ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ។ ២ធីម៉ូថេ ១:៥
មានពេលមួយ លោកហារ៉ូល(Harold) បាននិយាយថា គាត់មានអារម្មណ៍ថា គាត់គ្មានប្រយោជន៍អ្វីសម្រាប់រស់នៅទៀតទេ ព្រោះគាត់ជាបុរសពោះម៉ាយ ដែលបានចូលនិវត្តន៍ហើយ។ កូនៗរវល់នឹងគ្រួសាររបស់ពួកគេរៀងខ្លួន បានជាគាត់ចំណាយពេលម្នាក់ឯង មើលស្រមោលនៅលើជញ្ជាំងផ្ទះ យ៉ាងស្ងប់ស្ងាត់ នៅពេលល្ងាច។ គាត់ច្រើនតែប្រាប់កូនស្រីគាត់ថា គាត់ចាស់ហើយ គាត់បានរស់នៅឆ្អែតឆ្អន់ គាត់គ្មានគោលបំណងសម្រាប់រស់នៅទៀតទេ ព្រះទ្រង់អាចដកយកជីវិតគាត់ នៅពេលណាក៏បាន។
ទោះជាយ៉ាងណាក៏ដោយ នៅពេលរសៀលមួយនោះ ការសន្ទនាជាមួយអ្នកជិតខាងគាត់ បានកែប្រែគំនិតគាត់។ គាត់ថា អ្នកជិតខាងគាត់មានបញ្ហាជាមួយកូនៗ ដូចនេះ គាត់ក៏បានអធិស្ឋានឲ្យអ្នកជិតខាងគាត់។ ក្រោយមក គាត់ក៏បានផ្សាយដំណឹងល្អជាមួយអ្នកនោះ។ ដូចនេះ គាត់ក៏បានដឹងថា គាត់នៅតែមានគោលបំណង សម្រាប់រស់នៅ! ឲ្យតែមានមនុស្សដែលមិនទាន់បានឮដំណឹងល្អរបស់ព្រះយេស៊ូវ គាត់ត្រូវតែប្រាប់ពួកគេឲ្យបានស្គាល់ព្រះអង្គសង្គ្រោះ។
ពេលដែលលោកហារ៉ូលបានឆ្លើយតប ចំពោះការទំនាក់ទំនងដ៏សាមញ្ញ ជារៀងរាល់ថ្ងៃ ដោយចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ជីវិតរបស់អ្នកជិតខាងគាត់ក៏បានផ្លាស់ប្រែ។ ក្នុងបទគម្ពីរ ២ធីម៉ូថេ ជំពូក១ សាវ័កប៉ុលបានលើកឡើង អំពីស្រ្តីពីរនាក់ ដែលព្រះទ្រង់បានប្រើយ៉ាងដូចនេះដែរ ដើម្បីកែប្រែជីវិតមនុស្សម្នាក់ទៀត គឺលោកធីម៉ូថេ ដែលជាយុវជនដែលកំពុងបម្រើព្រះជាមួយគាត់។ អ្នកស្រីឡូអ៊ីសដែលជាជីដូន និងអ្នកស្រីអ៊ើនីសជាម្តាយរបស់លោកធីម៉ូថេ មានសេចក្តីជំនឿដ៏ស្មោះត្រង់ ដែលពួកគេបានចែកចាយដល់គាត់(ខ.៥)។ តាមរយៈសកម្មភាពប្រចាំថ្ងៃ នៅក្នុងការរស់នៅធម្មតាក្នុងគ្រួសារ យុវជនធីម៉ូថេបានរៀនសូត្រអំពីសេចក្តីជំនឿពិតប្រាកដ ដែលបានជួយគាត់ឲ្យមានការលូតលាស់ ធ្វើជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវ ហើយទីបំផុត ក៏បានជួយលើកទឹកចិត្តគាត់ ក្នុងការបម្រើព្រះ ជាអ្នកដឹកនាំពួកជំនុំ នៅទីក្រុងអេភេសូរ។
ទោះយើងមានអាយុ ប្រវត្តិ ឬស្ថិតក្នុងកាលៈទេសៈដូចម្តេចក៏ដោយ យើងនៅតែមានគោលបំណង សម្រាប់ការរស់នៅ គឺដើម្បីប្រាប់អ្នកដទៃ ឲ្យស្គាល់ព្រះយេស៊ូវ។—KAREN HUANG
តើអ្នកអាចលើកទឹកចិត្តនរណាខ្លះ ឲ្យជឿព្រះយេស៊ូវ? តើអ្នកអាចអធិស្ឋានទូលសូមឱកាស ដើម្បីផ្សាយដំណឹងល្អ នៅពេលណាខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គបើកភ្នែក និងចិត្តទូលបង្គំ ឲ្យឈោងចាប់មនុស្សនៅជុំវិញទូលបង្គំ ដែលកំពុងត្រូវការសេចក្តីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គប្រទានទូលបង្គំ នូវឱកាសផ្សាយដំណឹងល្អដល់ពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៨-១៩ និង កិច្ចការ ២០:១៧-៣៨