គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ។ លេវីវិន័យ ១៩:១៨
មានល្បែងកម្សាន្តដ៏សប្បាយរីករាយមួយ ដែលគេបានលេងក្នុងក្រុមយុវជន តែយើងបានរៀនសូត្រនូវមេរៀនមួយ ដែលក្នុងនោះ ជាជាងផ្លាស់ប្តូរអ្នកជិតខាងរបស់យើង យើងរៀនស្រឡាញ់អ្នកជិតខាងដែលយើងមានវិញ។ ក្នុងល្បែងកម្សាន្តនេះ គេឲ្យអ្នកចូលរួមទាំងអស់អង្គុយជាប់គ្នា បង្កើតជារង្វង់ធំមួយ លើកលែងតែម្នាក់ ដែលត្រូវឈរនៅកណ្តាលរង្វង់នោះ។ អ្នកឈរក៏បានសួរអ្នកអង្គុយម្នាក់ថា “តើអ្នកស្រឡាញ់អ្នកជិតខាងរបស់អ្នកទេ?” អ្នកដែលកំពុងអង្គុយនោះ អាចឆ្លើយបានពីរយ៉ាងថា បាទ ឬទេ។ គាត់ត្រូវសម្រេចចិត្តថា គាត់នឹងផ្លាស់ប្តូរអ្នកជិតខាងរបស់គាត់ ជាមួយអ្នកម្នាក់ទៀតឬអត់។
ក្នុងជីវិតពិត តើយើងមិនចង់ជ្រើសរើសយកតែអ្នកជិតខាងដែលយើងចូលចិត្តទេឬ? ជាពិសេស នៅពេលដែលយើងមានមិត្តរួមការងារដែលមិនចុះសម្រុងជាមួយយើង ឬអ្នករស់នៅជាប់ផ្ទះយើង ដែលចូលចិត្តចាក់សម្លេងធុងបាសឮៗ ខុសពេលខុសវេលា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវរៀនរស់នៅ ឬធ្វើការជាមួយអ្នកជិតខាង ដែលពិបាករស់នៅក្បែរ ឬពិបាកធ្វើការជាមួយ។
កាលពួកអ៊ីស្រាអែលផ្លាស់ចូលទៅរស់នៅក្នុងទឹកដីសន្យា ព្រះទ្រង់បានប្រទានពួកគេនូវសេចក្តីបង្គាប់ដ៏សំខាន់មួយ ឲ្យរស់នៅជារាស្រ្ត ដែលជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអង្គបានបង្គាប់ពួកគេ “ឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(លេវីវិន័យ ១៩:១៨) ដែលរាប់បញ្ចូលទាំងការមិននិយាយដើម ឬមិននិយាយបង្ខូចគេ មិនកេងចំណេញពីអ្នកជិតខាង ហើយទៅប្រឈមមុខដោះស្រាយដោយផ្ទាល់ ពេលយើងមានបញ្ហាដែលត្រូវដោះស្រាយជាមួយពួកគេ(ខ.៩-១៨)។
ការស្រឡាញ់មនុស្សគ្រប់គ្នា មិនមែនជាការងាយទេ តែយើងអាចប្រព្រឹត្តចំពោះអ្នកដទៃ ដោយសេចក្តីស្រឡាញ់ តាមដែលព្រះយេស៊ូវធ្វើការ នៅក្នុង និងតាមរយៈយើង។ ព្រះទ្រង់នឹងបំពេញយើង នូវប្រាជ្ញា និងសមត្ថភាព ដើម្បីឲ្យយើងប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ខណៈពេលដែលយើងព្យាយាមបង្ហាញអត្តសញ្ញាណរបស់យើង ដែលជារាស្រ្តព្រះអង្គ តាមរយៈការប្រព្រឹត្តរបស់យើង។—POH FANG CHIA
តើនរណាខ្លះជាអ្នកជិតខាង ដែលអ្នកពិបាកចុះសម្រុង? តើធ្វើដូចម្តេច ឲ្យអ្នកអាចស្រឡាញ់ពួកគេកាន់តែខ្លាំងឡើង?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់មនុស្សដែលនៅជុំវិញទូលបង្គំ គឺសូម្បីតែមនុស្សពិបាកក៏ដោយ។
For further study, read Healing a Broken Relationship at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៥-២៧ និង កិច្ចការ ១២