បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ។ ១ពេត្រុស ៤:១៤
គ្រីស្ទបរិស័ទជាច្រើន ក្នុងពិភពលោកនេះ មិនបានដឹងអំពីគ្រោះថ្នាក់ដែលគំរាមកំហែងជីវិត ដោយសារយើងជឿព្រះគ្រីស្ទនោះឡើយ។ យើងមានភាពស៊ាំនឹងការរស់នៅ ដោយគ្មានការបៀតបៀនទាំងនោះ។ រឿងនេះហាក់ដូចជាគ្មានអ្វីចម្លែកទេ។
ហេតុនេះហើយ ពេលណាយើងជួបការគំរាមកំហែងថា គេនឹងបៀតបៀនយើង នោះជាញឹកញាប់ ប្រតិកម្មឆ្លើយតបទីមួយរបស់យើង គឺច្រើនតែបង្ហាញចេញមក ដោយកំហឹង។ ប៉ុន្តែ កំហឹងនោះអាចជាសញ្ញាបង្ហាញថា យើងកំពុងតែភ្លេចថា យើងជាអ្នកប្រទេសក្រៅ និងអ្នកដែលគ្រាន់តែសំណាក់នៅ (“ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា… “១ពេត្រុស ២:១១)។
ប្រហែលជាយើងបានរស់នៅសុខស្រួលពេក ក្នុងពិភលោកនេះ។ យើងមិនមានអារម្មណ៍ថា ចង់ទៅនៅជាមួយព្រះគ្រីស្ទ ដូចសាវ័កប៉ុលទេ ៖ “ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង”(ភីលីព ៣:២០)។
គ្រីស្ទានជាច្រើនត្រូវការឲ្យគេរំឭកថា “ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្តីចំឡែកនោះឡើយ”(១ពេត្រុស ៤:១២)។ រឿងនេះមិនមានអ្វីចម្លែកទេ។
តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកនឹងធ្វើដូចម្តេចខ្លះ ក្នុងពេលល្បងលជំនឿដែលខ្លាំងបំផុតត? ឧបមាថា មានខ្មាន់កាំភ្លើងម្នាក់បានឃើញអ្នក ហើយសួរអ្នកថា “អ្នកជាគ្រីស្ទានមែនទេ?” ព្រះបន្ទូលព្រះអាចជួយយើងឲ្យមានសង្ឃឹមឡើង ដើម្បីត្រៀមខ្លួនសម្រាប់ការល្បងលនេះ បានល្អលើសការគិតរបស់យើង។
គឺដូចដែលកណ្ឌគម្ពីរពេត្រុសបានចែងថា “បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ”(១ពេត្រុសស ៤:១៤)។ ត្រង់ចំណុចនេះ សាវ័កពេត្រុសបានលើកទឹកចិត្តយើងថា ក្នុងពេលដែលយើងជួបការគំរាមកំហែងខុសធម្មតា(ទោះជាការជេរប្រទិច ឬសេចក្តីស្លាប់ក្តី) “ព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើ” យើងរាល់គ្នា។ តើការនេះមិនមានន័យថា ព្រះទ្រង់ប្រទានជំនួយពិសេស ក្នុងពេលដែលមានវិបត្តិ ដល់អ្នកដែលរងទុក្ខដោយសារជំនឿទេឬ?
ខ្ញុំមិនចង់មានន័យថា គាត់មិនមានទុក្ខលំបាកដទៃទៀត ដូចយើងនោះទេ។ ខ្ញុំគ្រាន់តែចង់មានន័យថា លោកពេត្រុសកំពុងព្យាយាមពន្យល់យើងថា អ្នកដែលរងទុក្ខ “ដោយសារព្រះនាមព្រះគ្រីស្ទ” និងបានទទួលការសណ្ឋិតនៅជាពិសេស នៃ “ព្រះវិញ្ញាណដ៏មានសិរីល្អ ជាព្រះវិញ្ញាណនៃព្រះ”។
ចូរអធិស្ឋានសូមឲ្យអ្នកទទួលបានបទពិសោធន៍នេះ ពេលដែលការល្បងលមកដល់។ ពេលនោះ ព្រះទ្រង់នឹងប្រទានការស៊ូទ្រាំ លើសពេលណាទាំងអស់។ ចូរសង្ឃឹមឡើង។