នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

Devotional illustration

រង្វាន់ទាំងប្រាំយ៉ាង សម្រាប់សេចក្តីសប្បុរស

ដោយJohn Piper

July 29, 2023

ខាង​សេចក្តី​ខ្វះខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ ទាំង​ខំប្រឹង​ឲ្យ​មាន​សេចក្តី​ចៅរ៉ៅ​ផង​ចុះ។ រ៉ូម ១២:១៣ តើ​យើង​នឹង​ទទួល​រង្វាន់​អ្វី បើ​យើង​បាន​ទុកចិត្ត​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ និង​ដាក់​ដង្វាយ​ឲ្យ ដោយ​ស្ម័គ្រ​ពីចិត្ត ហើយ​បើក​ទ្វារផ្ទះ​ស្វាគមន៍​គ្នា​ទៅវិញទៅមក និង​ស្វាគមន៍​អ្នកក្រ​ខ្សត់?

  • ១) ការ​រងទុក្ខ​របស់​ពួក​បរិសុទ្ធ​នឹង​មាន​ភាព​ធូរស្រាល ឬ​យ៉ាង​ហោច​ណាស់ មានការ​ថយ​ចុះ។ នេះ​ជា​អត្ថន័យ​នៃ​ខគម្ពីរ​នេះ ដែល​បាន​ចែងថា “ខាង​សេចក្តី​ខ្វះខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ”។ យើង​លើក​បន្ទុក​របស់​ពួក​គេ។ យើង​នាំឲ្យ​ពួក​គេ​បាត់​​​ស្រ្តេស។ យើង​នាំឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ឡើង។ នោះ​ហើយ​ជា​រង្វាន់!
  • ២) យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ក្តី​សង្ឃឹម​របស់​ព្រះ។ “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ ការ​ដាក់​ដង្វាយ​ឲ្យ​គេ ដោយ​ស្ម័គ្រ​ពីចិត្ត និង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ គឺ​បាន​បង្ហាញ​សិរីល្អ និង​សេចក្តីល្អ និង​តម្លៃ​របស់​ព្រះ ក្នុង​ជីវិត​អ្នក។ មូលហេតុ​ដែល​ព្រះ​ទ្រង់ប្រទាន​ឲ្យ​យើង​មាន​លុយ និង​ផ្ទះ គឺ​ដើម្បីឲ្យ​យើង​អាច​ប្រើ ឲ្យ​គេ​មើលឃើញ​ថា ពួក​វា​មិនមែន​ជា​របស់​យើង តែ​ជា​របស់​ព្រះអង្គ។ តែ​ព្រះអង្គ​ជា​ព្រះ​របស់​យើង។ និង​ជា​កំណប់ទ្រព្យ​របស់​យើង។
  • ៣) យើង​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​អរព្រះគុណ​ព្រះ។ “ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិនមែន​គ្រាន់តែ​បំពេញ​សេចក្តី​ដែលគេ​ត្រូវការ​ប៉ុណ្ណោះ គឺ​បាន​ចំរើន​ឡើងជា​ហូរហៀរ​ដល់​ព្រះ​ដែរ ដោយសារ​ពាក្យ​គេ​អរព្រះគុណ​ជាច្រើន”(២កូរិនថូស ៩:១២)។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ប្រាក់កាស និង​ផ្ទះសម្បែង មិនគ្រាន់​តែ​ដើម្បីឲ្យ​យើង​អរព្រះគុណ​ព្រះអង្គ​ប៉ុណ្ណោះទេ តែ​ដើម្បីឲ្យ​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​ការ​ស្វាគមន៍ ដែល​នាំឲ្យ​មនុស្សជា​ច្រើន​អរព្រះគុណ​ព្រះ​ផង​ដែរ។
