គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ។ កិច្ចការ ៤:១៣
លោកអូវីល(Orville) និងលោកវីលប័រ រ៉ាយ(Wilbur Wright) គឺសុទ្ធតែគ្មានប័ណ្ណបើកបរយន្តហោះ។ ពួកគេក៏មិនដែលបានទៅរៀននៅមហាវិទ្យាល័យដែរ។ ពួកគេគ្រាន់តែជាជាងជួលជុលកង់ ដែលមានក្តីស្រមៃ និងចិត្តក្លាហានចង់សាកល្បងការហោះហើរ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ ពួកគេក៏បានបើកបរយន្តហោះដំបូងបំផុតរបស់ពិភពលោក ដែលមានឈ្មោះថា យានហោះហើររបស់បងប្អូនត្រកូលរ៉ាយ។ ពួកគេបានដាក់វេនគ្នាបើកបរយន្តហោះនោះបួនលើក ហើយរយៈពេលនៃការហោះហើរបានយូរបំផុតតែ១នាទីប៉ុណ្ណោះ តែវាបាននាំមកនូវការផ្លាស់ប្តូរក្នុងការធ្វើដំណើររបស់ពិភពលោកជារៀងរហូត។
សាវ័កពេត្រុស និងសាវ័កយ៉ូហាន ក៏គ្មានប័ណ្ណអនុញ្ញាតឲ្យធ្វើជាគ្រូអធិប្បាយដែរ ហើយក៏មិនដែលបានចូលរៀនសាលាព្រះគម្ពីរ។ ពួកគេជាអ្នកនេសាទត្រី ដែលបានពេញដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ដែលបានប្រកាសដំណឹងល្អ ដោយចិត្តក្លាហានថា “គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”(កិច្ចការ ៤:១២)។
អ្នកជិតខាងរបស់បងប្អូនត្រកូលរ៉ាយ មិនបានឲ្យតម្លៃ ចំពោះសមិទ្ធផលរបស់ពួកគេភ្លាមៗឡើយ។ សារព័ត៌មានប្រចាំតំបន់ដែលពួកគេរស់នៅ ក៏មិនជឿរឿងដែលគេបាននិយាយអំពីអ្នកទាំងពីរដែរ ហើយបាននិយាយថា បើវាជារឿងពិតមែន ក៏ការហោះហើរនោះមានរយៈពេលខ្លីពេក មិនមែនជារឿងសំខាន់ឡើយ។ បន្ទាប់ពីពួកគេបានធ្វើការហោះហើរ និងកែលម្អយន្តហោះរបស់ពួកគេ ប៉ុន្មានឆ្នាំក្រោយមក ទើបសាធារណៈជនបានទទួលស្គាល់សមិទ្ធផលដែលពួកគេពិតជាសម្រេចបាន។
អ្នកដឹកនាំសាសនា មិនចូលចិត្តសាវ័កពេត្រុស និងសាវ័កយ៉ូហានទេ ហើយក៏បានបញ្ជាពួកគេឲ្យឈប់និយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ សាវ័កពេត្រុសក៏បានឆ្លើយថា “ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ”(ខ.២០)។
អ្នកប្រហែលមិនមានឈ្មោះ ក្នុងបញ្ជីអ្នកដែលមានប័ណ្ណអនុញ្ញាតឲ្យធ្វើកិច្ចការអ្វីមួយ។ ហើយអ្នកដែលមានប័ណ្ណអនុញ្ញាតនោះប្រហែលជាប្រមាថមើលងាយអ្នកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បើអ្នកមានព្រះវិញ្ញាណនៃព្រះយេស៊ូវ អ្នកមានសេរីភាព ក្នុងការរស់នៅ និងធ្វើការដោយចិត្តក្លាហានថ្វាយព្រះអង្គ!—MIKE WITTMER
តើមានកិច្ចការ ឬនរណាខ្លះ ដែលបានបណ្តាលឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនមានសមត្ថភាពគ្រប់គ្រាន់? តើអ្នកអាចពឹងផ្អែកទៅលើព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងចិត្តអ្នក ដូចម្តេចខ្លះ ដើម្បីប្រឈមមុខដាក់បញ្ហានោះ នៅថ្ងៃនេះ?
ឱព្រះយេស៊ូវ ទូលបង្គំជាអ្នកបម្រើព្រះអង្គ។ សូមព្រះអង្គប្រើទូលបង្គំ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យ។
For further study, read Guided by the Spirit at DiscoverySeries.org/Q0320.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៦-៣៧ និង កិច្ចការ ១៥:២២-៤១