សូមអាន ទំនុកដំកើង ៣៣:១-១១
ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ។ ទំនុកដំកើង ៣៣:៤
កាលហ្សាវា(Xavier) កំពុងរៀននៅសាលាបឋម ខ្ញុំបានជូនគាត់ទៅសាលា និងទៅទទួលគាត់ចេញពីរៀន ជាទៀងទាត់។ ថ្ងៃមួយ ខ្ញុំបានទៅទទួលគាត់យឺត។ ខ្ញុំបានចតឡាន ហើយក៏បានអធិស្ឋានបណ្តើរ រត់ទៅរកថ្នាក់រៀនគាត់បណ្តើរ។ ខ្ញុំក៏បានឃើញគាត់កំពុងអង្គុយឱបកាបូបស្ពាយគាត់ នៅលើបង់ ក្បែរគ្រូបង្រៀនម្នាក់។ គាត់បានប្រាប់ខ្ញុំថា គាត់ខឹងនឹងខ្ញុំ ព្រោះខ្ញុំបានមកទទួលគាត់យឺត។ ខ្ញុំមិនបន្ទោសគាត់ទេ ខ្ញុំក៏ខឹងនឹងខ្លួនឯងដែរ។ ខ្ញុំស្រឡាញ់កូនប្រុសខ្ញុំ តែខ្ញុំក៏ដឹងដែរថា ថ្ងៃក្រោយ គាត់អាចមានការខកចិត្តចំពោះខ្ញុំទៀត ហើយក៏អាចមានអារម្មណ៍ថា ព្រះទ្រង់បានធ្វើឲ្យគាត់ខកចិត្ត។ ដូចនេះ ខ្ញុំក៏បានខិតខំបង្រៀនឲ្យគាត់បានដឹងថា មនុស្សមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស ជារឿងធម្មតា តែព្រះទ្រង់មិនដែលធ្វើខុសព្រះបន្ទូលសន្យាឡើយ។
បទគម្ពីរ ទំនុកដំកើង ជំពូក៣៣ បានលើកទឹកចិត្តយើង ឲ្យអបអរសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដោយការសរសើរដោយអំណរ(ខ.១-៣) ព្រោះ “ព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ”(ខ.៤)។ ព្រះទ្រង់បានបង្កើតពិភពលោកឡើង ធ្វើជាភស្តុតាងបញ្ជាក់អំពីព្រះចេស្ដា និងបង្ហាញថា យើងអាចពឹងផ្អែកព្រះអង្គបាន(ខ.៥-៧) ហេតុនេះហើយ អ្នកនិពន្ធទំនុកដំកើងក៏បានអំពាវនាវ ឲ្យមនុស្សនៅផែនដីថ្វាយបង្គំព្រះអង្គ(ខ.៨)។
ពេលណាផែនការយើងបរាជ័យ ឬមានមនុស្សដែលបោះបង់ចោលយើង យើងប្រហែលជាមានអារម្មណ៍ថា ព្រះទ្រង់បានធ្វើឲ្យយើងខកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ យើងអាចពឹងផ្អែកលើព្រះអង្គបាន ព្រោះផែនការរបស់ព្រះអង្គ “នៅជាប់ជានិច្ច”(ខ.១១)។ យើងអាចសរសើរដំកើងព្រះអង្គ សូម្បីនៅពេលដែលអ្វីៗមានការជាប់គាំង ព្រោះព្រះអាទិករនៃយើង ដែលមានក្តីស្រឡាញ់ ទ្រង់ទ្រទ្រង់អ្វីៗគ្រប់យ៉ាង និងមនុស្សម្នាក់ៗ។ ព្រះទ្រង់តែងតែស្មោះត្រង់ជារៀងរហូត។—Xochitl Dixon
ហេតុអ្វីអ្នកពិបាកសរសើរដំកើងព្រះ នៅពេលដែលផែនការរបស់អ្នកបរាជ័យ ឬមនុស្សធ្វើឲ្យអ្នកខកចិត្ត? តើព្រះទ្រង់បានប្រើលោកិយ ដែលព្រះអង្គបានបង្កើត ដើម្បីបង្ហាញអំពីភាពអាចទុកចិត្តបានដ៏ស្ថិតស្ថេររបស់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គរំឭកទូលបង្គំ អំពីភាពស្មោះត្រង់របស់ព្រះអង្គកាលពីអតីតកាល ខណៈពេលដែលទូលបង្គំដើរដោយជំនឿ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២