គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង។ ភីលីព ២:៧
ក្នុងកម្មវិធីទូរទស្សន៍មួយ មានចំណងជើងថា ចៅហ្វាយនាយបន្លំខ្លួន មាននាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុនលក់ការ៉េមដ៏ល្បីល្បាញ បានបន្លំខ្លួន ធ្វើជាបុគ្គលិក នៅក្នុងហាងលក់ការ៉េមមួយរបស់ក្រុមហ៊ុន។ គាត់បានពាក់សក់ក្លែងក្លាយ និងតុបតែងមុខ កុំឲ្យគេមើលគាត់ស្គាល់ ក្នុងការធ្វើការជាបុគ្គលិកថ្មីម្នាក់។ គោលដៅរបស់គាត់ គឺដើម្បីមើលដំណើរការក្នុងក្រុមហ៊ុនចាប់តាំងពីថ្នាក់ទាប ដល់ថ្នាក់លើ។ ផ្អែកទៅលើការសង្កេតរបស់គាត់ គាត់អាចរកឃើញដំណោះស្រាយ សម្រាប់បញ្ហាមួយចំនួន ដែលហាងនោះកំពុងជួបប្រទះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាព្រះយេស៊ូវ ដែលបានលះបង់ព្រះអង្គទ្រង់ មកយកភាពជាអ្នកបម្រើ(ភីលីព ២:៧) ដើម្បីដោះស្រាយបញ្ហារបស់យើង។ ព្រះអង្គបានយកកំណើតជាមនុស្ស ដោយដើរនៅលើដី បង្រៀនយើងអំពីព្រះពិត ហើយទីបំផុត ក៏បានសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបយើង(ខ.៨)។ ការលះបង់នេះបានបង្ហាញការបន្ទាបព្រះកាយរបស់ព្រះអង្គ ខណៈពេលដែលព្រះអង្គលះបង់ព្រះជន្ម ដោយការស្តាប់បង្គាប់ព្រះវរបិតា ធ្វើជាដង្វាយលោះបាបយើង។ ព្រះអង្គបានដើរនៅលើដី ដូចមនុស្សធម្មតា ហើយក៏បានដកពិសោធន៍ដោយផ្ទាល់ ជាមួយនឹងបញ្ហាដែលយើងជួបប្រទះ។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានត្រាស់ហៅយើង ឲ្យយកតម្រាប់តាមព្រះអង្គ ជាព្រះសង្រ្គោះយើង ជាពិសេស ក្នុងទំនាក់ទំនងរបស់យើង ជាមួយអ្នកជឿដទៃទៀត(ខ.៥)។ ព្រះទ្រង់ជួយយើង ឲ្យមានការបន្ទាបខ្លួន(ខ.៣) ហើយមានគំនិតគិតដូចព្រះគ្រីស្ទ(ខ.៥)។ ព្រះអង្គជំរុញយើង ឲ្យរស់នៅ ជាអ្នកបម្រើ ដែលត្រៀមខ្លួនជាស្រេច ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ ហើយស្ម័គ្រចិត្តជួយគេ។ ពេលណាព្រះទ្រង់ដឹកនាំយើង ឲ្យស្រឡាញ់អ្នកដទៃ ដោយការបន្ទាបខ្លួន យើងកាន់តែមានភាពងាយស្រួល ក្នុងការបម្រើពួកគេ ហើយមានចិត្តអាណិត ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាដែលពួកគេកំពុងជួបប្រទះ។—KATARA PATTON
តើអ្នកមើលឃើញអ្នកដទៃ កំពុងមានតម្រូវការ និងបញ្ហាអ្វីខ្លះ? តើការរស់នៅដោយការបន្ទាបខ្លួន ថ្វាយព្រះយេស៊ូវ មានន័យដូចម្តេចខ្លះ ចំពោះអ្នក?
ឱព្រះដ៏បរិសុទ្ធ ទូលបង្គំ សូមអរព្រះគុណសម្រាប់ការលះបង់របស់ព្រះយេស៊ូវ ដើម្បីទូលបង្គំ។ សូមព្រះអង្គប្រទានទូលបង្គំ នូវផ្នត់គំនិតដូចព្រះយេស៊ូវ ខណៈពេលដែលទូលបង្គំបម្រើបងប្អូនទូលបង្គំ ដោយការបន្ទាបខ្លួន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៦-២៨ និង កិច្ចការ ២២