ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ …មិនមែនដោយការប្រព្រឹត្ត។ អេភេសូរ ២:៨-៩
ខណៈពេលដែលយើងធ្វើការតុបតែង សម្រាប់កម្មវីធីពិសេសនៅព្រះវិហារ ស្រ្តីដែលជាអ្នកមើលការខុសត្រូវ បានរអ៊ូរទាំថា ខ្ញុំខ្វះបទពិសោធន៍។ បន្ទាប់ពីគាត់ដើរចេញទៅបាត់ ស្រ្តីម្នាក់ទៀតក៏បានដើរមករកខ្ញុំ ហើយប្រាប់ខ្ញុំ កុំឲ្យព្រួយបារម្ភអំពីពាក្យសម្តីរបស់គាត់អី ហើយថា គាត់ជាគ្រីស្ទបរិស័ទដែលខ្វះព្រះគុណព្រះ។
ខ្ញុំក៏បានអស់សំណើច។ មិនយូរប៉ុន្មាន ខ្ញុំក៏បានចាប់ផ្តើមប្រើពាក្យនេះ ចំពោះអ្នកដែលមានជម្លោះជាមួយខ្ញុំ។ ជាច្រើនឆ្នាំក្រោយមក ពេលខ្ញុំទៅចូលរួមថ្វាយបង្គំក្នុងព្រះវិហារដដែលនោះ ខ្ញុំក៏បានឮគេជូនដំណឹងមរណៈភាពរបស់គាត់។ លោកគ្រូគង្វាលបានចែកចាយ អំពីរបៀបដែលគាត់បានបម្រើព្រះ ដោយមិនចេញមុខមាត់ ហើយបានដាក់ដង្វាយដោយចិត្តសប្បុរសដល់អ្នកដទៃ។ ខ្ញុំក៏បានទូលសូមព្រះអង្គអត់ទោសឲ្យខ្ញុំ ដែលបានវិនិច្ឆ័យ និងនិយាយដើមគាត់ និងអ្នកដទៃទៀត កាលពីមុន ដោយគិតថា ពួកគេខ្វះព្រះគុណព្រះអង្គ។ សរុបមក ក៏ត្រូវការព្រះគុណព្រះ ដូចអ្នកជឿដទៃទៀតផងដែរ។
ក្នុងបទគម្ពីរ អេភេសូរ ជំពូក២ សាវ័កប៉ុលបានលើកឡើងថា “តាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ”(ខ.៣)។ តែព្រះទ្រង់បានប្រទានយើងនូវអំណោយនៃសេចក្តីសង្គ្រោះ ជាអំណោយដែលយើងមិនសមនឹងទទួល ហើយយើងមិនអាចធ្វើអ្វីមួយ ដើម្បីឲ្យទទួលបានសេចក្តីសង្គ្រោះនោះឡើយ ពុំនោះទេ យើងនឹងអួតខ្លួនមិនខាន(ខ.៩)។
កាលណាយើងចុះចូលនឹងព្រះ ពីពេលមួយទៅពេលមួយ ក្នុងដំណើរជីវិតរបស់យើង ព្រះវិញ្ញាណនឹងធ្វើការ ដើម្បីកែប្រែចារិកលក្ខណៈរបស់យើង ដើម្បីឲ្យគេមើលឃើញចារិកលក្ខណៈរបស់ព្រះគ្រីស្ទ នៅក្នុងការរស់នៅរបស់យើង។ អ្នកជឿម្នាក់ៗសុទ្ធតែត្រូវការព្រះគុណព្រះ តែយើងអាចអរព្រះគុណព្រះអង្គ ដែលតែងតែប្រទានព្រះគុណគ្រប់គ្រាន់ជានិច្ច(២កូរិនថូស ១២:៩)។—XOCHITL DIXON
តើនៅពេលណាខ្លះ អ្នកធ្លាប់បានវិនិច្ឆ័យអ្នកដទៃថា ខ្វះព្រះគុណព្រះ? តើអ្នកត្រូវការព្រះគុណព្រះ ក្នុងផ្នែកណាខ្លះនៃជីវិតអ្នក នៅថ្ងៃនេះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យមានការអធ្យាស្រ័យ ចំពោះអ្នកដទៃ ដោយស្ម័គ្រពីចិត្ត និងដោយសេចក្តីសប្បុរស ដូចដែលព្រះអង្គបានប្រទានព្រះគុណមកទូលបង្គំជាបរិបូរ។
To learn more about how to find peace by forgiving others, visit ODBU.org/courses/SF107.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៣-៤៥ និង កិច្ចការ ២៧:២៧-៤៤