ទីពឹងជ្រករបស់យើងរាល់គ្នា

ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សំរាប់​យើងខ្ញុំ។ ទំនុកដំកើង ៦២:៨

កាល​ពីមុន ក្នុង​តំបន់​អាមេរិក​ខាងជើង សត្វ​ក្របីព្រៃ​ធ្លាប់តែ​រស់នៅ និង​ផ្លាស់ទី​ទៅមក ក្នុង​តំបន់​វាលទំនាប​មួយ ដោយ​ជនជាតិ​ដើម​អាមេរិក​បាន​មក​ប្រ​ម៉ាញ់​សត្វ​ក្របីព្រៃ​ទាំងនោះ រហូតដល់​ពេល​ដែល​ជនជាតិ​ស្បែក​ស​បាន​មក​តាំងទីលំនៅ ដោយ​នាំ​ហ្វូង​សត្វស្រុក​ចូល​មក​ចិញ្ចឹម ហើយ​បាន​ធ្វើការ​ដាំដុះ។ ក្រោយមក គេ​ក៏បាន​ប្រើ​ដី​នៅ​ទីនោះ ជា​កន្លែង​ផលិត​​សារធាតុ​គីមី បន្ទាប់ពី​កំពង់​ផែ​ភើល ហាប័រ បាន​ទទួលរង​ការ​វាយ​ប្រហារ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២ ហើយ​ក្រោយមក​ទៀត គេ​ថែមទាំង​ប្រើ​វា​ជា​កន្លែង​បង្កើត​អាវុធ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ តែ​ថ្ងៃមួយ គេ​ក៏បាន​រក​ឃើញ​សំបុក​របស់​សត្វ​ឥន្រ្ទី​ពូជ​ក្បាល​ទំពែក នៅ​ទីនោះ ហើយ​មិនយូរ​ប៉ុន្មាន គេ​ក៏បាន​បង្កើត​ឧទ្យានជាតិ​ជម្រក​សត្វព្រៃ នៅ​តំបន់​នោះ មាន​ក្រឡ​ផ្ទៃ៦ពាន់​ហិច​តា ដែល​រាប់បញ្ចូល​ទាំង​វាលទំនាប តំបន់​លិច​ទឹក និង​តំបន់​ព្រៃ នៅ​ជាយក្រុង នៃ​ទី​ក្រុង​ដេនវើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ។ ឧទ្យានជាតិ​នេះ​ស្ថិត​ក្នុងចំណោម តំបន់​ការពារ​សត្វព្រៃ​នៅ​ជាប់​ទីប្រជុំជន ដែលធំ​ជាងគេ នៅ​អាមេរិក ជា​កន្លែង​ការពារ​ដ៏​សុខសាន្ត​សម្រាប់​សត្វព្រៃ ជាង៣ពាន់​ពូជសត្វ ដែល​រាប់​ចាប់តាំងពី​សត្វ​សំពោច​ជើង​ខ្មៅ ដល់​សត្វ​ទីទុយ ដែល​មាន​រូង​ក្នុង​ដី សត្វ​ឥន្រ្ទី​ក្បាលទំពែក​​ និង​សត្វ​ក្របីព្រៃ​ដែល​ត្រាច់ចរ​ទៅមក។

អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រាប់​យើង​ថា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សម្រាប់​យើងខ្ញុំ”(៦២:៨)។ ព្រះអង្គ​ជាទី​ពឹង​ជ្រក ដែល​ធំជាង​កន្លែងជ្រក​កោន​ណា​ទាំងអស់​នៅ​លើ​ផែនដី។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​ពិតប្រាកដ មាន​សុវត្ថិភាព និង​ការ​ការពារ ដែល​ក្នុង​ព្រះអង្គ “ដ្បិត​គឺ​ដោយសារ​ទ្រង់​ហើយ ដែល​យើង​រាល់គ្នា​បាន​រស់ កំរើក ហើយ​មាននៅ​ផង”(កិច្ចការ ១៧:២៨)។ ហើយ​ព្រះអង្គ​ជាទី​ពឹង​ជ្រក​របស់​យើង ដែល​យើង​អាច​ចូល​អធិស្ឋាន ហើយ​ទូល​ថ្វាយ​អំពី​ទុក្ខ​កង្វល់​គ្រប់យ៉ាង​ក្នុងចិត្ត​យើង​ដល់​ព្រះអង្គ។

ព្រះអង្គ​ជាទី​ពឹង​ជ្រក​របស់​យើង តាំងពី​ដើម​រៀងមក ក៏ដូចជា​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត។—JOHN BLASÉ

តើ​ឃ្លា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​របស់​យើងខ្ញុំ” មានន័យ​យ៉ាងណា​ចំពោះ​អ្នក? តើ​អ្នក​ចង់​ទូល​ថ្វាយ​រឿង​អ្វី ក្នុងចិត្ត​អ្នក ដល់​ព្រះអង្គ​នៅពេល​នេះ?

ឱព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើជា​កន្លែង​ស្នាក់អាស្រ័យ​ដ៏​សុខសាន្ត​សម្រាប់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២២-២៤ និង កិច្ចការ ១១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles