ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត! ទំនុកដំកើង ១១៩:១០៣
ចូរយើងកុំបន្ទាបជំនឿរបស់គ្រីស្ទបរិស័ទ ឲ្យនៅត្រឹមការបង្គាប់ ការប្ដេជ្ញាចិត្ត ឬកម្លាំងចិត្តនោះឡើយ។ តែជំនឿគ្រីស្ទបរិស័ទផ្អែកទៅលើការអ្វីដែលយើងស្រឡាញ់ ការអ្វីដែលធ្វើឲ្យយើងមានអំណរ ហើយមានរស់ជាតិអ្វីខ្លះ ដែលល្អសម្រាប់យើង។
កាលព្រះយេស៊ូវយាងចុះមកក្នុងពិភពលោក មនុស្សជាតិបានញែកចេញពីគ្នា ផ្អែកទៅលើការអ្វីដែលពួកគេស្រឡាញ់។ “ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់”(យ៉ូហាន ៣:១៩)។ ពួកសុចរិត និងពួកទុច្ចរិតបានញែកចេញពីគ្នា ដោយសារការអ្វីដែលពួកគេអរសប្បាយ គឺការបើកសម្ដែងរបស់ព្រះ ក្នុងព្រះយេស៊ូវ ឬការដើរតាមផ្លូវរបស់លោកិយ។
ដូចនេះ គេអាចសួរថា ៖ តើខ្ញុំអាចអរសប្បាយក្នុងព្រះបន្ទូលព្រះដោយរបៀបណា? ខ្ញុំមានចម្លើយ២យ៉ាង ៖
- ១) ចូរអធិស្ឋានសូមឲ្យអណ្តាតនៃចិត្តអ្នក បានស្គាល់រស់ជាតិនៃព្រះបន្ទូលកាន់តែច្រើនឡើង
- ២) ចូរជញ្ជឹងគិត អំពីព្រះបន្ទូលសន្យាដែលគួរឲ្យភ្ញាក់ផ្អើលរបស់ព្រះ ដល់រាស្រ្តព្រះអង្គ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដដែលនេះបានពោលថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎”(ទំនុកដំកើង ១១៩:១០៣) ហើយមុននោះ ក៏បានទូលដល់ព្រះផងដែរថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ
នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ទំនុកដំកើង ១១៩:១៨)។ គាត់បានអធិស្ឋានដូចនេះ ពីព្រោះការមានភ្នែកខាងវិញ្ញាណ ឲ្យបានឃើញសិរីល្អ ឬការដឹងរស់ជាតិដ៏បរិសុទ្ធ នៅលើអណ្តាតនៃចិត្ត គឺជាអំណោយមកពីព្រះ។ គ្មាននរណាម្នាក់ដែលស្រេកឃ្លាន និងអរសប្បាយក្នុងព្រះ និងប្រាជ្ញារបស់ព្រះអង្គពីកំណើតនោះទេ។
តែពេលណាអ្នកបានអធិស្ឋានហើយ ក៏ដូចជាកំពុងអធិស្ឋាន ចូរជញ្ជឹងគិត អំពីព្រះពរដែលព្រះទ្រង់សន្យាថា នឹងប្រទានមករាស្រ្តព្រះអង្គ និងជញ្ជឹងគិតអំពីក្តីអំណរ នៃការមានព្រះដ៏មានគ្រប់ចេស្ដា ជាជំនួយរបស់អ្នក ក្នុងពេលឥឡូវនេះ និងជារៀងរហូត។ បទគម្ពីរទំនុកដំកើង ១:៣-៤ បានចែងថា មនុស្សដែលជញ្ជឹងគិតព្រះបន្ទូលព្រះ “អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់ ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ”។
តើនរណាមិនអរសប្បាយ នឹងការអានសៀវភៅ ដែលនាំឲ្យមានការផ្លាស់ប្រែ ពីអង្កាមដែលឥតប្រយោជន៍ ទៅជាដើមឈើតាត្រៅនៅភ្នំល្បាណូន? ក្នុងជម្រៅចិត្តរបស់មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ដែលចង់រស់នៅជាអង្កាម ដែលគ្មានឫស គ្មានទម្ងន់ គ្មានប្រយោជន៍នោះទេ។ យើងម្នាក់ៗសុទ្ធតែចង់ទទួលបានកម្លាំងពីទឹកទន្លេដ៏ជ្រៅនៃសេចក្តីពិត ហើយក្លាយជាមនុស្សដែលមានផលផ្លែ និងមានប្រយោជន៍។
ទឹកទន្លេនៃសេចក្តីពិតនោះ ជាព្រះបន្ទូលព្រះ ហើយពួកបរិសុទ្ធដ៏ឧត្តុង្គឧត្តមទាំងអស់ក៏បានប្រសើរឡើង ដោយសារទឹកទន្លេនោះឯង។