គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ . . . គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង និងកន្លែងដែលមុខគេក្នុងសាលាប្រជុំ ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង។ ម៉ាថាយ ២៣:៥-៧
ការមានចិត្តរមាស់ចង់ឲ្យគេគំនាប់ខ្លួន គឺជាការស្រេកឃ្លានចង់ឲ្យគេសរសើរខ្លួន។ បើយើងស្វែងរកការសប្បាយ នៅក្នុងការមានអារម្មណ៍ថា ខ្លួនឯងមានភាពគ្រប់គ្រាន់ នោះយើងនឹងមិនមានការស្កប់ចិត្តឡើយ បើគ្មានអ្នកដទៃមើលឃើញ និងអបអរភាពគ្រប់គ្រាន់របស់យើងទេនោះ។
ហេតុនេះហើយ ព្រះយេស៊ូវបានរៀបរាប់អំពីពួកអាចារ្យ និងពួកផារិស៊ី ក្នុងបទគម្ពីរម៉ាថាយ ២៣:៥ ថា “គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ”។
តើរឿងនេះមិនចម្លែកទេឬ? តើអ្នកមិនគិតថា មនុស្សដែលមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួន គួរតែមិនត្រូវការការសរសើរពីអ្នកដទៃទេឬ? នោះហើយជាអត្ថន័យនៃ “ភាពគ្រប់គ្រាន់”។ តែមានភស្តុតាងបញ្ជាក់ថា ការមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួន មានភាពចន្លោះប្រហោង។
ព្រះមិនបានរចនាខ្លួនយើងមក ឲ្យបំពេញចិត្តខ្លួនឯង ឬពឹងផ្អែកលើខ្លួនឯងនោះទេ។ យើងមិនអាចជួយខ្លួនឯងឲ្យមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនបានឡើយ។ យើងមិនមែនជាព្រះទេ។ ព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ។ ភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនមិនបានធ្វើឲ្យយើង “មានលក្ខណៈដូច” ព្រះអង្គឡើយ។ ដូចនេះ វិញ្ញាណដែលព្យាយាមស្វែងរកភាពគ្រប់គ្រាន់ ដោយពឹងអាងខ្លួនឯង គឺតែងតែមានភាពចន្លោះប្រហោងជានិច្ច។
ការស្រេកឃ្លានដែលមានចន្លោះប្រហោងនេះ ដែលចង់បានការសរសើរពីអ្នកដទៃ ជាសញ្ញាបង្ហាញអំពីបរាជ័យនៃអំនួត និងអវត្តមាននៃជំនឿលើព្រះគុណដ៏ស្ថិតស្ថេររបស់ព្រះ។ ព្រះយេស៊ូវបានទតឃើញផលវិបាកដ៏អាក្រក់ នៃការដែលមនុស្សរមាស់ចិត្តចង់បានភាពរុងរឿង។ គឺដូចព្រះអង្គមានបន្ទូលក្នុងបទគម្ពីរ ៥:៤៤ ថា “ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ មកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ?” ចម្លើយនោះគឺ យើងមិនអាចធ្វើដូចនេះបានទេ។ ការរមាស់ចង់បានការសរសើរពីអ្នកដទៃ ធ្វើឲ្យយើងមិនអាចមានជំនឿលើព្រះបានឡើយ។ តើហេតុអ្វី?
ព្រោះជំនឿជាការបែរចេញពីអាត្មាខ្លួនឯង ហើយងាកទៅរកព្រះ។ ជំនឿជាការមានចិត្តស្កប់ស្កល់ នឹងអ្វីៗទាំងអស់ដែលព្រះទ្រង់ប្រទានអ្នក ក្នុងព្រះយេស៊ូវ។ បើអ្នកពិតជាចូលចិត្តបំពេញចិត្តខ្លួនឯង ដោយការសរសើររបស់អ្នកដទៃ នោះអ្នកនឹងងាកបែរចេញពីព្រះយេស៊ូវមិនខាន។ ព្រះអង្គមិនមានលក្ខណសម្បត្តិដូចនេះទេ។ ព្រះអង្គមានព្រះជន្មគង់នៅ ដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតា។ ហើយក៏បានត្រាស់ហៅយើង ឲ្យយកគំរូតាមព្រះអង្គ។
ប៉ុន្តែ បើអ្នកងាកចេញពីការបំពេញចិត្តខ្លួនឯង(ការប្រែចិត្ត) ហើយចូលមករកព្រះយេស៊ូវ ដើម្បីអរសប្បាយនឹងការគ្រប់យ៉ាងដែលព្រះអង្គមានសម្រាប់យើង ក្នុងព្រះអង្គ(ជំនឿ) ការរមាស់នៃភាពចន្លោះប្រហោងនោះ នឹងត្រូវបានជំនួសដោយភាពពេញលេញ ដែលព្រះយេស៊ូវបានហៅថា “រន្ធទឹក ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច” (យ៉ូហាន ៤:១៤)។