ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម។ ១ថែស្សាឡូនិច ៤:១៣
លូអ៊ីស(Louise) ជាក្មេងស្រីសកម្ម គួរឲ្យស្រឡាញ់ ដែលបាននាំមកនូវទឹកមុខញញឹម ដល់មនុស្សទាំងអស់ដែលនាងបានជួប។ កាលនាងមានអាយុ៥ឆ្នាំ នាងមានជំងឺដ៏កម្រមួយ។ ការបាត់បង់ជីវិតរបស់នាង ក្នុងរយៈពេលដ៏ខ្លី បាននាំមកនូវអារម្មណ៍តក់ស្លុត ដល់អ្នកស្រី ដេយ ដេយ(Day Day) និងលោកភីធ័រ(Peter) ជាឪពុកម្តាយ ក៏ដូចជាមិត្តរួមការងារទាំងអស់។ យើងទាំងអស់គ្នាបានសោកសង្រេងជាមួយពួកគាត់ ក្នុងសោកនាដកម្មនេះ។
ប៉ុន្តែ អ្នកស្រីដេយ ដេយ និងលោកភីធ័រ បានរកឃើញកម្លាំង ដើម្បីបន្តដំណើរទៅមុខទៀត។ ពេលខ្ញុំសួរសុខទុក្ខអ្នកស្រីដេយដេយ គាត់បានប្រាប់ខ្ញុំថា គាត់និងស្វាមីគាត់បានរកឃើញកម្លាំង ក្នុងព្រះអម្ចាស់ ដោយផ្តោតចិត្តទៅលើសេចក្តីពិតដែលថា សព្វថ្ងៃនេះ លូអ៊ីសកំពុងតែស្ថិតនៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ នៅនគរស្ថានសួគ៌។ គាត់ថា “យើងមានអំណរ ព្រោះពេលវេលាដែលកូនស្រីរបស់យើងមាននៅលើផែនដីនេះបានអស់ ហើយនាងបានចូលទៅក្នុងជីវិតអស់កល្បជានិច្ចហើយ។ ដោយសារព្រះគុណ និងកម្លាំងមកពីព្រះអម្ចាស់ យើងអាចឆ្លងកាត់ការសោកសង្រេង ហើយបន្តធ្វើកិច្ចការអ្វី ដែលព្រះអង្គបានត្រាស់ហៅឲ្យយើងធ្វើ”។
អ្នកស្រីដេយ ដេយ បានរកឃើញការកម្សាន្តចិត្ត នៅក្នុងការទុកចិត្តលើព្រះទ័យរបស់ព្រះ ដែលបានបើកបង្ហាញអង្គទ្រង់ ក្នុងព្រះយេស៊ូវ។ សេចក្តីសង្ឃឹមស្របតាមព្រះគម្ពីរ គឺលើសពីការមានគំនិតវិជ្ជមាន តែជាការដឹងច្បាស់ ផ្អែកទៅលើសេចក្តីសន្យារបស់ព្រះអម្ចាស់។ ព្រះអង្គមិនដែលធ្វើខុសព្រះបន្ទូលសន្យារបស់ព្រះអង្គឡើយ។ ពេលយើងមានអារម្មណ៍សោកសៅ យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិតដ៏មានអំណាចនេះ គឺដូចដែលសាវ័កប៉ុលបានលើកទឹកចិត្តអ្នកដែលកំពុងសោកសង្រេងថា “ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ”(១ថែស្សាឡូនិច ៤:១៤)។ សូមឲ្យសេចក្តីសង្ឃឹមដ៏ច្បាស់លាស់នេះផ្តល់ឲ្យយើងនូវកម្លាំង និងការកម្សាន្តចិត្តនៅថ្ងៃនេះ គឺសូម្បីតែនៅក្នុងពេលសោកសង្រេងក៏ដោយ។—LESLIE KOH
តើអ្នកអាចទទួលបានកម្លាំងពីព្រះបន្ទូលសន្យាដែលព្រះទ្រង់ប្រទានដល់អ្នកដើរតាមព្រះអង្គ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចផ្តល់ឲ្យនូវការកម្សាន្តចិត្តដូចម្តេចខ្លះ ដល់នរណាម្នាក់ ដែលកំពុងសោកសង្រេង ដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានក្តីសង្ឃឹម និងការកម្សាន្តចិត្តនៅថ្ងៃនេះ។ សូមព្រះអង្គប្រទានកម្លាំងដល់ទូលបង្គំនៅថ្ងៃនេះ ដើម្បីឲ្យទូលបង្គំអាចលើកទឹកចិត្តអ្នកដទៃផងដែរ។
For further study, read Clinging to Hope in the Storm at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៥-៣៦ និង កិច្ចការ ២៥