យើងជាទូតតំណាងព្រះគ្រីស្ទ

សូមអាន ២កូរិនថូស ៥:១១-២០

ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូចជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ​។ ២កូរិនថូស ៥:២០

ការ​ប្រកួត​ប្រជែង ក្នុង​សម័យ​អ៊ីនធឺណិត កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ ក្រុម​ហ៊ុន​ទាំងឡាយ​កំពុង​ស្វែងរក​វិធី​សាស្រ្ត​ដ៏​ប៉ិន​ប្រសប់ ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​។ ខ្ញុំ​សូម​លើកយក​ឧទាហរណ៍​របស់​ក្រុម​ហ៊ុន​រថយន្ត​ស៊ូបារុ(Subaru)។ គេឮ​ល្បី​ថា ម្ចាស់​រថយន្ត​ស៊ូបារុ​មាន​ការ​ពេញ​ចិត្ត​រថយន្ត​ម៉ាក​ស៊ូបារុ​ខ្លាំង​ណាស់ បានជា​ពួកគេ​មិន​ងាយ​ប្តូរ​ចិត្ត​ទៅ​ប្រើ​ប្រាស់​រថយន្ត​ម៉ាក​ផ្សេង​ឡើយ​។ ដូច​នេះ ក្រុម​ហ៊ុន​រថយន្ត​ស៊ូបារុ​ក៏​បាន​អញ្ជើញ​អ្នក​គាំទ្រ​ផលិតផល​រថយន្ត​ស៊ូបារុ​ខ្លាំង​បំផុត ឲ្យ​ធ្វើ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុន​។

វិបសាយ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ថា “ទូត​សុឆន្ទៈ​របស់​រថយន្ត​ស៊ូបារុ គឺជា​មនុស្ស​មួយ​ក្រុម ដែល​បាន​ស្ម័គ្រ​ចិត្ត​ប្រើ​ទឹក​ចិត្ត​ស្រឡាញ់ និង​ភាព​ក្លៀវក្លា​របស់​ខ្លួន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផលិត​រថយន្ត​ស៊ូបារុ និង​ជួយ​កសាង​អនាគត​របស់​យីហោ​ឡាន​មួយ​នេះ​ឲ្យ​កាន់តែ​ជោគជ័យ”។ ក្រុម​ហ៊ុន​នេះ​ចង់​ឲ្យ​ម្ចាស់​រថយន្ត​ស៊ូបារុ​ទាំងឡាយ ក្លាយ​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​របស់​មនុស្ស ពោល​គឺ​អត្ត​សញ្ញាណ​ដែល​ពួកគេ​ស្រឡាញ់​យ៉ាង​ខ្លាំង បានជា​ពួកគេ​មិន​អាច​ឃាត់​ចិត្ត​ខ្លួនឯង​មិន​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល​រថយន្ត​ស៊ូបារុ​បាន​។

ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក៥ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ទូត​មួយ​ប្រភេទ​ទៀត ដែល​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវ​។ គាត់​ថា “ដូច្នេះ ដែល​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់ នោះ​យើង​ខ្ញុំ​ក៏ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ”(ខ.១១)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ កំពុង​ផ្សះផ្សា​លោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះបន្ទូល ពី​ការ​ផ្សះ​ផ្សា​នោះ​មក​យើង​ខ្ញុំ​។

ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូចជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ”(ខ.១៩-២០)។

ក្រុម​ហ៊ុន​ជា​ច្រើន​បាន​សន្យា​ថា ផលិតផល​របស់​ខ្លួន​នឹង​បំពេញ​តម្រូវការ​ដ៏​ជ្រាល​ជ្រៅ ដោយ​ផ្តល់​ឲ្យ​យើង​នូវ​សុភមង្គល ភាព​ពេញលេញ និង​គោលបំណង​។ ​មានតែ​ព្រះរាជសារ​នៃ​ការ​ផ្សះផ្សា​ដែល​ព្រះអង្គ​បាន​ប្រទាន​អ្នកជឿ​ព្រះយេស៊ូវ​ប៉ុណ្ណោះ ដែល​ជា​ដំណឹង​ល្អ​ដ៏​ពិត​។ ហើយ​យើង​មាន​ឯកសិទ្ធិ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះ​រាជសារ​នេះ ទៅ​កាន់​លោកិយ​ដែល​កំពុង​អស់​សង្ឃឹម​។—Adam R. Holz

តើ​ការ​ធ្វើ​ជា​ទូត​ព្រះគ្រីស្ទ​មានន័យ​យ៉ាងណា​ខ្លះ ចំពោះ​អ្នក? តើ​អ្នក​អាច​រស់នៅ​តាម​ការ​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ទូត​ព្រះគ្រីស្ទ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ត្រាស់​ហៅ​ទូល​បង្គំ​ឲ្យ​ធ្វើ​ជា​ទូត​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៩៧-៩៩ និង រ៉ូម ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles