ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា។ ២កូរិនថូស ១:២០
ការអធិស្ឋាន ជាកន្លែងដែលអតីតកាល និងពេលអនាគតមានការតភ្ជាប់គ្នាម្តងហើយម្តងទៀត ក្នុងជីវិតយើង។ ខ្ញុំសូមលើកយករឿងនេះមកនិយាយ នៅពេលនេះ ព្រោះក្នុងខនេះ សាវ័កប៉ុលបានតភ្ជាប់ការអធិស្ឋាន ជាមួយនឹងសេចក្តីសន្យារបស់ព្រះ ដែលសុទ្ធតែ “បាទ” តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍។
ក្នុងបទគម្ពីរ ២កូរិនថូស ១:២០ គាត់ចង់ប្រាប់យើងថា ហេតុនេះហើយ តាមរយៈទ្រង់ នោះយើងនិយាយថា អាមែន ដល់ព្រះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ នេះបើយើងនិយាយឲ្យងាយស្តាប់។
គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា”។
បើអ្នកឆ្ងល់ថា ហេតុអ្វីគ្រីស្ទបរិស័ទនិយាយថា អាមែន នៅចុងបញ្ចប់នៃការអធិស្ឋាន ហើយឆ្ងល់ថា ប្រពៃណីនៃការប្រើពាក្យនេះមានប្រភពមកពីណា ខ្ញុំសូមឆ្លើយដូចតទៅ។ ពាក្យអាមែន គឺជាពាក្យដែលគេយកចេញពីភាសាហេព្រើរ មកប្រើជាភាសាក្រិក ដោយគ្មានការបកប្រែ គឺដូចដែលគេយកមកប្រើ ជាភាសាអង់គ្លេស និងភាសាភាគច្រើន ដោយគ្មានការបកប្រែ។
ក្នុងភាសាហេព្រើរ ពាក្យនេះជាការបញ្ជាក់ដ៏រឹងមាំណាស់ (មើលជនគណនា ៥:២២ នេហេមា ៥:១៣ ៨:៦) ដែលមានន័យថា “ខ្ញុំយល់ស្រប” ជាផ្លូវការ យ៉ាងមធ្យ័ត ឬអស់ពីចិត្តមែន ឬក៏ “ខ្ញុំសូមបញ្ជាក់នូវអ្វីដែលខ្ញុំទើបតែនិយាយចេញមក” ឬ “នេះជាការពិតមែន”។ និយាយឲ្យងាយយល់ ពាក្យ “អាមែន” គឺមានន័យថា “បាទឬចាស” ដោយអស់ពីចិត្ត ក្នុងបរិបទនៃការនិយាយទៅកាន់ព្រះ។
ឥឡូវនេះ សូមកត់សំគាល់ទំនាក់ទំនង រវាងផ្នែកទាំងពីរនៃបទគម្ពីរ ២កូរិនថូស ១:២០។ ផ្នែកទី១ចែងថា “ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់។ ផ្នែកទី២ចែងថា “ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា”។
ពេលណាយើងដឹងថា ពាក្យ “អាមែន” និង ពាក្យ “បាទ ឬចាស” មានន័យដូចគ្នា នោះយើងអាចសម្រួលបទគម្ពីរនេះឲ្យងាយយល់ថា ៖ ក្នុងព្រះយេស៊ូវគ្រីស្ទ ព្រះទ្រង់មានបន្ទូលថា “បាទ” មកយើង តាមរយៈព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយក្នុងព្រះគ្រីស្ទ យើងនិយាយថា បាទ ឬចាស នៅកាន់ព្រះអង្គ តាមរយៈការអធិស្ឋាន។