សូមអាន ទំនុកដំកើង ២២:១៤-២៤
ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ។ ទំនុកដំកើង ២២:២២
មានពេលមួយ លោកគ្រូគង្វាលបានអញ្ជើញអ្នកស្រី ឡាទ្រីស(Latriece) ឲ្យឡើងធ្វើទីបន្ទាល់ នៅចុងបញ្ចប់នៃកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ។ ពេលដែលគាត់ឡើងទៅឈរនៅចំពោះមុខពួកជំនុំ គ្មាននរណាម្នាក់នឹកស្មានថា ពាក្យពេចន៍ដែលគាត់និយាយចេញមក បាននាំឲ្យមានការប៉ះពាល់ចិត្តខ្លាំងប៉ុណ្ណាទេ។ គាត់បានផ្លាស់ទីលំនៅមកពីរដ្ឋខេនថាក់ឃី(Kentucky) បន្ទាប់ពីខ្យល់កួចយក្សថូនេដូបានវាយប្រហារមកលើរដ្ឋនេះ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយបានឆក់យកជីវិតសមាជិកគ្រួសារគាត់ ៧នាក់។ គាត់បានចែកចាយថា “ខ្ញុំនៅតែអាចញញឹម ព្រោះខ្ញុំដឹងថា ព្រះអង្គនៅតែគង់នៅជាមួយខ្ញុំ”។ ទោះបេះដូងគាត់បានខ្ទេចខ្ទាំ ដោយសារទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ទីបន្ទាល់របស់គាត់បានផ្តល់ឲ្យនូវការលើកទឹកចិត្តដ៏មានអំណាច សម្រាប់អ្នកដែលកំពុងប្រឈមមុខដាក់បញ្ហាប្រឈមដ៏ពិបាក។
ព្រះបន្ទូលរបស់ស្តេចដាវីឌ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក២២(ដែលបានចង្អុលបង្ហាញទៅរកការរងទុក្ខរបស់ព្រះយេស៊ូវ) គឺជាពាក្យពេចន៍ ដែលស្តេចដាវីឌបានបន្លឺឡើង ពេលដែលទ្រង់មានអារម្មណ៍ថា ព្រះអម្ចាស់បានបោះបង់ចោលទ្រង់(ខ.១) អ្នកដទៃបានស្អប់ខ្ពើម និងចំអកឲ្យទ្រង់(ខ.៦-៨) ហើយកំពុងស្ថិតក្នុងការហ៊ុមព័ទ្ធរបស់ពួកមនុស្សដែលកំពុងតាមសម្លាប់ទ្រង់(ខ.១២-១៣)។ ទ្រង់មានអារម្មណ៍ទន់ខ្សោយ ហើយខ្សោះអស់កម្លាំង(ខ.១៤-១៨) តែទ្រង់មិនទាន់អស់សង្ឃឹមទេ។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង”(ខ.១៩)។ បញ្ហាប្រឈមដែលអ្នកកំពុងជួបប្រទះ ប្រហែលមិនពិបាកដូចស្តេចដាវីឌ ឬអ្នកស្រីឡាទ្រីសទេ តែពិតជាអាចធ្វើឲ្យអ្នកមានការពិបាក។ តែយើងអាចរកឃើញការកម្សាន្តចិត្តដ៏មានន័យ ក្នុងខ.២៤ ដែលបានចែងថា “ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្តីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម”។ ពេលណាយើងបានដកពិសោធន៍ជាមួយនឹងជំនួយរបស់ព្រះអង្គហើយ ចូរយើងប្រកាស អំពីសេចក្តីល្អរបស់ព្រះអង្គ ដើម្បីឲ្យអ្នកដទៃបានឮអំពីសេចក្តីល្អរបស់ព្រះអង្គផងដែរ(ខ.២២)។—Arthur Jackson
តើការចែកចាយទីបន្ទាល់អំពីសេចក្តីសប្បុរសរបស់ព្រះ ជាមួយអ្នកដទៃមានអត្ថប្រយោជន៍អ្វីខ្លះ? ហេតុអ្វីការប្រកបជាមួយបងប្អូនក្នុងព្រះគ្រីស្ទមានសារៈសំខាន់?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមថ្វាយភាពអស់សង្ឃឹមរបស់ទូលបង្គំដល់ព្រះអង្គ។ សូមព្រះអង្គប្រទានក្តីសង្ឃឹម ក្នុងចិត្តទូលបង្គំ ហើយជួយទូលបង្គំឲ្យសរសើរដំកើងព្រះនាមព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:៨៩-១៧៦ និង ១កូរិនថូស ៨