មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។ យ៉ាកុប ១:១២
ពេលគេមើលរូបថតដ៏ល្បីល្បាញមួយសន្លឹក គេអាចឃើញរូបស្នាមស្បែកជើង នៅលើដីពណ៌ប្រផេះ។ ស្នាមស្បែកជើងនោះ គឺដានជើងដែលអវកាសយានិក ប៊ូស អាល់ឌីន(Buzz Aldrin) បានបន្សល់ទុក នៅលើស្ថានព្រះចន្ទ កាលពីឆ្នាំ១៩៦៩។ អ្នកវិទ្យាសាស្ត្របានមានប្រសាសន៍ថា ស្នាមស្បែកជើងនោះ នៅមាននៅលើស្ថានព្រះចន្ទដដែល ដោយគ្មានការប្រែប្រួល ចាប់តាំងពីឆ្នាំនោះមក។ ដោយសារនៅស្ថានព្រះចន្ទគ្មានខ្យល់បក់ ឬទឹក នោះគ្មានការសឹករីករិលកើតឡើងនៅទីនោះទេ ដូចនេះ ការអ្វីក៏ដោយដែលគេបានបន្សល់ទុកនៅលើផ្ទៃខាងលើនៃស្ថានព្រះចន្ទ គឺនៅមានវត្តមាននៅទីនោះដដែល។
នេះជារឿងអស្ចារ្យណាស់ តែយើងនឹងមានចិត្តស្ងើចកាន់តែខ្លាំង ពេលដែលយើងបានជញ្ជឹងគិត អំពីព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះដែលបានបង្កើតស្ថានព្រះចន្ទ និងរបស់សព្វសារពើមក។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ”(យ៉ាកុប ១:១៧)។ សាវ័កយ៉ាកុបបានបង្រៀន ក្នុងបរិបទនៃទុក្ខលំបាករបស់យើង យ៉ាងដូចនេះថា “កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ”(ខ.២)។ តើហេតុអ្វី? ព្រោះព្រះដ៏ធំប្រសើរ ដែលមិនចេះប្រែប្រួល ស្រឡាញ់យើង។
ក្នុងពេលដែលយើងមានទុក្ខលំបាក យើងចាំបាច់ត្រូវនឹកចាំអំពីការផ្គត់ផ្គង់ដ៏ជាប់លាប់របស់ព្រះអង្គ។ យើងក៏អាចនឹកចាំអំពីបទចម្រៀងទំនុកសកល មានចំណងជើងថា “ទ្រង់ស្មោះត្រង់យ៉ាងក្រៃលែង” ដែលមានទំនុកច្រៀងដូចនេះថា : “ទ្រង់ស្មោះត្រង់យ៉ាងក្រៃលែង / ឱព្រះវរបិតា ឥតមានស្រមោលនៃសេចក្តីផ្លាស់ប្រែផង/ ទ្រង់មិនប្រែប្រួល ទ្រង់តែងតែអាណិតមេត្តា… / ទ្រង់នៅដូចដែលទាំងពីអស់កាលកន្លង..”។ ជាការពិតណាស់ ព្រះនៃយើងបានទុកដានរបស់ព្រះអង្គ នៅលើផែនដីនេះជាអចិន្ត្រៃយ៍។ ព្រះអង្គនឹងតែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះអង្គស្មោះត្រង់ក្រៃលែង។—KENNETH PETERSEN
តើមានទុក្ខលំបាកអ្វី ដែលអ្នកកំពុងជួបប្រទះនៅថ្ងៃនេះ? តើការដឹងថា ព្រះទ្រង់មានព្រះវត្តមានដែលមិនចេះប្រែប្រួល
បានជួយអ្នកយ៉ាងណាខ្លះ ក្នុងទុក្ខលំបាករបស់អ្នក?
ឱព្រះអម្ចាស់ ពេលណាទូលបង្គំមានការបាក់ទឹកចិត្ត ដោយសារទុក្ខលំបាកក្នុងពេលថ្មីៗនេះ ទូលបង្គំមានការព្រួយបារម្ភអំពីពេលអនាគត តែទូលបង្គំដឹងថា ព្រះអង្គគង់នៅជាមួយ ហើយផ្គត់ផ្គង់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យបានសម្រាក ដោយការទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