នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្វើបន្ទាល់ពីសិរីល្អរបស់ព្រះ

ធ្វើបន្ទាល់ពីសិរីល្អរបស់ព្រះ

ដោយUltimately with R.C. Sproul

August 1, 2023

ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ ដើម្បី​នាំឲ្យ​គេ​ស្គាល់​សិរីល្អ​របស់​ព្រះ​អាទិករ​របស់​យើង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​បកស្រាយ អំពី​ការ​ត្រាស់​ហៅ​នេះ ដែល​បាន​បង្ហាញ​ទិសដៅ និង​គោលដៅ​ធំ​បំផុត​នៃ​ការរស់នៅ​របស់​យើង​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​សមត្ថភាព​ពិសេស ដើម្បី​ឆ្លុះបញ្ចាំង និង​នាំឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​។ បាន​សេចក្តី​ថា ក្នុងនាម​អ្នក​ជា​មនុស្ស ព្រះ​អាទិករ​បាន​រចនា និង​បង្កើត​អ្នក​មក ព្រមទាំង​ប្រទាន​សមត្ថភាព​យ៉ាង​ផ្ចិតផ្ចង់ ដើម្បីឲ្យ​អ្នក​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​អង្គ ក្នុង​ជីវិត​អ្នក។ អ្នក​មិន​មាន​សេចក្តី​បរិសុទ្ធ​ដោយខ្លួនឯង​បាន​ឡើយ។ ព្រះ​ទ្រង់​មាន​សេចក្តី​បរិសុទ្ធ ដោយខ្លួនឯង។ តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក ជា​ស្នា​ព្រះហស្ត​ព្រះអង្គ ឲ្យ​ធ្វើ​បន្ទាល់​ពី​ព្រះអង្គ ឲ្យ​ឆ្លុះបញ្ចាំង និង​នាំឲ្យ​លោកិយ​ទាំងមូល​បាន​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​ឲ្យបាន​ច្បាស់។ តើ​ព្រះយេស៊ូវ​មិន​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា តាមរយៈ​ការ​ស្តាប់​បង្គាប់​ដ៏​ឥត​ខ្ចោះ​ចំពោះ​ព្រះវរបិតា​ទេ​ឬ? តើ​ព្រះអង្គ​មិនបាន​បំពេញ​គោលបំណង និង​គោលដៅ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​ទេ​ឬ? ហេតុនេះ​ហើយ​បាន​ជា​ទេវវិទូ​ជាច្រើន​បាន​លើកឡើង​ថា ព្រះយេស៊ូវ​ជា​មនុស្ស​ជាតិ​ថ្មី ហើយ​សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា ព្រះអង្គ​ជា​អ័ដាម​ទី២ ដែល​ភាព​ពេញលេញ​របស់​ព្រះ បាន​សណ្ឋិត​នៅក្នុង​ទ្រង់ ទាំង​មាន​រូបអង្គ​ផង។ តែ​ជាង​នេះ​ទៅទៀត ព្រះអង្គ​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់។ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅកាន់​ពួក​សាវ័ក​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ”។ ត្រង់​ចំណុច​នេះ យើង​ត្រូវ​មានការ​ប្រុងប្រយ័ត្ន។ ខ្ញុំ​មិនមែន​កំពុងតែ​និយាយ​ថា ភាពជា​ព្រះ បាន​កើតមាន​ជា​បន្ថែម​ទៀត នៅក្នុង​យើង តាមរបៀប​ណាមួយ​នោះ​ទេ។ តើ​អ្នកចាំ​ពេល​ដែល​លោក​ម៉ូសេ​ឡើងភ្នំ ហើយ​បាន​ជជែក​ជាមួយ​ព្រះ មុខ​ទល់នឹង​មុខ​ទេ? គឺ​មិនមែន​គាត់​បានឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ​នោះ​ទេ តែ​បានឃើញ​ខ្នង​របស់​ព្រះអង្គ​វិញ ខណៈ​ពេល​ដែល​ព្រះអង្គ​បាន​លាក់​គាត់ នៅ​ពីក្រោយ​ថ្ម។ តើ​អ្នកចាំ​ទេ? ពេល​គាត់​ចុះពី​លើ​ភ្នំ​វិញ តើមាន​រឿង​អ្វី​កើតឡើង? មុខ​របស់​គាត់​ក៏បាន​បញ្ចេញ​ពន្លឺ។ មាន​ពន្លឺ​ភ្លឺចិញ្ចាច​បាន​ចាំ​ផ្លាត​នៅ​លើ​មុខ​លោក​ម៉ូសេ។ តើ​ពន្លឺ​ដ៏​រុងរឿង​នោះ ស្រាប់តែ​បាន​បាញ់​ចេញពី​អ្នកគង្វាល​ម្នាក់​នេះ តាម​ស្បែក​របស់​គាត់ ដែល​នាំ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​អាច​មើលឃើញ​ពន្លឺ របស់​លោក​ម៉ូសេ​ជាលើកដំបូង​ឬ? អ្នកដឹង​ហើយ​ថា រឿង​នេះ​មិន​ដូច្នោះ​ទេ។ អ្វី​ដែល​បាន​កើតឡើង​ចំពោះ​លោក​ម៉ូសេ គឺ​ដោយសារ​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​នឹង​ព្រះអង្គ ហើយ​ហ៊ុមព័ទ្ធ ដោយ​សិរីល្អ​ព្រះ បាន​ជា​សិរីល្អ​នោះ​នៅតែ​ចាំង​ផ្លាត​នៅ​លើ​មុខ​គាត់ ពេល​គាត់​ចុះពី​លើ​ភ្នំ។ ពន្លឺ​នោះ​ភ្លឺ​ខ្លាំង​ណាស់ បាន​ជា​ពួក​បណ្តាជន​លាក់មុខ​របស់​ខ្លួន និង​ថយក្រោយ​ដោយ​ការ​ប្រុងប្រយ័ត្ន ហើយ​ស្រែក​ប្រាប់​លោក​ម៉ូសេ​ឲ្យ​យក​អ្វី​មក​គ្របមុខ​របស់​ខ្លួន។ យើង​មិន​អាច​មើល​សិរីល្អ​របស់​ព្រះ​ដោយ​ផ្ទាល់​បាន​ទេ ព្រោះ​យើង​នឹង​ស្លាប់​មិនខាន។ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​មើលឃើញ​ព្រះ ហើយ​នៅ​មានជីវិត​រស់​បាន​ឡើយ តែ​សូម្បីតែ​ពន្លឺ​នៃ​សិរីល្អ​ដែល​បាន​ចាំង​ផ្លា​ត ក៏​យើង​មិន​អាច​មើល​បាន​ដែរ។ ហេតុនេះ​ហើយ​បាន​ជា​លោក​ម៉ូសេ​ត្រូវ​យក​ស្បៃ​មក​គ្របមុខ​គាត់។ គោលដៅ​ខ្ពស់​បំផុត​របស់​គ្រីស្ទបរិស័ទ ជា​មូលហេតុ​ដែល​យើង​រស់នៅ មាន​ចលនា និង​មាន​សេចក្តី​សង្ឃឹម​ដ៏​អស្ចារ្យ​បំផុត នៃ​ជីវិត​គ្រីស្ទបរិស័ទ គឺ​ដើម្បីឲ្យ​បាន “ឃើញ​ព្រះ”។ គឺ​មិនគ្រាន់​តែ​ដើម្បី​ឲ្យ​បានឃើញ​មុខ​របស់​លោក​ម៉ូសេ ដែល​ជា​ការ​ឃើញ​សិរីល្អ​របស់​ព្រះ​ដោយ​ប្រយោល តែ​ក៏​ដើម្បីឲ្យ​បានឃើញ​សិរីល្អ​នៃ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ហើយ​នាំឲ្យ​គេ​ស្គាល់​សិរីល្អ​របស់​ព្រះអង្គ​ផង​ដែរ។  

ប្រភេទ

ល្ងាច

មានជំនឿដូចក្មេងៗ

មានជំនឿដូចក្មេងៗ

ដោយKatara Patton

August 1, 2023

សូមអាន លូកា ១៨:១៥-១៧ ទ្រង់...មាន​ព្រះ​បន្ទូល​ថា ទុក​ឲ្យ​កូន​តូចមកឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់វា​ឡើយ​។ លូកា ១៨:១៦ ខណៈ​ពេល​ដែល​ជីដូន​ចិញ្ចឹម​របស់​យើង​កំពុង​សម្រាក​ព្យាបាល នៅ​លើ​គ្រែ ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់ពី​គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ច្រើន​លើក គ្រូ​ពេទ្យ​មិន​ដឹង​ថា ខួរ​ក្បាល​របស់​គាត់​មាន​ការខូចខាត​កំរិត​ណា​ទេ​។ ពួកគេ​ចាំ​បាច់​ត្រូវ​រង់​ចាំ​ឲ្យ​សុខ​ភាព​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្តិច មុន​នឹង​ធ្វើ​តេស្ដ​មក​លើ​មុខងារ​របស់​ខួរ​ក្បាល​គាត់​។ គាត់​អាច​និយាយ​បាន​តិច​ណាស់ ហើយ​យើង​ក៏​កាន់តែ​ពិបាក​យល់​ពាក្យ​ដែល​គាត់​និយាយ​។ គាត់​មាន​អាយុ៨៦ឆ្នាំ​ហើយ ហើយក៏​បាន​មើលថែ​កូន​ស្រី​របស់​ខ្ញុំ​អស់​រយៈ​ពេល​១២​ឆ្នាំ​។ ពេល​គាត់​ឃើញ​ខ្ញុំ គាត់​ក៏​បាន​បើក​បបូរ​មាត់​ដែល​ប្រេះ​ស្ងួត សួរ​ខ្ញុំ​ថា “ចៅ​ខាយឡា(Kayla) សុខ​សប្បាយ​ជា​ទេ?” ដូច​នេះ ពាក្យ​សម្ដី​ដំបូង​បំផុត ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ ​ចាប់​តាំង​ពី​ពេល​គាត់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ គឺ​ជា​ពាក្យ​សួរ​សុខ​ទុក្ខ​កូន​ស្រី​ខ្ញុំ ជា​មនុស្ស​ដែល​គាត់​ស្រឡាញ់​ពេញ​បេះដូង​។ ព្រះយេស៊ូវ​ក៏​ស្រឡាញ់​ក្មេងៗ​ផង​ដែរ ហើយក៏​បាន​ឲ្យ​ពួក​គេ​ចូល​មក​រក​ព្រះអង្គ ទោះ​ពួក​សាវ័ក​ព្រះអង្គ​មិន​ចង់​ឲ្យ​ពួក​គេ​ចូល​មក​ក្បែរ​ព្រះអង្គ​ក៏ដោយ​។ ឪពុក​ម្តាយ​ខ្លះ​បាន​នាំ​កូនៗ​របស់​ខ្លួន ចូល​ទៅ​រក​ព្រះយេស៊ូវ​។ ព្រះអង្គ​ក៏បាន​សម្រេច​ព្រះទ័យ​ប្រទាន​ពរ​ក្មេងៗ​ទាំង​នោះ ដោយ​ដាក់​ព្រះ​ហស្ត​លើ​ពួកគេ(លូកា ១៨:១៥)។ ប៉ុន្តែ មិនមែន​គ្រប់​គ្នា​សុទ្ធតែ​សប្បាយ​ចិត្ត ពេល​បាន​ឃើញ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ក្មេង​តូចៗ​ទាំង​នោះ​ទេ​។ ពួក​សាវ័ក​ក៏បាន​ស្តី​បន្ទោស​ឲ្យ​ឪពុក​ម្តាយ​ទាំង​នោះ ហើយក៏​បាន​ប្រាប់​ពួកគេ​មិន​ឲ្យ​មក​រំខាន​ព្រះយេស៊ូវ​ទៀត​។ ប៉ុន្តែ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ​បន្ទូល​ថា “ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ”(ខ.១៦)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង ទទួល​នគរ​ព្រះ ដូច​ក្មេងៗ​ដែល​ចូល​មក​រក​ព្រះអង្គ គឺ​ដោយ​ការ​ពឹង​ផ្អែក ការ​ទុកចិត្ត និង​ភាព​ស្មោះ​ត្រង់​ដ៏​សាមញ្ញ​។ ក្មេងៗ​កម្រ​លាក់ពុត​ណាស់​។ តាម​ធម្មតា ការ​អ្វី​ដែល​ពួកគេ​បាន​បង្ហាញ​ចេញ​មក គឺជា​ការ​ពិត​។ ខណៈ​ពេល​ដែល​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌​ជួយ​យើង​ឲ្យ​មាន​ជំនឿ ដូច​ក្មេងៗ សូម​ឲ្យ​សេចក្តី​ជំនឿ និង​ការ​ពឹង​ផ្អែក​របស់​យើង ទៅលើ​ព្រះអង្គ មាន​ការ​បើក​ចំហ​ដូច​ក្មេងៗ​ផង​ដែរ​។—Katara Patton

តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​យក​តម្រាប់​តាម​ភាព​ស្មោះ​ត្រង់​របស់​ក្មេង ក្នុង​ទំនាក់​ទំនង​របស់​អ្នក ជាមួយ​ព្រះ?

តើ​អ្នក​បាន​នាំ​ព្រះពរ​ដល់​ក្មេងៗ​ក្នុង​គ្រួសារ និង​សហគមន៍​របស់​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ការ​បើកចំហ និង​ស្មោះ​ត្រង់ ដូច​ក្មេងៗ ខណៈ​ពេល​ដែល​ទូល​បង្គំ​ទទួល​នគរ​ព្រះអង្គ​។

For further study, read Heart, Soul, and Mind: Raising Kids to Know and Love God at DiscoverySeries.org/Q0821.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៥៧-៥៩ និង រ៉ូម ៤