ព្រះអង្គដឹកនាំតាមផ្លូវដែលយើងមិនស្គាល់

សូមអាន ទំនុក​ដំកើង ១៤២

កាល​វិញ្ញាណ​ទូល​បង្គំ​បាន​អន់ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូល​បង្គំ គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូល​បង្គំ​ដើរ​។ ទំនុក​ដំកើង ១៤២:៣

មាន​ពេល​មួយ​ខ្ញុំ​បាន​ចូល​រួម​ការ​រត់​ប្រណាំង​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ ប្រាយអិន(Brian)។ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ ហើយ​គិតថា ប្រហែល​ជា​ខ្ញុំ​មិន​គួរ​ចូល​រួម​ជាមួយ​គាត់​ទេ​។ ការ​ប្រកួត​នោះ​ប្រព្រឹត្ត​នៅ​ប្រទេស​ដទៃ ហើយ​ខ្ញុំ​មិន​ដឹង​ថា យើង​អាច​រត់​បាន​ចម្ងាយ​ប៉ុន្មាន ឬ​ដោយ​របៀបណា ហើយ​ត្រូវ​រត់​កាត់​តាម​សណ្ឋាន​ដី​ប្រភេទ​ណា​ទេ​។ ម្យ៉ាង​ទៀត គាត់​ជា​អ្នក​រត់លឿន​។ តើ​ខ្ញុំ​នឹង​ថ្លោះ​ករ​ជើង ពេល​ខ្ញុំ​ខំ​រត់​ឲ្យ​ទាន់​គាត់​ឬ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ តើ​ត្រូវ​ទុក​ចិត្ត​ប្រាយអិន ព្រោះ​គាត់​ស្គាល់​ផ្លូវ​ច្បាស់​ឬ? ពេល​ការ​រត់​ប្រណាំង​ចាប់​ផ្តើម ខ្ញុំ​មាន​ការ​ថប់​បារម្ភ​កាន់តែ​ខ្លាំង​។ ផ្លូវ​សម្រាប់​រត់​មាន​ភាព​រដិប​រដុប បត់​ចុះ​បត់​ឡើង កាត់​តាម​ព្រៃ​ក្រាស់​មួយ នៅ​លើ​ផ្លូវ​ឡើង​ទួល និង​ចុះ​ចំណោទ​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រាយ​អិន​ចេះតែ​បន្ត​ងាក​មក​មើល​ខ្ញុំ​នៅ​ក្រោយ​គាត់ ហើយ​ដាស់តឿន​ខ្ញុំ អំពី​ផ្លូវ​ដ៏​ពិបាក​នៅ​ខាង​មុខ​។

មនុស្ស​ជា​ច្រើន​នៅ​សម័យ​ព្រះ​គម្ពីរ ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ឯង ពេល​ដែល​ពួកគេ​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​ពួកគេ​មិន​ស្គាល់​។ ឧទាហរណ៍ លោក​អ័ប្រាហាំ​ចូល​ទឹកដី​កាណាន ជនជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​វាល​រហោស្ថាន និង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ចេញទៅ​បំពេញ​បេសកកម្ម​ផ្សាយ​ដំណឹង​ល្អ​។ ពួកគេ​មិន​ដឹង​ថា ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​នឹង​មាន​លក្ខណៈ​យ៉ាងណា​ទេ គឺ​គ្រាន់តែ​ដឹង​ថា ពួកគេ​មុខ​ជា​ជួប​ការ​លំបាក​។ ប៉ុន្តែ ព្រះ​ដែល​ដឹកនាំ​ពួកគេ ព្រះអង្គ​ស្គាល់​ផ្លូវ​នៅ​ខាង​មុខ​ច្បាស់​។ ពួកគេ​ត្រូវតែ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​សម្រាប់​ប្រឈម​មុខ​ដាក់​ការ​លំបាក ហើយ​ព្រះអង្គ​នឹង​ថែរក្សា​ពួកគេ​។ ពួកគេ​អាច​ដើរ​តាម​ព្រះអង្គ​បាន ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ថា មាន​អ្វី​ខ្លះ​នៅ​ខាង​មុខ​។

ការ​ធានា​នេះ​បាន​កម្សាន្ត​ចិត្ត​ស្តេច​ដាវីឌ កាល​ទ្រង់​កំពុង​រត់​គេច​ពី​ការ​តាម​សម្លាប់​។ ទោះ​ទ្រង់​ដឹង​អំពី​ពេល​អនាគត ទ្រង់​បាន​ទូល​ដល់​ព្រះ​អម្ចាស់​ថា “កាល​វិញ្ញាណ​ទូល​បង្គំ​បាន​អន់ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូល​បង្គំ”(ទំនុក​ដំកើង ១៤២:៣)។ មាន​ពេល​ខ្លះ​ក្នុង​ជីវិត​យើង យើង​មាន​ការ​ភ័យ​ខ្លាច​ឧបសគ្គ​ដែល​យើង​អាច​ជួប​នៅពេល​ខាង​មុខ​។ តែ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​នៃ​យើង ដែល​យាង​ទៅជា​មួយ​យើង ព្រះអង្គ​ស្គាល់​ផ្លូវ​ច្បាស់​។—Leslie Koh

តើមាន​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​បំផុត​ក្នុង​ជីវិត? តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​នឹក​ចាំ​ថា ព្រះ​ទ្រង់​កំពុង​ដើរ​ជាមួយ​អ្នក ហើយ​ស្គាល់​ផ្លូវ​ខាង​មុខ?

ឱ​ព្រះវរបិតា ទូល​បង្គំ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង តែ​ព្រះអង្គ​ជ្រាប​។ ទូល​បង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ថែរក្សា​ទូល​បង្គំ ហើយ​ដឹកនាំ​ទូល​បង្គំ​គ្រប់​ជំហាន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១៣២-១៣៤ និង ១កូរិនថូស ១១:១៧-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles