ការស្រេកឃ្លានភាពស្ងប់ស្ងាត់

ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ។ ១ពង្សាវតា​ក្សត្រ ១៩:១២

បើ​អ្នកចូលចិត្ត​ភាព​ស្ងប់ស្ងាត់ មាន​បន្ទប់​មួយ ក្នុង​ទីក្រុង​មីនាប៉ូលីស រដ្ឋ​មីនេសូតា ដែល​អ្នក​នឹង​ចូលចិត្ត។ បន្ទប់​នោះ​អាច​ស្រូប​សម្លេង​គ្រប់​ប្រភេទ បាន៩៩.៩៩ភាគរយ! បន្ទប់​ដ៏​ល្បីល្បាញ​នោះ ជា​បន្ទប់​ដែល​គ្មាន​សម្លេង​ឡង ក្នុង​មន្ទីរ​ពិសោធ​ន៍​អ័រហ្វៀល ត្រូវ​បាន​គេ​ហៅថា “កន្លែង​ដែល​ស្ងប់ស្ងាត់​បំផុត នៅ​លើ​ផែនដី”។ មនុស្ស​ដែល​ចង់បាន​កន្លែង​ស្ងាត់​គ្មាន​សម្លេង​រំខាន ក្នុង​បន្ទប់​នោះ ត្រូវ​គេ​តម្រូវឲ្យ​អង្គុយ​ចុះ ដើម្បី​ជៀសវាង​ការ​វិលមុខ ដោយសារ​នៅ​ទីនោះ​ស្ងប់ស្ងាត់​ពេក។ រហូតមកដល់​ពេលនេះ គ្មាន​នរណា​ម្នាក់​អាច​ចំណាយពេល​ក្នុង​បន្ទប់​នោះ លើស៤៥នាទី​ឡើយ។

មាន​មនុស្ស​តិចណាស់ ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ខ្លាំង​យ៉ាងនេះ។ តែ​ជួនកាល យើង​ប្រាថ្នា​ចង់បាន​ភាព​ស្ងប់ស្ងាត់​បន្តិច ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​សម្លេង​រំខាន។ សូម្បីតែ​ពត៌មាន​ដែល​យើង​ទស្សនា និង​បណ្ដាញ​សង្គម ដែល​យើង​បាន​ចំណាយពេល​ជាមួយ បាន​នំា​មក​នូវ​សម្លេង​រំខាន ដែល​ធ្វើឲ្យ​យើង​ពិបាក​ផ្តោត​អារម្មណ៍​ទៅលើ​ការងារ ឬ​ការ​សិក្សា។ យើង​ច្រើនតែ​ឃើញ​គេ​ប្រើ​ពាក្យ​សម្តី និង​រូបភាព ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​អវិជ្ជមាន។ សម្លេង​រំខាន​ទាំងអស់​នោះ អាច​ធ្វើឲ្យ​យើង​ពិបាក​ស្តាប់​ព្រះ​សូរ្យ​សៀង​ព្រះ។

កាល​ហោរា​អេលីយ៉ា​ចេញទៅ​ជួប​ព្រះអម្ចាស់ នៅ​លើ​ភ្នំ​ហូរ៉ែប គាត់​មិនបាន​រក​ឃើញ​ព្រះអង្គ នៅក្នុង​កន្លែង​ដែល​មានសម្លេង​ឮខ្លាំង មាន​ខ្យល់ព្យុះ ឬ​មាន​ភ្នំភ្លើង ឬក៏​ភ្លើង​ឆេះ​នោះ​ឡើយ(១ពង្សាវតា​ក្សត្រ ១៩:១១-១២)។ ទាល់តែ​លោក​អេលីយ៉ា​បានឮ​សម្លេង​តូច​រហៀងៗ ទើប​គាត់​យក​ក្រ​ម៉ា​គ្រលុំ​មុខ រួច​ដើរចេញ​ពី​រូងភ្នំ ហើយក៏​បាន​ជួប “ព្រះ​ដ៏​មាន​គ្រប់​ចេស្តា”(ខ.១២-១៤)។

វិញ្ញាណ​របស់​អ្នក​ប្រហែល​កំពុង​ស្រេកឃ្លាន​ភាព​ស្ងប់ស្ងាត់​ផង​ដែរ តែ​ប្រហែលជា​ស្រេកឃ្លាន​ចង់​ឮ​ព្រះ​សូរ្យ​សៀង​ព្រះអម្ចាស់។ ចូរ​ស្វែងរក​កន្លែង​ស្ងប់ស្ងាត់ ក្នុង​ជីវិត​អ្នក ដើម្បីកុំឲ្យ​អ្នក​ខកខាន​មិនបាន​ឮ​ព្រះ​សូរ្យ​សៀង​តូច​រហៀង​ៗ​របស់​ព្រះអង្គ​ឡើយ(ខ.១២)។—CINDY HESS KASPER

តើ​ព្រះ​ទ្រង់​មាន​ទំនាក់ទំនង​ជាមួយ​កូន​ព្រះអង្គ តាមរបៀប​ណាខ្លះ? ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ ឲ្យបាន​ទៀងទាត់?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មានចិត្ត​ស្ងប់ ដើម្បីឲ្យ​ទូលបង្គំ​ត្រៀមខ្លួន​ជួប​ព្រះអង្គ នៅ​ថ្ងៃនេះ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៩-៣០ និង កិច្ចការ ២៣:១-១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles