គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ។ អេសាយ ៥៨:៦
លោកដាវីឌ វីលីស(David Willis) បានឡើងទៅជាន់ខាងលើរបស់បណ្ណាគារWaterstone ដើម្បីរកមើលសៀវភៅ។ ពេលគាត់ចុះមកជាន់ក្រោមវិញ គាត់ក៏បានដឹងថា គេបានបិទភ្លើង ហើយក៏បានបិទទ្វារចាក់សោរួចទៅហើយ។ គាត់ក៏បានជាប់ខ្លួន នៅក្នុងបណ្ណាគារនោះ ដោយមិនអាចទៅណារួច។ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេចទេ គាត់ក៏បានបើកបណ្ដាញសង្គមTwitter ហើយក៏បានបង្ហោះសារថា “សួរស្តី បណ្ណាគារ waterstone។ ខ្ញុំបានជាប់សោនៅខាងក្នុងបណ្ណាគាររបស់អ្នក អស់រយៈពេល២ម៉ោងហើយ។ សូមមកចាក់សោឲ្យខ្ញុំចេញក្រៅ”។ បន្ទាប់ពីគាត់បានបង្ហោះសារ មិនទាន់បានយូរប៉ុន្មានផង គេក៏បានមកចាក់សោឲ្យគាត់ចេញក្រៅ។
ការដែលយើងមានមធ្យោបាយស្វែងរកជំនួយ ពេលដែលយើងស្ថិតក្នុងភាពទាល់ច្រក គឺជារឿងល្អណាស់។ ហោរាអេសាយបានមានប្រសាសន៍ថា ព្រះទ្រង់នឹងឆ្លើយតប ពេលណាយើងស្រែករកព្រះអង្គ ក្នុងស្ថានភាពទាល់ច្រក។ លោកហោរាបានថ្លែងថា ព្រះអម្ចាស់បានស្តីបន្ទោសរាស្រ្តព្រះអង្គ ដោយសារពួកគេបានប្រតិបត្តិសេចក្តីជំនឿ ដោយគ្មានការទទួលខុសត្រូវ។ ពួកគេបានប្រព្រឹត្តដូចអ្នកកាន់សាសនា ដោយលាក់បាំងការដែលពួកគេកៀបសង្កត់អ្នកក្រ ដោយការធ្វើពិធីបុណ្យដែលល្អតែសម្បកក្រៅ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន (អេសាយ ៥៨:១-៧)។ ការនេះមិនបានធ្វើឲ្យព្រះអង្គសព្វព្រះទ័យសោះឡើយ។ ព្រះទ្រង់បានបែរព្រះនេត្រចេញពីពួកគេ ហើយក៏មិនឆ្លើយតបការអធិស្ឋានរបស់ពួកគេ(១:១៥)។ ព្រះអង្គបានប្រាប់ពួកគេឲ្យប្រែចិត្ត ហើយឲ្យជួយយកអសារអ្នកដទៃ អស់ពីចិត្ត(អេសាយ ៥៨:៦-៧)។ ព្រះអង្គមានបន្ទូលថា បើពួកគេបានអនុវត្តដូចនេះ បើពួកគេអំពាវនាវ ទ្រង់នឹងតបឆ្លើយ បើពួកគេស្រែករកព្រះអង្គ នោះព្រះអង្គនឹងមានព្រះបន្ទូលថា ព្រះអង្គបានត្រៀមជាស្រេចដើម្បីជួយពួកគេ(ខ.៩)។
ចូរយើងចូលទៅរកអ្នកទាល់ក្រ ដើម្បីជួយយកអសារពួកគេ។ ដ្បិតព្រះទ្រង់ក៏បានប្រាប់យើងឲ្យស្រែកឲ្យព្រះអង្គជួយ ហើយមានបន្ទូលមកយើងថា ព្រះអង្គកំពុងរង់ចាំជួយយើងស្រាប់ហើយ។ —MARVIN WILLIAMS
តើមានការប្រព្រឹត្ត ឬគំនិតអ្វី ដែលអាចរារាំងអ្នកមិនឲ្យទទួលការឆ្លើយតប ចំពោះការអធិស្ឋានរបស់អ្នក? តើអ្នកត្រូវប្រែចិត្តចេញពីអំពើបាបណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្តាប់ឮពាក្យទូលបង្គំអធិស្ឋាន។ សូមព្រះអង្គជួយទូលបង្គំ ឲ្យចេះជួយយកអសារអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៨-៤០ និង កិច្ចការ ១៦:១-២១