចិត្ត​ចេញពី​អំពើបាប និង​ការ​អាក្រក់ ហើយ​ឲ្យ​វិលត្រឡប់​មក​ដើរតាម​ព្រះ​អស់ពី​ចិត្ត។

យើង​រាល់គ្នា​សុទ្ធតែ​មាន​បាប ហើយ​ខ្វះ​មិនដល់​ស្តង់​ដា ឬ​ខ្នាត​គំរូ​របស់​ព្រះអង្គ។ ដូចនេះ យើង​ចាំបាច់​ត្រូវ​ប្រែចិត្ត ដោយ​ងាក​ចេញពី​អំពើបាប ហើយ​វិលត្រឡប់​មក​ព្រះយេស៊ូ​វិញ ដែល​ព្រះអង្គ​អត់ទោស​ឲ្យ​យើង ហើយ​ប្រទាន​កម្លាំង​ឲ្យ​យើង​ដើរតាម​ព្រះអង្គ។ ដូចនេះ ចូរ​យើង​ស្តាប់​តាម​ព្រះបន្ទូល​ព្រះអង្គ ដែល​អាច​ប្រើ​អំណាច​នៃ​ការ​ប្រែចិត្ត ដើម្បី​កែប្រែ​យើង​ឲ្យ​ក្លាយជា​មនុស្ស ដែល​ព្រះអង្គ​អាច​ប្រើ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។—DAVE BRANON

ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ងាក​ចេញពី​អំពើបាប ហើយ​សូម​ព្រះគ្រីស្ទ​អត់ទោស​ឲ្យ​យើង? តើ​ការ​ដើរតាម​ព្រះ​អស់ពី​ចិត្ត​មានន័យ​ចំពោះ​អ្នក ដូចម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ដឹកនាំ​ទូលបង្គំ ទៅ​រក​ការ​ប្រែចិត្ត​ពិតប្រាកដ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទទួលស្គាល់​អំពើបាប​របស់​ទូលបង្គំ ហើយ​ទុកចិត្ត​ទាំងស្រុង ទៅលើ​ព្រះ​ចេស្តា​របស់​ព្រះយេស៊ូវ​ដែល​ជួយ​សង្រ្គោះ​ឲ្យ​រួចពី​បាប។

For further study, read Taking Sin Seriously at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៧-១៩ និង កិច្ចការ ១០:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles