សេចក្តីជំនឿ ដែលជួយគ្នាទៅវិញទៅមក
រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្តីអធិស្ឋានចុះ។ ១ពេត្រុស ៤:៧ នៅខែមិថុនា ឆ្នាំ១៩៦៥ ក្មេងជំទង់៦នាក់ នៅក្នុងប្រទេសតុងហ្កាន បានជិះទូកក្តោងចេញពីកោះ ដែលជាស្រុកកំណើតរបស់ខ្លួន ដើម្បីធ្វើដំណើរផ្សងព្រេង។ តែនៅពេលដែលខ្យល់ព្យុះបក់បោកមក នៅយប់ដំបូង ដងក្តោង និងកន្សៃរបស់ទូករបស់ពួកគេក៏បានបាក់ ធ្វើឲ្យពួកគេរសាត់អណ្ដែតអស់ជាច្រើនថ្ងៃ ក្នុងសមុទ្រ ដោយគ្មានអាហារ និងទឹកបរិភោគ រហូតដល់ពេលដែលពួកគេបានទៅដល់កោះអាតា ជាកោះដែលគ្មានមនុស្សរស់នៅ។ ១៥ខែក្រោយមក គេក៏បានរកឃើញក្មេងជំទង់ទាំង៦នាក់ នៅលើកោះនោះ។ ក្មេងប្រុសទំាងនោះបានធ្វើការរួមគ្នា នៅលើកោះនោះ ដើម្បីឲ្យអាចមានជីវិតរស់ ដោយបង្កើតច្បារដំណាំតូចមួយ និងចោះប្រហោងនៅក្នុងគល់ឈើ ដើម្បីរក្សាទុកទឹកភ្លៀង ហើយថែមទាំងបង្កើតកន្លែងហាត់ប្រាណទៀតផង។ ពេលដែលពួកគេម្នាក់បានបាក់ជើង ដោយសារធ្លាក់ពីលើជ្រោះ ក្មេងដទៃទៀតក៏បានព្យាបាលជើងគាត់ ដោយប្រើមែកឈើ និងស្លឹកឈើចងអបជើងឲ្យគាត់។ ពួកគេបានដោះស្រាយបញ្ហាជម្លោះផ្សេងៗ ដោយការផ្សះផ្សាគ្នា តាមច្បាប់ដែលពួកគេបានបង្កើត ហើយថ្ងៃនីមួយៗបានចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយការច្រៀងសរសើរដំកើងព្រះ និងការអធិស្ឋាន។ ក្រុមគ្រួសាររបស់ពួកគេបានធ្វើពិធីបុណ្យសពឲ្យពួកគេនៅស្រុកកំណើត ដោយមិនបានដឹងថា ពួកគេនៅមានជីវិតនោះឡើយ។ កាលគេរកឃើញពួកគេនៅលើកោះនោះ ក្រុមគ្រួសាររបស់ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញពួកគេមានសុខភាពល្អ។ ការរស់នៅជាអ្នកជឿព្រះយេស៊ូវ នៅសតវត្សរ៍ទី១ អាចនាំឲ្យមានអារម្មណ៍ឯកោផងដែរ។…
Read article