ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តដែលអញប្រាប់នៅត្រចៀកឯងរាល់គ្នាក្នុងថ្ងៃនេះចុះ ដើម្បីឲ្យបានរៀន ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមទាំងអស់។ ចោទិយកថា ៥:១
កាលប៉ុន្មានឆ្នាំមុន រថភ្លើង១ខ្សែដឹកអ្នកដំណើរ ២១៨ នាក់ បានបើកធ្លាក់ផ្លូវ ក្នុងភាគពាយព្យនៃប្រទេសអេស្ប៉ាញ បណ្តាលឲ្យមនុស្ស៧៩នាក់បាត់បង់ជីវិត និង៦៦នាក់របួស។ អ្នកបើកបររថភ្លើងមិនអាចធ្វើការបកស្រាយថា គ្រោះថ្នាក់នេះបានកើតឡើងដោយរបៀបណាទេ តែកាំមីរ៉ាសុវត្ថិភាពក៏បានបង្ហាញការពិត។ រថភ្លើងនោះបានបើកបរក្នុងល្បឿនលឿនពេក មុនពេលវាបើកកាត់តាមផ្លូវកោងខ្លាំង។ គេបានដាក់ល្បឿនកំណត់សម្រាប់ឲ្យរថភ្លើងបើកបរ ដើម្បីការពារមនុស្សទាំងអស់នៅលើរថភ្លើង។ អ្នកបើកបររូបនោះមានបទពិសោធន៍ធ្វើការឲ្យក្រុមហ៊ុនអយស្ម័យយានអេស្ប៉ាញ៣០ឆ្នាំ តែទោះជាយ៉ាងណាក៏ដោយ គាត់បានព្រងើយកន្តើយ ចំពោះល្បឿនដែលគេបានកំណត់ ហើយមនុស្សជាច្រើនបានបាត់បង់ជីវិត ដោយសារការធ្វេសប្រហែសរបស់គាត់។
ក្នុងបទគម្ពីរ ចោទិយកថា ជំពូក៥ លោកម៉ូសេបានរំឭកអំពីដែនកំណត់ ដែលព្រះទ្រង់បានដាក់ឲ្យរាស្រ្តព្រះអង្គ ក្នុងក្រឹត្យវិន័យកាលពីដើម។ លោកម៉ូសេបានលើកទឹកចិត្តមនុស្សជំនាន់ថ្មី ឲ្យយកចិត្តទុកដាក់ ចំពោះសេចក្តីបង្គាប់របស់ព្រះអង្គ តាមសេចក្តីសញ្ញាដែលពួកគេបានតាំងជាមួយព្រះអង្គ(ខ.៣) ហើយបន្ទាប់មក គាត់ក៏បានអានក្រឹត្យវិន័យ១០ប្រការឲ្យពួកគេស្តាប់សារជាថ្មី(ខ.៧,២១)។ តាមរយៈការអានក្រឹត្យវិន័យឡើងវិញ និងការរំឭកមេរៀន ដែលទទួលបានពីកំហុសរបស់មនុស្សជំនាន់មុន លោកម៉ូសេបានអញ្ជើញពួកអ៊ីស្រាអែល ឲ្យមានការកោតខ្លាច បន្ទាបខ្លួន និងនឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះ។ ព្រះទ្រង់បានទុកផ្លូវឲ្យរាស្រ្តព្រះអង្គដើរ ដើម្បីកុំឲ្យពួកគេបំផ្លាញជីវិតខ្លួនឯង ឬបំផ្លាញជីវិតអ្នកដទៃនោះឡើយ។ បើពួកគេមិនអើពើចំពោះប្រាជ្ញា ដែលព្រះអង្គប្រទាន ពួកគេនឹងជួបគ្រោះថ្នាក់។
នៅថ្ងៃនេះ ខណៈពេលដែលព្រះទ្រង់ដឹកនាំយើង ចូរយើងអរសប្បាយចំពោះព្រះបន្ទូល ការដឹកនាំ និងការពាររបស់ព្រះអង្គ មិនឲ្យយើងដើរខុសផ្លូវ។ ហើយខណៈពេលដែលព្រះវិញ្ញាណដឹកនាំយើង យើងអាចបន្តដើរតាមផ្លូវព្រះអង្គយ៉ាងខ្ជាប់ខ្ជួន នៅក្រោមការការពារប្រកបដោយប្រាជ្ញារបស់ព្រះអង្គ ហើយថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ អស់ពីចិត្ត។—MARVIN WILLIAMS
តើព្រះទ្រង់បានដាក់ព្រំដែនហាក់ដូចជាតឹងរឹង នៅត្រង់ចំណុចណាខ្លះ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា មិនសូវមានសេរីភាព? តើការដាក់ព្រំដែនរបស់ព្រះអង្គ បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះអ្នកយ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញសេចក្តីស្រឡាញ់ ចំពោះព្រះអង្គ តាមរយៈការស្តាប់បង្គាប់របស់ទូលបង្គំ។
For further study, read God Is Love: Reflection on the Character of God at DiscoverySeries.org/Q0612.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៤-៥៦ និង រ៉ូម ៣