ចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ

សូមអាន : យ៉ាកុប ៣:២-១១

តែឯអណ្តាត​វិញ នោះ​គ្មាន​អ្នកណា​អាច​នឹង​ផ្សាំង​បាន​ឡើយ​។ យ៉ាកុប ៣:៨

ខ្យល់​ដែល​បក់​មក​មាន​ក្លិន​ក្រោល​សត្វ និង​ស្រូវ​សាឡី​សម្រាប់​សត្វ​សេះ ខណៈ​ពេល​ដែល​យើង​កំពុង​ឈរ នៅ​កន្លែង​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ មីស៊ែល(Michelle) កំពុង​បង្រៀន​កូន​ស្រី​ខ្ញុំ​អំពី​របៀប​ជិះ​សេះ​។ កូន​សេះ​របស់​មីស៊ែល​បាន​ហា​រមាត់​ឡើង ខណៈ​ពេល​ដែល​នាង​កំពុង​បង្ហាញ​របៀប​ដាក់​បង្ហៀរ​នៅ​ក្នុង​មាត់​របស់​វា​។ មីស៊ែល​ក៏​បាន​បត់​ខ្សែ​បង្ហៀរ​មកដល់​ខាង​ក្រោយ​ត្រចៀក​របស់​វា ហើយក៏​បាន​ពន្យល់​ថា បង្ហៀរ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​អ្នក​ជិះ​សេះ ឲ្យ​អាច​បន្ថយ​ល្បឿន​របស់​សេះ ហើយ​បត់​វា​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ​បាន​។

បង្ហៀរ​របស់​សត្វ​សេះ​តូច​ទេ តែ​មាន​សារៈសំខាន់ មិន​ខុស​ពី​អណ្តាត​របស់​យើង​ទេ​។ គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្វី​ដែល​ធំ និង​មាន​អំណាច​។ គឺ​ដូច​ដែល​បង្ហៀរ​មាន​អំណាច​មក​លើ​សត្វ​សេះ ហើយ​អណ្តាត​មាន​អំណាច​មក​លើ​ពាក្យ​សម្តី​របស់​យើង(យ៉ាកុប ៣:៣,៥)។

ពាក្យ​សម្តី​របស់​យើង​អាច​បន្លឺ​ចេញ​មក ទៅតាម​ទិសដៅ​ខុស​គ្នា​។ “ដោយសារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះវរបិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើតមក​តាម​រូប​អង្គ​ព្រះ​ផង”(ខ.៩)។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ព្រះ​គម្ពីរ​បាន​ដាស់តឿន​យើង​ថា យើង​ពិបាក​គ្រប់​គ្រង​ពាក្យ​សម្តី​របស់​យើង​ខ្លាំង​ណាស់ ព្រោះ​ពាក្យ​សម្តី​ចេញពី​ចិត្ត​របស់​យើង(លូកា ៦:៤៥)។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ដែល​គង់នៅ​ក្នុង​ចិត្ត​អ្នកជឿ​ម្នាក់ៗ ជួយ​យើង​មាន​ភាព​អត់​ធ្មត់ ស្លូតបូត និង​ដឹង​ខ្មាត(កាឡាទី ៥:២២-២៣)។ ពេលណា​យើង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ ចិត្ត​របស់​យើង​ក៏បាន​ផ្លាស់​ប្រែ ហើយ​ការ​និយាយ​ស្តី​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ការ​ប្រទេច​ផ្តាសា​ក៏បាន​ប្រែ​ជា​ការ​សរសើរ​ដំកើង​។ ការ​និយាយ​កុហក​ក៏​ប្រែ​ជា​ការ​និយាយ​តែ​ការ​ពិត​។ ការរិះគន់​ក៏​បាន​កែ​ប្រែ​ជា​ការ​លើក​ទឹក​ចិត្ត​។

ការ​ផ្សាំង​អណ្តាត​មិន​គ្រាន់តែ​ជា​ការ​ហ្វឹក​ហាត់​ខ្លួន​យើង ឲ្យ​និយាយ​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ​។ វា​ក៏​ជា​ការ​ទទួលយក​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ឲ្យ​ពាក្យ​សម្ដី​របស់​យើង បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​ការ​លើក​ទឹក​ចិត្ត ដែល​ពិភពលោក​កំពុង​ត្រូវ​ការ​។—Jennifer Benson Schuldt

តើ​ពាក្យ​សម្តី​របស់​អ្នក បាន​បង្ហាញ​ចេញ​នូវ​អ្វី​ខ្លះ​ដែល​មាន​ក្នុង​ចិត្ត​អ្នក? តើ​ការ​ចុះ​ចូល​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ឲ្យ​ពាក្យ​សម្តី​អ្នក​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​កែ​ប្រែ​ចិត្ត​ទូល​បង្គំ ដើម្បី​ឲ្យ​ពាក្យ​សម្តី​ទូល​បង្គំ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដទៃ និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ​។

គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ៦-៧ និង ២កូរិនថូស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles