មើលទៅព្រះយេស៊ូវ ដើម្បីទទួលក្តីអំណរ

គ្រប់​ទាំង​ការដែល​គេ​ធ្វើ​ទាំងប៉ុន្មាន នោះ​សុទ្ធតែ​ធ្វើឲ្យ​តែ​មនុស្ស​មើលឃើញ​ទេ . . . គេ​គាប់ចិត្ត​នឹង​កន្លែង​លេខ១ក្នុង​ការ​ស៊ីលៀង និង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ ព្រមទាំង​គាប់ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទីផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូ​ៗផង។ ម៉ាថាយ ២៣:៥-៧

ការ​មានចិត្ត​រមាស់​ចង់​ឲ្យ​គេ​គំនាប់​ខ្លួន គឺជា​ការ​ស្រេក​ឃ្លាន​ចង់​ឲ្យ​គេ​សរសើរ​ខ្លួន។ បើ​យើង​ស្វែង​រក​ការ​សប្បាយ នៅក្នុង​ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​ភាព​គ្រប់គ្រាន់ នោះ​យើង​នឹង​មិន​មាន​ការ​ស្កប់ចិត្ត​ឡើយ បើ​គ្មាន​អ្នកដទៃ​មើលឃើញ និង​អបអរ​ភាព​គ្រប់គ្រាន់​របស់​យើង​ទេ​នោះ។

ហេតុនេះ​ហើយ ព្រះយេស៊ូវ​បាន​រៀបរាប់​អំពី​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ក្នុង​បទ​គម្ពីរ​ម៉ាថាយ ២៣:៥ ថា “គ្រប់​ទាំង​ការដែល​គេ​ធ្វើ​ទាំងប៉ុន្មាន នោះ​សុទ្ធតែ​ធ្វើឲ្យ​តែ​មនុស្ស​មើលឃើញ​ទេ”។

តើ​រឿង​នេះ​មិន​ចម្លែក​ទេ​ឬ? តើ​អ្នក​មិន​គិតថា មនុស្ស​ដែល​មាន​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន គួរតែ​មិន​ត្រូវការ​ការ​សរសើរ​ពី​អ្នកដទៃ​ទេ​ឬ? នោះ​ហើយ​ជា​អត្ថន័យ​នៃ “ភាព​គ្រប់គ្រាន់”។ តែ​មាន​ភស្តុតាង​បញ្ជាក់​ថា ការ​មាន​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន មាន​ភាព​ចន្លោះប្រហោង។

ព្រះ​មិនបាន​រចនា​ខ្លួន​យើង​មក ឲ្យ​បំពេញចិត្ត​ខ្លួនឯង ឬ​ពឹង​ផ្អែក​លើ​ខ្លួនឯង​នោះ​ទេ។ យើង​មិន​អាច​ជួយ​ខ្លួនឯង​ឲ្យ​មាន​ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន​បាន​ឡើយ។ យើង​មិនមែន​ជា​ព្រះ​ទេ។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ។ ភាព​គ្រប់គ្រាន់​ផ្ទាល់ខ្លួន​មិន​បាន​ធ្វើឲ្យ​យើង “មាន​លក្ខណៈ​ដូច” ព្រះអង្គ​ឡើយ។ ដូចនេះ វិញ្ញាណ​ដែល​ព្យាយាម​ស្វែងរក​ភាព​គ្រប់គ្រាន់ ដោយ​ពឹង​អាង​ខ្លួនឯង គឺ​តែងតែមាន​ភាព​ចន្លោះប្រហោង​ជានិច្ច។

ការស្រេកឃ្លាន​ដែល​មាន​ចន្លោះប្រហោង​នេះ ដែល​ចង់បាន​ការ​សរសើរ​ពី​អ្នកដទៃ ជា​​សញ្ញា​បង្ហាញ​អំពី​បរាជ័យ​នៃ​អំនួត និង​អវត្តមាន​នៃ​ជំនឿ​លើ​ព្រះគុណ​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ។ ព្រះយេស៊ូវ​បាន​ទត​ឃើញ​ផលវិបាក​ដ៏​អាក្រក់ នៃ​ការដែល​មនុស្ស​រមាស់​ចិត្ត​ចង់​បាន​ភាព​រុងរឿង។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ក្នុង​បទ​គម្ពីរ ៥:៤៤ ថា “ធ្វើ​ដូចម្តេច​ឲ្យ​អ្នករាល់គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែងរក​កិត្តិសព្ទ ​មក​ពី​ព្រះអង្គ​ដ៏​ជា​ព្រះ​តែ១អង្គ​ទ្រង់​ដូច្នេះ?” ចម្លើយ​នោះ​គឺ យើង​មិន​អាច​ធ្វើ​ដូចនេះ​បានទេ។ ការ​រមាស់​ចង់បាន​ការ​សរសើរ​ពី​អ្នកដទៃ ធ្វើឲ្យ​យើង​មិន​អាច​មាន​ជំនឿ​លើ​ព្រះ​បាន​ឡើយ។ តើ​ហេតុអ្វី?

ព្រោះ​ជំនឿ​ជា​ការ​បែរចេញ​ពី​អាត្មា​ខ្លួនឯង ហើយ​ងាក​ទៅ​រក​ព្រះ។ ជំនឿ​ជា​ការ​មានចិត្ត​ស្កប់ស្កល់ នឹង​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​ទ្រង់ប្រទាន​អ្នក ក្នុង​ព្រះយេស៊ូវ​។ បើ​អ្នក​ពិតជា​ចូលចិត្ត​បំពេញចិត្ត​ខ្លួនឯង ដោយ​ការ​សរសើរ​របស់​អ្នកដទៃ នោះ​អ្នក​នឹង​ងាក​បែរចេញ​ពី​ព្រះយេស៊ូវ​មិន​ខាន។ ព្រះអង្គ​មិន​មាន​លក្ខណ​សម្បត្តិ​ដូចនេះ​ទេ។ ព្រះអង្គ​មាន​ព្រះជន្ម​គង់នៅ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះវរបិតា។ ហើយក៏​បាន​ត្រាស់​ហៅ​យើង ឲ្យ​យក​គំរូ​តាម​ព្រះអង្គ។

ប៉ុន្តែ បើ​អ្នក​ងាក​ចេញពី​ការ​បំពេញចិត្ត​ខ្លួនឯង(ការ​ប្រែចិត្ត) ហើយ​ចូល​មករ​ក​ព្រះយេស៊ូវ​ ដើម្បី​អរ​សប្បាយ​នឹង​ការ​គ្រប់យ៉ាង​ដែល​ព្រះអង្គ​មាន​សម្រាប់​យើង ក្នុង​ព្រះអង្គ(ជំនឿ) ការ​រមាស់​នៃ​ភាព​ចន្លោះប្រហោង​នោះ នឹង​ត្រូវ​បាន​ជំនួស​ដោយ​ភាព​ពេញលេញ ដែល​ព្រះយេស៊ូវ​បាន​ហៅថា “រន្ធ​ទឹក ដែល​ផុស​ឡើង​ដល់ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច” (យ៉ូហាន ៤:១៤)។

More articles