នៅពេលដែលព្រះយេស៊ូវផុតដង្ហើមនៅលើឈើឆ្កាង តើព្រះទ្រង់សុគតឬ? នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកស្រាយឲ្យបានច្បាស់ អំពីភាពខុសគ្នាដ៏សំខាន់ រវាងភាពជាព្រះ និងភាពជាមនុស្សរបស់ព្រះយេស៊ូវ។
អត្ថបទ
ខ្ញុំចូលចិត្តច្រៀងបទទំនុកសកលមានចំណងជើងថា “ហេតុអ្វីព្រះរបស់ខ្ញុំសុគត” តែខ្ញុំចង់ឲ្យយើងយល់ន័យរបស់ទំនុកដំកើងនេះឲ្យបានច្បាស់ ព្រោះឃ្លាដែលច្រៀងថា “ហេតុអ្វីព្រះនៃខ្ញុំទ្រង់សុគតជួសខ្ញុំ? ព្រះនៃខ្ញុំទ្រង់សុគតជួសខ្ញុំ?” តាមពិត ព្រះទ្រង់មិនដែលសុគតទេ។ តែព្រះកាយរបស់ព្រះអង្គទេ ដែលបានសុគត ដោយលក្ខណៈជាមនុស្សរបស់ព្រះយេស៊ូវទេ ដែលបានសុគតនៅលើឈើឆ្កាង នៅថ្ងៃនោះ។ តើនឹងមានរឿងអ្វីកើតឡើង បើសិនជាព្រះវរបិតាបានវិនាសនៅថ្ងៃសុក្រនោះ? ជាការពិតណាស់ ព្រះយេស៊ូវក៏នឹងសុគត ជាមួយព្រះវរបិតា ហើយលោកពុនទាស ពីឡាត់ លោកកៃផាសក៏នឹងត្រូវវិនាស ឈើឆ្កាងក៏រលាយបាត់។ ទីក្រុងយេរូសាឡិមក៏លែងមាននៅវិនាទីនោះ។ លោកិយទាំងមូលក៏លែងមានដែរ។ បើព្រះសុគត អ្វីៗផ្សេងទៀតក៏លែងមានវត្តមាន។ យើងរាល់គ្នាក៏ស្លាប់ ព្រោះក្នុងព្រះអង្គ យើងមានជីវិតរស់ ហើយបើគ្មានអំណាចជាបឋមរបស់ព្រះទេ គ្មានអ្វីអាចរស់នៅបាន សូម្បីតែមួយវិនាទី។
បើគ្មានអំណាចជាបឋមរបស់ព្រះទេ គ្មានអ្វីអាចមានវត្តមានបានឡើយ។ ក្នុងព្រះអង្គ យើងរស់នៅ និងមានចលនា ហើយមានកាយ និងចិត្តរបស់យើង។ ខ្ញុំមិនមែនជាជីវិតដែលឯករាជនោះឡើយ តែខ្ញុំពឹងផ្អែកលើព្រះ។ មានពេលដែលខ្ញុំនឹងមិនមានជីវិត។ ៦៦ឆ្នាំមុន គ្មានលោកគ្រូ អ ស៊ី ស្ព្រោល រស់នៅលើផែនដីនេះទេ តែមានជីតាខ្ញុំដែលមានឈ្មោះនេះដែរ តែខ្ញុំមិនមានវត្តមានទេ។ ពិភពលោកនេះគ្មានខ្ញុំទេ។ ខ្ញុំគ្មានកាយគ្មានចិត្ត។ តែខ្ញុំមានវត្តមាននៅលើផែនដី ចាប់តាំងពីពេលដែលខ្ញុំបានចាប់កំណើតក្នុងផ្ទៃម្តាយខ្ញុំ ដោយព្រះបានបង្កើត និងទ្រទ្រង់ឲ្យខ្ញុំមានជីវិត ព្រោះមានតែទ្រង់ទេ ដែលមានអំណាចក្នុងអង្គទ្រង់ សម្រាប់ធ្វើការនេះបាន។ ចុះចំណែកឯចលនានៃរបស់សព្វសារពើវិញ? បើគ្មានព្រះទេ ក៏គ្មានអ្វីទាល់តែសោះ។ គ្មានអ្វីអាចមានចលនា។ ហើយក៏គ្មានដៃ ជើង ភ្នែករបស់ខ្ញុំ ដែលអាចមានចលនាដែរ។ ផ្កាយក៏គ្មានរូបរាង្គ គ្មានចលនាដែរ។ ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង(កិច្ចការ ១៧:២៨)។ សេចក្តីនេះដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ជាទ្រឹស្តីដែលមានន័យបំផុត ដែលយើងអាចយល់បាន។