ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង។ ១យ៉ូហាន ៣:១៦
សេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានសម្រាប់យើង ក្នុងការសុគត គឺមានការតាំងព្រះទ័យ ដូចដែលការរងទុក្ខរបស់ព្រះអង្គក៏បានធ្វើឡើងដោយចេតនារបស់ព្រះអង្គផងដែរ។ បើព្រះអង្គមានចេតនា ក្នុងការលះបង់ព្រះជន្ម នោះគឺដើម្បីយើងរាល់គ្នា។ នោះជាសេចក្តីស្រឡាញ់។
“កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត”(យ៉ូហាន ១៣:១)។
គ្រប់ជំហាន ដែលព្រះអង្គយាងទៅកាល់វ៉ារី គឺសុទ្ធតែបង្កប់អត្ថន័យ “ខ្ញុំស្រឡាញ់អ្នក”។
ដូចនេះ ការពិសោធន៍នឹងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ក្នុងការលះបង់ព្រះជន្ម គឺបានជួយយើងឲ្យដឹងថា ព្រះអង្គមានការតាំងព្រះទ័យខ្លាំងប៉ុណ្ណា នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ចូរយើងមើលព្រះបន្ទូលដែលព្រះយេស៊ូវបានបន្លឺឡើង បន្ទាប់ពីអំពើហិង្សាកើតឡើង នៅពេលដែលសាវ័កពេត្រុសបានប៉ុនប៉ងកាប់ក្បាលបាវរបស់សម្តេចសង្ឃ ត្រូវស្លឹកត្រចៀកដាច់។
តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា “ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។
យើងត្រូវដឹងថា ការសុគតរបស់ព្រះយេស៊ូវ ត្រូវបានថ្លែងទំនាយទុកជាលម្អិត ក្នុងព្រះគម្ពីរសញ្ញាចាស់។ តែយើងត្រូវដឹងកាន់តែច្បាស់ថែមទៀតថា ព្រះយេស៊ូវបានធ្វើការសម្រេចព្រះទ័យយ៉ាងជាក់លាក់ ឲ្យបទគម្ពីរទាំងនោះបានសម្រេច។
ក្នុងបទគម្ពីរម៉ាថាយ ២៦:៥៤ ព្រះយេស៊ូវកំពុងតែប្រាប់យើងថា ព្រះអង្គអាចគេចចេញពីទុក្ខវេទនានេះ តែបើព្រះអង្គគេច ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ?
អាចនិយាយបានម្យ៉ាងទៀតថា ព្រះអង្គមិនបានជ្រើសរើសយកការគេចចេញពីការសុគត ដែលព្រះអង្គអាចធ្វើបាន ព្រោះព្រះអង្គជ្រាបថាបទគម្ពីរត្រូវសម្រេច។ ព្រះអង្គជ្រាបថា មានការអ្វីខ្លះដែលត្រូវតែកើតឡើង ដើម្បីឲ្យរាស្រ្តព្រះអង្គបានសង្គ្រោះ។ ព្រះអង្គបានជ្រើសរើសយកការសម្រេចបទទំនាយទាំងអស់ដែលបានថ្លែងទុកជាមុន អំពីព្រះអង្គ ក្នុងព្រះបន្ទូលព្រះ។ ព្រះអង្គបានសម្រេចព្រះទ័យស្រឡាញ់រាស្រ្តព្រះអង្គលើសអ្វីៗទាំងអស់ គ្រប់ពេលវេលា។ ហើយព្រះអង្គចង់ឲ្យពួកគេពិសោធន៍នឹងក្តីស្រឡាញ់ព្រះអង្គ។ ហើយជាប់នៅក្នុងព្រះអង្គ និងមានសេរីភាព ហើយមានការផ្លាស់ប្រែខុសប្លែកពីលោកិយ។