ព្រះអង្គគង់នៅជាមួយគ្រប់ពេលវេលា

សូមអាន អេសាយ ៤៦:៤-៧

អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង​។ អេសាយ ៤៦:៤

បន្ទាប់ពី​ការ​វះ​កាត់​បាន​ទទួល​បរាជ័យ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​អ្នក​ស្រី​យ៉ូអាន(Joan)ថា គាត់​ត្រូវ​ធ្វើ​ការ​វះ​កាត់​ម្តង​ទៀត ក្នុងរយៈ​ពេល៥សប្តាហ៍​ខាង​មុខ​។ ពេល​វេលា​បាន​កន្លង​ផុត​ទៅ ការ​ថប់​បារម្ភ​មាន​ការ​កើន​ឡើង​កាន់តែ​ខ្លាំង​។ អ្នក​ស្រី​យ៉ូអាន និង​ស្វាមី​របស់​គាត់​មាន​វ័យ​ចាស់​ហើយ ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ក៏​រស់នៅ​ឆ្ងាយ​ពី​គាត់​ទៀត​។ ពួកគេ​ត្រូវ​បើក​បរ​ឡាន​ទៅ​កាន់​ទីក្រុង ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់ ហើយ​ចូល​មន្ទីរ​ពេទ្យ​ដែល​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ដ៏​ស្មុគ​ស្មាញ ហើយ​ពួកគេ​ត្រូវ​ទៅ​ទទួល​ការ​ប្រឹក្សា និង​ការ​ព្យាបាល​ពី​អ្នក​ជំនាញ​ម្នាក់​ទៀត​។

ទោះ​កាលៈទេសៈ​នេះ​ហាក់​ដូច​ជា​ពិបាក​លើស​លប់ ព្រះ​ទ្រង់​បាន​ថែរក្សា​ពួកគេ​។ ក្នុង​អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ឧបករណ៍​ជីភីអេស សម្រាប់​មើល​ផែនទី​ក៏​បាន​ខូច តែ​ពួកគេ​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា ព្រោះ​ពួកគេ​មាន​ផែនទី​ក្រដាស​។ ព្រះ​ទ្រង់​បាន​ប្រទាន​ប្រាជ្ញា​។ នៅ​មន្ទីរ​ពេទ្យ មាន​គ្រូ​គង្វាល​ម្នាក់​បាន​​មក​អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ក៏​បាន​ជួយ​យក​អសារ​ពួកគេ​នៅពេល​ក្រោយ​ទៀត នៅ​ថ្ងៃ​នោះ​។ ព្រះ​ទ្រង់​ប្រទាន​ជំនួយ​។ បន្ទាប់ពី​ការ​វះ​កាត់​ហើយ អ្នក​ស្រី​យ៉ូអាន​បាន​ទទួល​ដំណឹង​ល្អ​ពី​មន្ទីរ​ពេទ្យ​ថា ការ​វះ​កាត់​បាន​ទទួល​ជោគជ័យ​។

យើង​មិន​តែងតែ​ទទួល​បាន​ការ​ប្រោស​ឲ្យ​ជា ឬ​ការ​ជួយ​សង្គ្រោះ​ពី​គ្រោះ​ថ្នាក់ ឲ្យ​បាន​គ្រប់​ពេល​ឡើយ តែ​ព្រះអង្គ​ស្មោះ​ត្រង់ ហើយ​តែងតែ​គង់នៅ​ជិត​មនុស្ស​ដែល​ងាយ​រង​គ្រោះ ទោះ​ពួកគេ​នៅ​ក្មេង មាន​វ័យ​ចាស់ ឬ​មាន​ភាព​ខ្វះ​ចន្លោះ​ខ្លាំង​យ៉ាងណា​ក៏ដោយ​។ កាល​ប៉ុន្មាន​សតវត្សរ៍​មុន ពេល​ដែល​ការ​រស់នៅ​ជា​ឈ្លើយសឹក​ក្នុង​ចក្រ​ភព​បាប៊ីឡូន បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​មាន​ការ​ចុះ​ខ្សោយ​កាន់តែ​ខ្លាំង ហោរា​អេសាយ​ក៏បាន​រំឭក​ពួក​គេ​ថា ព្រះ​ទ្រង់​បាន​បី​ពួក​គេ​តាំង​ពី​ពេល​ពួកគេ​ចាប់​កំណើត ហើយក៏​នៅតែ​បន្ត​ថែរក្សា​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ​ថា “រហូត​ដល់​ឯង​ចាស់​ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង”(អេសាយ ៤៦:៤)។

ព្រះ​ទ្រង់​នឹង​មិន​បោះបង់​យើង​ចោល ពេល​ដែល​យើង​ត្រូវ​ការ​ទ្រង់​បំផុត​នោះ​ឡើយ។ ព្រះអង្គ​អាច​បំពេញ​តម្រូវការ​របស់​យើង ហើយ​រំឭក​យើង​ថា ព្រះអង្គ​គង់​នៅ​ជាមួយ​យើង គ្រប់​ពេល​វេលា​។ ព្រះអង្គ​ជា​ព្រះ​របស់​យើង ជា​រៀង​រហូត​។—Jennifer Benson Schuldt

តើ​ព្រះ​ទ្រង់​បាន​ទ្រទ្រង់​អ្នក​ដូច​ម្តេច​ខ្លះ ក្នុង​អំឡុង​ពេល​ដែល​អ្នក​មាន​ភាព​ទន់​ខ្សោយ? តើ​ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ធ្វើ​ការ​តាមរយៈ​អ្នក ដើម្បី​ជួយ​ទ្រទ្រង់​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដែល​ទូល​បង្គំ​អាច​ទុកចិត្ត​ ហើយ​មាន​ព្រះទ័យ​សប្បុរស​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ពឹង​ផ្អែកលើ​ព្រះអង្គ ខណៈ​ពេល​ដែល​ទូល​បង្គំ​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ជីវិត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៧៩-៨០ និង រ៉ូម ១១:១-១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles