យោបល់ស៊ីជម្រៅសម្រាប់គោលដៅជីវិត

សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ សុភាសិត ២០:៥

កាលពី​ឆ្នាំ១៩៩២ លោក​ប៊ីល ភីងនី(Bill Pinkney) បាន​បើកបរ​ទូកក្តោង​ម្នាក់ឯង ជុំវិញ​ពិភពលោក ដោយធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់ កាត់តាម​ជ្រោយ​ធំ​ៗ​នៃ​ភាគ​ខាងត្បូង​នៃ​ទ្វីប៣។ គាត់​មាន​គោលបំណង​ដ៏​ធំ​មួយ គឺ​ដើម្បី​បណ្តាល​ចិត្ត និង​អប់​រំ​ក្មេងៗ ដែល​រាប់បញ្ចូល​ទាំង​សិស្ស នៅ​អតីត​សាលា​បឋម​របស់​គាត់ ក្នុង​ទីក្រុង​ឈីកាហ្គោ។ ចុះ​គោល​ដៅ​របស់​គាត់​វិញ? គឺ​ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា ដោយ​ការ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ប្តេជ្ញា​ចិត្ត។ គាត់​ក៏បាន​ដាក់ឈ្មោះ​ឲ្យ​ទូកក្តោង​គាត់​ថា ការ​ប្តេជ្ញា​ចិត្ត។ ពេល​លោក​ប៊ីលនាំ​សិស្សសាលា​ទាំងនោះ ឡើង​ទូក​របស់​គាត់ គាត់​ថា “ពួក​គេ​បាន​កាន់ដៃ​ចង្កូតទូក ហើយ​បាន​រៀន​អំពី​ការគ្រប់គ្រង គឺ​គ្រប់គ្រង​ខ្លួនឯង ពួក​គេ​រៀនធ្វើការ​ជា​ក្រុម និង​រៀន​មូលដ្ឋាន​គ្រឹះ​ទាំងអស់ ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវការ ក្នុង​ជីវិត ដើម្បីឲ្យ​មានជោគ​ជ័យ”។

ពាក្យ​សម្តី​របស់​លោក​ប៊ី​ល បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ចែងថា “សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ ទ្រង់​បាន​អញ្ជើញ​អ្នកដទៃ ឲ្យ​ត្រួតពិនិត្យ​មើល​គោលដៅ​របស់​ខ្លួនឯង ពុំ​នោះ​ទេ វា​អាច​ជា​អន្ទាក់ បើសិនជា​យើង​សម្រេចចិត្ត​ធ្វើអ្វី​លឿន​ពេក ដោយ​មិនបាន​គិត​ឲ្យ​ដិតដល់(ខ.២៥)។

ផ្ទុយទៅវិញ លោក​វី​លៀម ភីង​នី​មាន​គោលបំណង​ច្បាស់លាស់​មួយ ដែល​ទីបំផុត​បាន​លើកទឹកចិត្ត​សិស្ស៣ម៉ឺន​នាក់ ទូទាំង​សហរដ្ឋអាមេរិក ឲ្យ​រៀនសូត្រ​អំពី​ការ​ធ្វើដំណើរ​របស់​គាត់។ គាត់​បាន​ក្លាយជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​មានឈ្មោះ​កត់ទុក ក្នុង​សមាគមន៍​ជាតិ​អ្នកបើកបរ​ទូកក្តោង។ គាត់​ថា “ក្មេងៗ​កំពុង​តែ​សង្កេតមើល​យើង។ ចូរ​យើង​កំណត់​គោលដៅ​របស់​យើង តាម​ការណែនាំ​ដ៏​ស៊ីជម្រៅ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង”។—PATRICIA RAYBON

ក្នុង​ជីវិត​របស់​អ្នក តើ​ហេតុអ្វី​អ្នកធ្វើការ​ងារ ឬ​ធ្វើ​ការ​បម្រើ​ព្រះ? តើ​អ្នក​ចង់​បន្សល់ទុក​អ្វីខ្លះ​ជា​កេរដំណែល តាមរយៈ​ជោគជ័យ​ដែល​អ្នក​សម្រេច​បាន?

ឱ​ព្រះ​ដ៏​ស្មោះត្រង់ សូម​ព្រះអង្គ​បណ្តាល​ចិត្ត​ទូលបង្គំ ឲ្យ​ប្តេជ្ញា​ចិត្ត​ធ្វើការ ដោយ​គោលបំណង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០-១២ និង កិច្ចការ ១៩:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles