សូមអាន អេសេគាល ៣៤:១-២,៧-១២
វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល …ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយណាដែលឈឺ នោះមិនបានមើលឲ្យជាទេ។ អេសេគាល ៣៤:២,៤
ប្រពៃណីដែលគួរឲ្យរីករាយបំផុត ក្នុងកីឡាបាល់ទាត់មហាវិទ្យាល័យ ប្រហែលជាបានកើតឡើង នៅសកលវិទ្យាល័យអាយអូវ៉ា សហរដ្ឋអាមេរិក។ គេបានសង់មន្ទីរពេទ្យកុមារមួយកន្លែង នៅជិតពហុកីឡាដ្ឋានឃីនីក របស់រដ្ឋអាយអូវ៉ា ហើយនៅលើជាន់ខ្ពស់ជាងគេរបស់អគារមន្ទីរពេទ្យនេះ មានបង្អួចកញ្ចក់ធំៗលាតសន្ធឹងពីកម្រាលឥដ្ឋដល់ពិដាន ដែលអាចឲ្យគេមើលការប្រកួតពីបន្ទប់ទាំងនេះបានច្បាស់។ នៅថ្ងៃប្រកួត ក្មេងៗដែលមានជំងឺ និងក្រុមគ្រួសាររបស់ពួកគេបានទៅផ្តុំគ្នាពេញជាន់ខាងលើនោះ ដើម្បីទស្សនាការប្រកួតក្នុងពហុកីឡាដ្ឋាន ហើយនៅចុងបញ្ចប់នៃតង់ទីមួយ គ្រួបង្វឹក និងកីឡាករបាល់ទាត់ និងទស្សនិកជនរាប់ពាន់នាក់ បាននាំគ្នាងាកមករកមន្ទីរពេទ្យនោះទាំងអស់គ្នា ហើយក៏បានគ្រវីដៃដាក់មនុស្សដែលកំពុងទស្សនាពីក្នុងមន្ទីរពេទ្យនោះ។ ពេលនោះ ភាពសប្បាយរីករាយក៏បានបង្ហាញចេញមកនៅលើផ្ទៃមុខក្មេងៗទាំងឡាយ ដែលកំពុងមានជំងឺ។ ខ្ញុំមានការប៉ះពាល់ចិត្តណាស់ ពេលដែលបានឃើញកីឡាករ និងទស្សនិកជនរាប់ពាន់នាក់ បានផ្អាកអ្វីៗដែលពួកគេកំពុងធ្វើមួយភ្លែត ដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះកុមារទាំងអស់នោះ។
ព្រះគម្ពីរបានបង្គាប់ដល់អ្នកខ្លាំង ឲ្យយកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ ជួយយកអសារអ្នកដែលកំពុងជួបការលំបាក ហើយថែទាំអ្នកជំងឺ។ តែមានពេលជាញឹកញាប់ពេកហើយ ដែលយើងមិនបានអើពើចំពោះអ្នកដែលកំពុងត្រូវការជំនួយ(អេសេគាល ៣៤:៦)។ ហោរាអេសេគាលបានស្តីបន្ទោសឲ្យអ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល ដោយសារពួកគេមានចិត្តអាត្មានិយម ដោយមិនខ្វល់អំពីអ្នកដែលកំពុងត្រូវការជំនួយ។ ព្រះទ្រង់ក៏បានមានបន្ទូលតាមរយៈហោរាអេសេគាលថា “វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល …ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយសត្វណាដែលឈឺ នោះមិនបានមើលឲ្យជាទេ”(ខ.២,៤)។
តើប៉ុន្មានដងហើយដែលភាពអាត្មានិយម ការដឹកនាំដែលពុករលួយ ឬភាពលោភលន់ បាននាំឲ្យមនុស្សមិនអើពើ ចំពោះអ្នកដែលកំពុងជួបទុក្ខលំបាក? ព្រះទ្រង់បានបង្គាប់យើងឲ្យដើរតាមផ្លូវផ្ទុយពីនេះ ដែលក្នុងនោះ អ្នកខ្លាំង ត្រូវមើលថែអ្នកទន់ខ្សោយ(ខ.១១-១២)។—Winn Collier
តើអ្នកបានឃើញអ្នកដឹកនាំមានការយកចិត្តទុកដាក់ចំពោះមនុស្សទន់ខ្សោយដូចម្តេចខ្លះ? តើពួកគេបានព្រងើយកន្តើយចំពោះអ្នកទន់ខ្សោយដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបង្រៀនទូលបង្គំ ឲ្យចេះស្រឡាញ់ តាមគំរូព្រះអង្គ។
For further study, read Going the Extra Mile: Learning to Serve like Jesus at DiscoverySeries.org/Q0227.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦០-៦២ និង រ៉ូម ៥