  • ៤) មានការ​បញ្ជាក់ អំពី​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះអង្គ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដែល​មាន​ក្នុង​យើង។ “បើ​អ្នកណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ ហើយ​ឃើញ​បងប្អូន​ណា​ដែល​ខ្វះខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូចម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិតនៅ​ក្នុង​អ្នកនោះ​បាន?”(១យ៉ូហាន ៣:១៧)។ បាន​សេចក្តី​ថា ពេលណា​យើង​ដាក់​ដង្វាយ ដោយចិត្ត​សប្បុរស ហើយ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ នោះ​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ មាន​ក្នុង​ជីវិត​យើង។ យើង​ជា​អ្នកជឿ​ពិតប្រាកដ មិនមែន​ជា​គ្រីស្ទបរិស័ទ​តែ​សម្បក​ក្រៅ​នោះ​ឡើយ។
  • ៥) រង្វាន់​ចុងក្រោយ​គឺ យើង​សន្សំទ្រព្យ​នៅ​ស្ថានសួគ៌។ “ចូរ​លក់​របស់​ដែល​អ្នករាល់គ្នា​មាន​ទាំងប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ … ព្រោះ​សម្បត្តិ​ទ្រព្យ​អ្នក​នៅកន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិតនៅ​កន្លែង​នោះ​ឯង”(លូកា ១២:៣៣-៣៤)។
ការ​ដាក់​ដង្វាយ​ឲ្យ​គេ ដោយ​ស្ម័គ្រ​ពីចិត្ត និង​ការ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ ស្ថិតនៅ​ក្បែរ​ចំណុច​ស្នូល​នៃ​ជីវិត​ក្នុង​ព្រះគ្រីស្ទ។ មូលហេតុ​ដែល​យើង​មិន​បើក​កាបូប​លុយ និង​ទ្វារផ្ទះ​យើង ឲ្យបាន​ញឹកញាប់ តាមការគួរ គឺ​ដោយសារ​យើង​បាន​ចាក់ឫស​នៅក្នុង​ចំណង​នៃ​ការភ័យខ្លាច និង​ភាព​លោភលន់។ ដំណោះស្រាយ គឺ​ត្រូវ​អរ​សប្បាយ​នឹង​ព្រះវ​ត្ត​មាន​ព្រះគ្រីស្ទ និង​ភាព​ច្បាស់លាស់​នៃ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ដែល​បាន​សន្យា​ថា “ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំងអស់ ដែល​អ្នករាល់គ្នា​ត្រូវការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៤:១៩)។ រង្វាន់​របស់​យើង គឺជា​ការ​បង្ហាញ​ឲ្យ​គេ​ឃើញ​សិរីល្អ​របស់​ព្រះ សេចក្តីល្អ​របស់​អ្នកដទៃ និង​ក្តី​អំណរ​នៃ​ការ​ទទួល​ព្រះគ្រីស្ទ​ជា​កំណប់ទ្រព្យ​ជា​រៀង​រហូត។ ដូចនេះ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក ឲ្យ “បំពេញ​តម្រូវការ​របស់​ពួក​បរិសុទ្ធ ហើយ​ព្យាយាម​បង្ហាញ​ចេញ​នូវ​ភាព​ចៅរ៉ៅ​ដល់​អ្នកដទៃ”។

ប្រភេទ

ល្ងាច

ស្វែងរកកន្លែងស្ងប់ស្ងាត់

ស្វែងរកកន្លែងស្ងប់ស្ងាត់

ដោយBill Crowder

July 29, 2023

តែ​ទ្រង់​ថយចេញ​ទៅ​ឯ​ទីស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។ លូកា ៥:១៦ ក្រុង​គ្រី​ន ប៊ែង ក្នុង​ភាគ​ខាងលិច​នៃ​រដ្ឋ​វើ​ជី​នា ជា​សហគមន៍​តូច​មួយ ក្នុង​តំបន់​ជួរភ្នំ​អាផាឡាជាន ដែល​មាន​ថ្ម​ធំៗ​ច្រើន។ ក្រុង​មួយ​នេះ​មាន​លក្ខណៈ​ដូច​ក្រុង​តូចៗ​រាប់​សិប​ទៀត ក្នុង​តំបន់​នោះ តែ​ខុសប្លែក​ខ្លាំង​បំផុត នៅត្រង់​ចំណុច​ដែល​ថា ប្រជាជន​ទាំង១៤២នាក់ ក្នុង​ទីក្រុង​នេះ មិន​មាន​អ៊ីនធឺណិត​ប្រើ​ទេ។ មូលហេតុ​គឺ​ដោយសារ​សេ​វា​អ៊ីនធឺណិត​វ៉ាយហ្វា​យ ឬ​អង់តែន​ទូរស័ព្ទ អាច​នាំឲ្យមាន​ការ​រំខាន​ដល់​មន្ទីរ​សង្កេត​មើល​ផ្កាយ​គ្រីនប៊ែង ដែល​មាន​កែវ​យឺត​មើល​ផ្កាយ ដែល​តែងតែ​ពិនិត្យមើល​ផ្ទៃមេឃ​ជានិច្ច។ ហេតុនេះ​ហើយ ក្រុង​គ្រីន​ប៊ែង​ស្ថិត​ក្នុងចំណោម​ទីកន្លែង​ដែល​មាន​ភាព​ស្ងប់ស្ងាត់​បំផុត​ខាង​ផ្នែក​បច្ចេកវិទ្យា ក្នុង​តំបន់​អាមេរិក​ខាងជើង។ ជួនកាល ភាព​ស្ងប់ស្ងាត់​ជា​បរិ​យា​កាល​ដែល​អំណោយផល​បំផុត ដល់​ការ​រីក​ចម្រើន​ឈាន​ទៅ​មុខ ជាពិសេស ក្នុង​ការ​ប្រកប​ទាក់ទង​របស់​យើង​ជាមួយ​ព្រះអង្គ។ ព្រះយេស៊ូវ​បាន​ធ្វើជា​គំរូ​នៃ​ការ​ប្រកប​ជាមួយ​ព្រះវរបិតា ដោយ​យាង​ទៅ​កន្លែង​ស្ងប់ស្ងាត់​តែ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ ក្នុង​បទ​គម្ពីរ លូកា ៥:១៦ យើង​ឃើញថា “ទ្រង់​ថយចេញ​ទៅ​ឯ​ទីស្ងាត់ ដើម្បី​អធិស្ឋាន”។ ព្រះយេស៊ូវ​បាន​អនុវត្ត​ដូចនេះ​ជា​ញឹកញាប់ ធ្វើជា​គំរូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​យើង។ បើ​ព្រះ​អាទិករ​នៃ​ចក្រវាល បាន​ជ្រាប​ច្បាស់​ថា ព្រះអង្គ​ត្រូវ​ប្រកប​ជាមួយ​ព្រះវរបិតា នោះ​យើង​ត្រូវ​ចំណាយពេល​ជាមួយ​ព្រះ​អង្គ​ច្រើន​ជាង​អម្បាលម៉ាន​ទៀត។ ការ​ទៅ​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​មាន​ភាព​ស្រស់ថ្លា​ឡើងវិញ ក្នុង​ព្រះ​វត្ត​មាន​ព្រះ ជួយ​ឲ្យ​យើង​អាច​បន្តដំណើរ​ទៅមុខ​ទៀត ដោយ​កម្លាំង​ដែល​ព្រះអង្គ​ប្រទាន​ជាថ្មី។ តើ​អ្នក​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអម្ចាស់ នៅកន្លែង​ណាខ្លះ ក្នុង​ពេល​សព្វថ្ងៃ​នេះ?—BILL CROWDER

តើ​មាន​កត្តា​អ្វីខ្លះ ដែល​អាច​រំខាន​ការ​ចំណាយពេល​អធិស្ឋាន​របស់​អ្នក? តើ​ការ​ជ្រើសរើស​កន្លែង​ស្ងប់ស្ងាត់​ឲ្យ​បាន​ច្បាស់លាស់ មាន​ប្រយោជន៍​យ៉ាងណា​ខ្លះ ចំពោះ​ការ​ផ្ដោត​ចិត្ត ក្នុង​ការអធិស្ឋាន?

ឱ​ព្រះ​វរបិតា ជួនកាល សម្លេង​រំខាន​ក្នុង​ការរស់នៅ ក្នុង​លោកិយ​នេះ បាន​រារាំង និង​បង្វែរ​ចិត្ត​ទូលបង្គំ មិន​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គ និង​មិន​ឲ្យ​ចំណាយពេល​ជាមួយ​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​រក​ឃើញ​កន្លែង ដែល​ទូលបង្គំ​អាច​ចំណាយ​ពេល​ស្ងាត់ស្ងៀម​ផ្ទាល់ខ្លួន ជា​មួយ​ព្រះ​វត្ត​មាន​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។

For further study, see Talking with My Father: Jesus Teaches on Prayer at DiscoverySeries.org​/HP171.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៩-៥០ និង រ៉ូម ១