វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី? អេសាយ ៤៥:៩
យើងកាន់តែចង់សរសើរដំកើងព្រះតេជះរបស់ព្រះអង្គ ពេលណាយើងជញ្ជឹងគិតអំពីព្រះអង្គ ដោយផ្អែកទៅលើព្រះរាជកិច្ចនៃការបង្កើតរបស់ព្រះអង្គ (បង្កើតរបស់សព្វសារពើ ចេញពីភាពទទេ)។ ព្រះអង្គបង្គាប់ភាពទទេ ហើយវាក៏ស្តាប់បង្គាប់ ហើយក្លាយជាអ្វីមួយ។
ព្រះអង្គបង្កើតដីឥដ្ឋចេញពីភាពទទេ ហើយបង្កើតយើងចេញពីដីឥដ្ឋ ជាឆ្នាំងដីដែលព្រះអម្ចាស់បានសូន(អេសាយ ៤៥:៩) ជាកម្មសិទ្ធិរបស់ព្រះអង្គ ក្នុងគោលដៅដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ និងពឹងផ្អែកលើព្រះអង្គទាំងស្រុង។ “ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់(ទំនុកដំកើង ១០០:៣)។ យើងមានចិត្តចង់បន្ទាបខ្លួន ពេលដែលបានដឹងថា យើងជាចៀម និងជាឆ្នាំងដីរបស់នរណាម្នាក់។
ព្រឹកនេះ ពេលខ្ញុំអានបទគម្ពីរអេសាយ ខ្ញុំក៏បានឃើញការប្រកាសមួយទៀត អំពីព្រះតេជះរបស់ព្រះ។ ពេលណាខ្ញុំគិតអំពីអំណាចធំបណ្តាច់ និងសិទ្ធិរបស់ព្រះ ក្នុងនាមជាព្រះអាទិករក្នុងពេលតែមួយ មានបន្ទុះមួយបានកើតឡើងក្នុងចិត្តខ្ញុំ។
បទគម្ពីរអេសាយ ៣៣:២១ បានចែងថា “គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ”។
ត្រង់ចំណុចនេះមានន័យថា ព្រះអង្គកាន់ខាងយើង។ គឺកាន់ខាងយើង។ ព្រះអាទិករកាន់ខាងយើង គឺមិនមែនទាស់នឹងយើងទេ។ ព្រះអង្គកាន់ខាងយើង ដោយអំណាចចេស្ដាគ្រប់យ៉ាង ក្នុងចក្រវាល និងសិទ្ធិដាច់មុខ សម្រាប់ធ្វើអ្វីដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ ជាមួយស្នាព្រះហស្តព្រះអង្គ!
“ភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ”(អេសាយ ៦៤:៤)។ “បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន”(រ៉ូម ៨:៣១)។
តើមានអ្វីដែលកម្សាន្តចិត្ត ផ្តល់ការធានា និងធ្វើឲ្យអរសប្បាយជាងការដឹងថា ព្រះអម្ចាស់ដ៏មានតេជះ កាន់ខាងអ្នកឬទេ?