សូមអាន : យ៉ូប ១:១៣-២២
ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១
បន្ទាប់ពីលោកស៊ីសា(Cesar) រកបានប្រាក់ចំណេញជាច្រើន ពីការសាងសង់ស្ពាន វិមាន និងអគារធំៗ គាត់ក៏បានបែកគំនិតបង្កើតមុខរបរថ្មីមួយ។ ដូចនេះ គាត់ក៏បានលក់ក្រុមហ៊ុនដំបូងរបស់គាត់ ហើយក៏បានយកប្រាក់ទៅរក្សាទុកក្នុងធនាគារ ដោយមានគម្រោងយកវាទៅវិនិយោគ ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងអំឡុងពេលដ៏ខ្លីនោះ រដ្ឋាភិបាលរបស់គាត់ក៏បានរឹបអូសទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដែលបានរក្សាទុកក្នុងគណនីធនាគារ។ ប្រាក់សន្សំរបស់លោកស៊ីសាពេញមួយជីវិតក៏បានរលាយបាត់អស់ តែមួយពព្រិចភ្នែក។
លោកស៊ីសាមិនបានជ្រើសរើសយកការរអ៊ូរទាំ ចំពោះភាពអយុត្តិធម៌នេះទេ តែគាត់ក៏បានទូលសូមព្រះអម្ចាស់ បង្ហាញផ្លូវគាត់ ដែលត្រូវបោះជំហានទៅមុខទៀត។ បន្ទាប់មក គាត់គ្រាន់តែបានចាប់ផ្តើមពីចំណុចសូន្យឡើងវិញ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកយ៉ូប។ ប៉ុន្តែ លោកយ៉ូបមិនគ្រាន់តែបានបាត់បង់ទ្រព្យសម្បត្តិ ក្នុងពេលដ៏ខ្លីប៉ុណ្ណោះទេ។ គាត់បានបាត់បង់កូនៗ និងអ្នកបម្រើរបស់គាត់(យ៉ូហាន ១:១៣-២២)។ បន្ទាប់មក គាត់ក៏បានធ្លាក់ខ្លួនឈឺទៀត(២:៧-៨)។ ការឆ្លើយតបរបស់លោកយ៉ូបនៅតែជាគំរូដ៏ល្អរបស់យើង នៅគ្រប់សម័យកាល។ ក្នុងពេលដ៏សោកសៅបំផុតនោះ គាត់បានអធិស្ឋានថា “ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ”(១:២១)។ ចុងបញ្ចប់នៃជំពូក១នៃកណ្ឌគម្ពីរយ៉ូប បានធ្វើការសន្និដ្ឋានថា “ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”(ខ.២២)។
លោកស៊ីសាបានជ្រើសរើសយកការទុកចិត្តព្រះ មិនខុសពីលោកយ៉ូបទេ។ ក្នុងរយៈពេលតែពីរបីឆ្នាំ គាត់បង្កើតបានមុខជំនួញថ្មីមួយ ដែលមានជោគជ័យជាងមុខជំនួញទីមួយទៅទៀត។ រឿងរបស់គាត់មានលក្ខណៈដូចចុងបញ្ចប់នៃរឿងរបស់លោកយ៉ូបផងដែរ(មើលយ៉ូប ៤២)។ តែបើសិនជាលោកស៊ីសាមិនអាចរកបានទ្រព្យសម្បត្តិឡើងវិញ ក៏គាត់នៅតែចាំថា ទ្រព្យសម្បត្តិពិតប្រាកដរបស់គាត់ មិនមាននៅលើផែនដីនេះទេ(ម៉ាថាយ ៦:១៩-២០)។ គាត់នៅតែត្រូវបន្តទុកចិត្តព្រះអង្គជានិច្ច។—Tim Gustafson
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលអ្នកមានការបាត់បង់ដ៏ធំបំផុត? តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនអ្នកអំពីអ្វីខ្លះ តាមរយៈការបាត់បង់របស់អ្នក?
ឱព្រះអម្ចាស់ សូមព្រះអង្គបង្រៀនទូលបង្គំឲ្យមានជំនឿដ៏រឹងមាំ ហើយទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅពេលដែលទូលបង្គំជួបការលំបាក ឬទទួលបរាជ័យ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៣-១២៥ និង ១កូរិនថូស ១០:១-១៨