ម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ។ និក្ខមនំ ១៦:១៥
ប្រជាជននៅទីក្រុងអូលធិន ប្រទេសស្វីស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទីក្រុងទំាំងមូលបានគ្របដណ្តប់ ទៅដោយកម្ទេចស្ករសូកូឡា ដែលបានធ្លាក់ចុះពីលើមេឃមកដូចព្រិល។ ប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ របស់រោងចក្រស្ករសូកូឡាមួយ នៅក្បែរទីក្រុងនោះ មានដំណើរការខុសប្រក្រតី ដោយបានបាញ់កម្ទេចស្ករសូកូឡាចេញទៅលើមេឃតាមខ្យល់ ហើយក៏បានធ្វើឲ្យតំបន់នោះគ្របដណ្តប់ទៅដោយលម្អងធូលីដែលមានរស់ជាតិផ្អែមឆ្ងាញ់។ ការដែលស្ករសូកូឡាស្រោបពីលើផ្លូវថ្នល់ ដំបូលផ្ទះ និងដំបូលរថយន្ត ស្តាប់មើលទៅ ហាក់ដូចជាក្តីស្រមៃរបស់អ្នកញៀនស្ករសូកូឡាបានក្លាយជាការពិត។
ស្ករសូកូឡាដែលបានធ្លាក់ចុះពីលើមេឃមកលើទីក្រុង មិនបានធ្វើជាអាហារដល់អ្នកក្រុងនៅទីនោះទេ តែព្រះទ្រង់ពិតជាបានប្រទានអាហារពិតប្រាកដ ធ្លាក់ចុះពីលើមេឃ សម្រាប់ពួកអ៊ីស្រាអែល។ កាលនោះ ពួកគេត្រូវធ្វើដំណើរកាត់វាលរហោស្ថាន ហើយក៏ចាប់ផ្តើមរអ៊ូរទាំ ដោយរំឭកអំពីអាហារដែលពួកគេធ្លាប់បរិភោគក្នុងទឹកដីអេស៊ីព្ទ។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយមានបន្ទូលថា “មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា”(និក្ខមនំ ១៦:៤)។ នៅពេលដែលសន្សើមស្ងួតអត់ រៀងរាល់ពេលព្រឹក គេឃើញមានអាហារ ដែលមានចំណិតតូចស្ដើង នៅលើដី។ ជនជាតិអ៊ីស្រាអែលប្រហែល២លាននាក់ ក៏បានទទួលបង្គាប់ឲ្យប្រមូលអាហារនោះ ដែលជានំម៉ាណា សម្រាប់តែបរិភោគមួយថ្ងៃៗ។ ក្នុងដំណើរវិលវល់៤០ឆ្នាំ ក្នុងវាលរហោស្ថាន ពួកគេបានទទួលនំម៉ាណាពីព្រះអម្ចាស់ ជាការផ្គត់ផ្គង់ដោយការអស្ចារ្យ។
យើងមិនបានដឹងច្រើន អំពីលក្ខណៈរបស់នំម៉ាណា ក្រៅពីខគម្ពីរដែលបានពិពណ៌នាថា “នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ”(ខ.៣១)។ ទោះស្តាប់មើលទៅនំម៉ាណា ហាក់ដូចមិនមែនជារបបអាហារដ៏ច្រើនលើសលប់ ឬផ្អែមឆ្ងាញ់ខ្លាំងដូចស្ករសូកូឡាក៏ដោយ ក៏យើងអាចដឹងច្បាស់ថា ការផ្គត់ផ្គង់របស់ព្រះអង្គ សម្រាប់តម្រូវការរបស់រាស្រ្តព្រះអង្គ ពិតជាមានលក្ខណៈផ្អែមល្ហែម។ រឿងនំម៉ាណាបានចង្អុលបង្ហាញយើង ឲ្យងាកទៅរកព្រះយេស៊ូវ ដែលបានពិពណ៌នាអំពីអង្គទ្រង់ថា ព្រះអង្គជា “នំប៉័ងជីវិត”(យ៉ូហាន ៦:៤៨) ដែលបានផ្គត់ផ្គង់យើង ជារៀងរាល់ថ្ងៃ ហើយធានាថា យើងនឹងមានជីវិតអស់កល្បជានិច្ច(ខ.៥១)។—KIRSTEN HOLMBERG
តើព្រះទ្រង់បានផ្គត់ផ្គង់អ្នក យ៉ាងដូចម្តេចខ្លះ? តើការដឹងថា ព្រះយេស៊ូវជា “នំប៉័ងជីវិត” បានលើកទឹកចិត្តអ្នក ឲ្យទុកចិត្តព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបំពេញតម្រូវការជ្រាលជ្រៅបំផុតរបស់ទូលបង្គំ ក្នុងព្រះយេស៊ូវ ហើយបានទ្រទ្រង់ទូលបង្គំជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៤-៣៥ និង កិច្ចការ ១៥:១-២១