ព្រះយេស៊ូវជាបងប្រុសយើង

សូមអាន ហេព្រើរ ២:១០-១៨

ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ​។ ហេព្រើរ ២:១១

ព្រីជ័រ វ៉កឃ័រ(Bridger Walker) ជា​ក្មេង​ប្រុស​អាយុ៦ឆ្នាំ ដែល​បាន​ការពារ​ប្អូន​ស្រី​គាត់ ពេល​ដែល​ឆ្កែកាច​មួយ​ក្បាល បាន​រត់​សំដៅ​មក​ខាំង​ប្អូន​ស្រី​គាត់​។ ព្រីជ័រ​ក៏​បាន​ប្រញាប់​លោត​ទៅ​ពាំង​ពីមុខ​ប្អូន​ស្រី​គាត់ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ធ្វើ​ជា​ខែល​ការពារ​នាង ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ដ៏​កាច​សាហាវ​របស់​សត្វ​ឆ្កែ​។ បន្ទាប់ពី​គាត់​បាន​ទទួល​ការ​សង្គ្រោះ​បន្ទាន់ ហើយ​ពេទ្យ​បាន​ដេរ​មុខ​របួស​ឲ្យ​គាត់​បាន៩០ថ្នេរ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​ថា បើ​ថ្ងៃ​នោះ ​មាន​នរណា​ម្នាក់​ត្រូវ​ស្លាប់ នោះ​គាត់​បាន​សុខ​ចិត្ត​ស្លាប់​ជំនួស​ប្អូន​ស្រី​គាត់​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​គ្រូ​ពេទ្យ​កែសម្ផស្ស​បាន​ជួយ​ព្យាបាល​មុខ​គាត់​។ តែ​សេចក្តី​ស្រឡាញ់​ក្នុង​នាម​ជា​បង​ប្រុស ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្នុង​រូបថត​គាត់​ឱប​ប្អូន​ស្រី​គាត់ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម នៅតែ​មាន​ភាព​រឹងមាំ​ជានិច្ច​។

វា​ជា​រឿង​ល្អ​ណាស់ ដែល​សមាជិក​គ្រួសារ​ថែរក្សា​ការពារ​គ្នា ទៅវិញ​ទៅមក​។ បង​ប្អូន​ដែល​ល្អ​ជួយ​យើង ពេលណា​យើង​មាន​បញ្ហា ហើយ​នៅ​ក្បែរ​យើង​ពេលណា​យើង​មាន​ការ​ភ័យ​ខ្លាច ឬ​ឯកោ​។ តាម​ពិត បង​ប្អូន​ដែល​ល្អ​បំផុត​របស់​យើង នៅតែ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​របួស​ជាប់​ក្នុង​ចិត្ត​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​មាន​បង​ប្រុស​ម្នាក់​ដែល​តែងតែ​នៅ​ក្បែរ​យើង​ជានិច្ច​។ បង​ប្រុស​នោះ​គឺជា​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រាប់​យើង​ថា ព្រះគ្រីស្ទ​បាន​នាំ​យើង​ចូល​គ្រួសារ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​យក​កំណើត​ជា​មនុស្ស មាន​សាច់​មាន​ឈាម ហើយ​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក(២:១៤,១៧)។ ជា​លទ្ធផល ព្រះយេស៊ូវ​បាន​ក្លាយ​ជា​បង​ប្រុស​យើង​ពិត​ប្រាកដ ហើយ​ព្រះ​អង្គ​អរ​ព្រះទ័យ​ក្នុង​ការ​ហៅ​យើង​ថា “បង​ប្អូន”របស់​ព្រះអង្គ(ខ.១១)។

យើង​ហៅ​ព្រះ​យេស៊ូវ​ថា ព្រះ​អង្គ​សង្រ្គោះ មិត្តសម្លាញ់ និង​មហាក្សត្រ​យើង ហើយ​ទាំង​នេះ​សុទ្ធតែ​ជា​ការ​ពិតមែន​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​យេស៊ូវ​ជា​បង​ប្រុស​យើង ដែល​បាន​ជួប​ការ​ភ័យ​ខ្លាច និង​ការ​ល្បួង​ដូច​មនុស្ស​ដែរ ដោយ​ស្គាល់​ភាព​អស់​សង្ឃឹម និង​ការ​ពិបាក​ចិត្ត​របស់​យើង​។ ព្រះ​អង្គ​ជា​បង​ប្រុស​យើង ដែល​តែងតែ​នៅ​ក្បែរ​យើង​ជានិច្ច​។—Winn Collier

តើ​អ្នក​បាន​ដក​ពិសោធន៍​ជា​មួយ​បង​ប្អូន​ជា​មនុស្ស​ដូច​ម្តេច​ខ្លះ? តើ​អ្នក​មាន​ទស្សនៈ​យ៉ាងណា ចំពោះ​ព្រះយេស៊ូវ​ដែល​ជា​បង​ប្អូន​ពិត?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​បាន​ដឹង​ថា ព្រះអង្គ​ជា​ឪពុក និង​ជា​បង​ប្រុស​របស់​ទូល​បង្គំ​។ សូម​ព្រះអង្គ​ដើរ​ជា​មួយ​ទូល​បង្គំ ស្រឡាញ់ និង​បង្រៀន​ទូល​បង្គំ ហើយ​បង្ហាញ​ផ្លូវ​ទូល​បង្គំ​។

For further study, read We Are His: Belonging to the Family of God at DiscoverySeries.org/Q0626.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៩១-៩៣ និង រ៉ូម ១៥:១-១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles