ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧
សៀវភៅលំនាំការអធិស្ឋាន មានចំណងជើងថា សេចក្តីបរិសុទ្ធគ្រប់ពេលវេលា មានគំរូនៃការអធិស្ឋាន អំពីសកម្មភាពផ្សេងៗ ដែលរាប់បញ្ចូលទាំងការអធិស្ឋានសាមញ្ញៗ ដែលមានដូចជាការរៀបចំម្ហូបអាហារ ឬការបោកគក់ខោអាវជាដើម ដែលសុទ្ធតែជាកិច្ចការដ៏ចាំបាច់ ដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថា ច្រំដែល ឬគ្មានអ្វីប្លែក។ សៀវភៅនេះបានរំឭកខ្ញុំ អំពីពាក្យពេចន៍របស់លោក ជី ឃេ ឆេស្ទ័រតុន(G. K. Chesterton) ដែលបានសរសេរថា “ជាទូទៅ គេតែងតែអធិស្ឋានមុនពេលញាំអាហារ។ វាជាការល្អហើយ។ តែខ្ញុំអធិស្ឋានសូមព្រះពរ មុនពេលខ្ញុំ គូរគំនូរ ហែលទឹក ហាត់គុណដាវ ហាត់ប្រដាល់ ដើរ លេង រាំ ហើយអធិស្ឋាន មុនពេលខ្ញុំចាប់កាន់ប៊ិកសរសេរផងដែរ”។
ការលើកទឹកចិត្តរបស់គាត់ បានជួយឲ្យខ្ញុំគិតឡើងវិញ អំពីសកម្មភាពដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំមានទំនោរទៅរកការបែងចែកសកម្មភាពរបស់ខ្ញុំ ទៅជាសកម្មភាពដែលមានគុណតម្លៃខាងវិញ្ញាណ ដូចជាការអានព្រះបន្ទូល មុនពេលញាំអាហារ និងសកម្មភាពដទៃទៀត ដែលខ្ញុំយល់ឃើញថា មានតម្លៃខាងវិញ្ញាណតិចតួច ដែលមានដូចជាការលាងចាន ក្រោយញាំអាហារជាដើម។ សាវ័កប៉ុលបានលប់ចោលការបែងចែកដូចនេះ ក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងកូល៉ុស ដែលព្រះទ្រង់បានជ្រើសរើសឲ្យរស់នៅថ្វាយព្រះយេស៊ូវ។ គាត់បានលើកទឹកចិត្តពួកគេយ៉ាងដូចនេះថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ”(៣:១៧)។ ការធ្វើអ្វីៗ ដោយនូវព្រះនាមព្រះយេស៊ូវ គឺមានន័យថា យើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ នៅពេលដែលយើងធ្វើកិច្ចការទាំងនោះ ហើយមានការធានាថា ព្រះវិញ្ញាណព្រះអង្គប្រទានកម្លាំង ឲ្យយើងអាចសម្រេចកិច្ចការទាំងនោះ។
បានសេចក្តីថា កិច្ចការទាំងអស់ដែលយើងធ្វើ ទោះតូចឬធំក្តី សុទ្ធតែមានគុណតម្លៃខាងវិញ្ញាណ។ សកម្មភាពដ៏សាមញ្ញទាំងអស់នៃជីវិតយើង អាចទទួលកម្លាំងពីព្រះវិញ្ញាណព្រះអង្គ ហើយធ្វើតាមរបៀបដែលថ្វាយព្រះកិត្តិនាមដល់ព្រះយេស៊ូវ។—LISA M. SAMRA
អ្នកចង់មានការផ្លាស់ប្តូរទស្សនៈរបស់អ្នក អំពីសកម្មភាពប្រចាំថ្ងៃ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចពឹងផ្អែកលើព្រះវិញ្ញាណព្រះ យ៉ាងដូចម្តេចខ្លះ ក្នុងកិច្ចការដែលធ្វើប្រចាំថ្ងៃ?
ឱព្រះយេស៊ូវ សូមព្រះអង្គចម្រើនកម្លាំងទូលបង្គំ ដោយព្រះវិញ្ញាណព្រះអង្គ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ក្នុងកិច្ចការទាំងអស់ដែលទូលបង្គំធ្វើ។
To learn more about how to pray effectively, visit ODBU.org/courses/SF120.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :