ព្រឹក

អំណាចនៃការនៅស្ងៀម
ដោយKimya Loder
September 11, 2023
សូមអាន : ទំនុកដំកើង ៣៧:៥-៧ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ។ ទំនុកដំកើង ៣៧:៧ មានបន្ទប់មួយ ដែលមានទឹកធ្វើឲ្យខ្លួនមនុស្សអណ្តែតយ៉ាងមានផាសុខភាព ហើយគេក៏បានបិទភ្លើងក្នុងបន្ទប់នោះ រួចភ្លេងដ៏ស្រទន់ដែលគេបានចាក់ឲ្យស្តាប់ ក៏បានប្រែជាស្ងប់ស្ងាត់។ ខ្ញុំបានអានអត្ថបទមួយ ដែលបានបកស្រាយថា បន្ទប់ដ៏ស្ងប់ស្ងាត់នេះជួយឲ្យយើងមានភាពធូរស្រាល ពីភាពតានតឹង និងការថប់បារម្ភ។ ខ្ញុំមិនដែលបានដឹងអំពីរឿងនេះពីមុនមកទេ។ បន្ទប់នោះ ធ្វើឲ្យគេមានអារម្មណ៍ថា ភាពវឹកវរក្នុងលោកិយបានឈប់ ហើយគេអាចមានការគិតដ៏ច្បាស់លាស់ នៅក្នុងចិត្ត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំថា មានអំណាច ក្នុងការនៅស្ងៀម។ យើងអាចសម្រាក យ៉ាងមានផាសុខភាពបំផុត ពេលណាយើងនៅស្ងៀម ក្នុងព្រះវត្តមានព្រះ ដែលបានជួយឲ្យយើងមានកម្លាំងឡើងវិញ ហើយប្រទានយើងនូវប្រាជ្ញា ដែលយើងត្រូវការ ដើម្បីប្រឈមមុខដាក់បញ្ហា ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។ ពេលណាយើងនៅស្ងៀម ក្នុងព្រះវត្តមានព្រះអង្គ ក្នុងពេលស្ងប់ស្ងាត់ ដោយដកចេញការរំខានក្នុងជីវិតយើង ព្រះអង្គនឹងប្រទានកម្លាំងយើង ឲ្យអាចស្តាប់ឮព្រះសូរសៀងព្រះអង្គកាន់តែច្បាស់(ទំនុកដំកើង ៣៧:៧)។ បន្ទប់ដែលជួយឲ្យអារម្មណ៍ស្ងប់នោះ ទោះស្ងាត់ស្ងៀមយ៉ាងណាក៏ដោយ បើគ្មានការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គទេ នោះវាគ្មានប្រយោជន៍ខាងវិញ្ញាណឡើយ។ ហេតុនេះហើយ ព្រះអង្គបានប្រទានយើងនូវរបៀបដ៏សាមញ្ញ សម្រាប់ចំណាយពេលស្ងាត់ស្ងៀម ដោយគ្មានការរំខានជាមួយព្រះអង្គ។ ព្រះអង្គមានបន្ទូលថា “តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ”(ម៉ាថាយ ៦:៦)។ ព្រះអង្គនឹងដឹកនាំជំហានរបស់យើង ហើយអនុញ្ញាតឲ្យសេចក្តីសុចរិតរបស់ព្រះអង្គ បញ្ចេញពន្លឺមក ភ្លឺច្បាស់ តាមរយៈយើង ពេលណាយើងស្វែងរកចម្លើយ សម្រាប់បញ្ហាប្រឈមនៃជីវិត ដោយនៅស្ងៀម ក្នុងព្រះវត្តមានដ៏មានចេស្ដារបស់ព្រះអង្គ(ទំនុកដំកើង ៣៧:៥-៦)។—Kimya Loder
តើអ្នកបានចំណាយពេលធ្វើកិច្ចការសំខាន់ៗអ្វីខ្លះ ជារៀងរាល់ថ្ងៃ? តើអ្នកអាចញែកពេលបន្ថែម ដើម្បីឲ្យអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំមានការមមាញឹកច្រើន នៅក្នុងល្បឿនដ៏លឿននៃជីវិត។ សូមព្រះអង្គជួយទូលបង្គំឲ្យនៅស្ងៀម ដោយញែកពេលបន្ថែមទៀតថ្វាយព្រះអង្គ ក្នុងការរស់នៅប្រចាំថ្ងៃ។
For further study, read In His Presence: Spending Time with God at DiscoverySeries.org/Q0718.
គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ១៣-១៥ និង ២កូរិនថូស ៥
ល្ងាច

សេចក្តីជំនឿជាអំណោយ
ដោយUltimately with R.C. Sproul
September 11, 2023
ជំនឿដែលសង្គ្រោះឲ្យរួចពីបាប មិនបានកើតចេញពីការសម្រេចចិត្តរបស់មនុស្សនោះទេ តែជាអំណោយមកពីព្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកទឹកចិត្តយើង ឲ្យកោតស្ញប់ស្ញែងសេចក្តីមេត្តាដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ដែលបានបង្ហាញចេញមក នៅពេលដែលគ្រីស្ទបរិស័ទម្នាក់ៗប្រែចិត្តទទួលជឿព្រះអង្គ។ អត្ថបទ នៅពេលដែលអ្នកទទួលជឿព្រះយេស៊ូវ គឺមិនមានន័យថា អ្នកបានធ្វើឲ្យជំនឿនោះកើតមាន ក្នុងចិត្តអ្នកឡើយ។ ជំនឿនោះមិនបានកើតចេញ ឬលេចឡើងពីសណ្ឋាននៃការស្លាប់ខាងវិញ្ញាណរបស់អ្នកនោះទេ។ ពេលនោះ អ្នកប្រហែលបានឮដំណឹងល្អជាលើកដំបូង ហើយក៏បានឆ្លើយតបចំពោះដំណឹងល្អ ដោយការពេញចិត្ត ហើយក៏បានឱបក្រសោបយកដំណឹងល្អ ហើយអ្នកប្រហែលជាគិតថា “ទីបំផុត ខ្ញុំបានសម្រេចចិត្តទទួលជឿព្រះយេស៊ូវហើយ”។ តាមពិត សេចក្តីជំនឿដែលនាំឲ្យបានសង្រ្គោះ មិនបានកើតចេញពីការសម្រេចចិត្តរបស់មនុស្សឡើយ។ តែជាអំណោយមកពីព្រះ។ សូមយើងនឹកចាំ អំពីការបកស្រាយរបស់សាវ័កប៉ុល អំពីបញ្ហានេះ ក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ យ៉ាងដូចនេះថា “ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្តីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ”(អេភេសូរ ២:១-៣)។ តើអ្នកយល់ការបង្រៀនរបស់សាវ័កប៉ុលត្រង់ចំណុចនេះទេ? គាត់កំពុងតែប្រាប់យើងថា ព្រះទ្រង់បានប្រោសឲ្យយើងមានជីវិតរស់។ ព្រះអង្គបានធ្វើឲ្យយើងមានជីវិតរស់ឡើង។ នេះជារបៀបដែលព្រះគម្ពីរពិពណ៌នា អំពីការកើតជាថ្មី។ គឺព្រះទេ ដែលបានធ្វើឲ្យអ្នកកើតជាថ្មី។ តើនៅពេលណា? តើនៅពេលដែលអ្នកបានចាកចេញពីការរស់នៅដូចកូនពៅវង្វេង ហើយវិលត្រឡប់មករកផ្ទះវិញឬ? ទេ គឺនៅពេលដែលអ្នកកំពុងស្លាប់ក្នុងអំពើបាប និងអំពើរំលង។ គឺនៅពេលដែលអ្នកកំពុង ប្រព្រឹត្តតាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស និងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ដូចមនុស្សទូទៅ។ ខណៈពេលដែលអ្នកកំពុងស្ថិតនៅក្នុងសណ្ឋាននៃសេចក្តីស្លាប់ខាងវិញ្ញាណនោះ ព្រះអង្គបានលូកព្រះហស្តមកពាល់វិញ្ញាណរបស់អ្នក ហើយនាំអ្នកចូលទៅក្នុងជីវិតខាងវិញ្ញាណ ដោយព្រះគុណ និងសេចក្តីមេត្តាដែលយើងមិនអាចពិពណ៌នាបាន។