កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ។ អេភេសូរ ៥:១៨
អ្នកនិពន្ធឈ្មោះ ស្កុត មែកណៃ(Scot McKnight) បានចែកចាយទីបន្ទាល់របស់គាត់ អំពី “ការពេញដោយព្រះវិញ្ញាណបរិសុទ្ធ” កាលគាត់រៀននៅវិទ្យាល័យ។ ពេលគាត់ចូលរួមកម្មវិធីបោះជំរុំ គ្រូអធិប្បាយបានលើកទឹកចិត្តគាត់ ឲ្យបើកចិត្ត ទទួលព្រះគ្រីស្ទគ្រងរាជ្យក្នុងជីវិតគាត់ ដោយចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ។ ក្រោយមក គាត់ក៏បានអង្គុយនៅក្រោមដើមឈើមួយ ហើយក៏បានអធិស្ឋានថា “ឱព្រះវរបិតា សូមព្រះអង្គអត់ទោសបាបឲ្យទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធ”។ គាត់ថា ការអស្ចារ្យក៏បានកើតឡើង។ ចាប់តាំងពីពេលនោះមក ជីវិតគាត់បានផ្លាស់ប្តូរទាំងស្រុង។ មិនបានល្អឥតខ្ចោះ តែខុសប្លែកពីមុន។ ភ្លាមៗនោះ គាត់ក៏មានចិត្តចង់អានព្រះគម្ពីរ អធិស្ឋាន និងជួបអ្នកជឿដទៃទៀត ហើយបម្រើព្រះ។
មុនពេល ព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គ“ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ”(កិច្ចការ ១:៤)។ ព្រះអង្គមានបន្ទូលទៀតថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ព្រះទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅក្នុងអ្នកដែលជឿព្រះយេស៊ូវ។ ការពេញដោយព្រះវិញ្ញាណបរិសុទ្ធបានកើតឡើងជាលើកដំបូងនៅថ្ងៃបុណ្យទី៥០(មើលកិច្ចការ ជំពូក២) ហើយសព្វថ្ងៃនេះ ព្រះវិញ្ញាណចូលគង់អស់អ្នកណា ដែលទទួលជឿព្រះគ្រីស្ទ។
ព្រះវិញ្ញាណនៃព្រះក៏បន្តបំពេញអ្នកដែលជឿព្រះយេស៊ូវ។ ដោយជំនួយរបស់ព្រះវិញ្ញាណ យើងក៏អាចបង្កើតផលផ្លែនៃព្រះវិញ្ញាណ ដោយការផ្លាស់ប្តូរចារិកលក្ខណៈ និងបំណងចិត្តរបស់យើង(កាឡាទី ៥:២២-២៣)។ ចូរយើងសរសើរដំកើង និងអរព្រះគុណព្រះ សម្រាប់ការកម្សាន្តចិត្តយើង ធ្វើការក្នុងចិត្តយើង ធ្វើការជាមួយយើង និងស្រឡាញ់យើង។—AMY BOUCHER PYE
តើអ្នកអាចឃើញការផ្លាស់ប្តូរអ្វីខ្លះ ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលឲ្យមាន ក្នុងជីវិតអ្នក? តើអ្នកអាចស្វាគមន៍ព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យព្រះអង្គធ្វើការកាន់តែច្រើន ក្នុងជីវិតអ្នក?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ធ្វើជាអំណោយ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យស្រឡាញ់ព្រះអង្គ និងអ្នកដទៃ កាន់តែខ្លាំងនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-៣២ និង កិច្ចការ ២៣:១៦-៣៥