ព្រឹក

ចូរត្រាប់តាមព្រះយេស៊ូវវិញ
ដោយXochitl Dixon
September 15, 2023
សូមអាន : រ៉ូម ១២:១-២ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:១-២ កាលពីឆ្នាំ២០១៤ ជីវវិទូមួយក្រុមចាប់បានសត្វសេះសមុទ្រមាឌតូចល្អិតពណ៌ទឹកក្រូចមួយគូរ ក្នុងសមុទ្ររបស់ប្រទេសភីលីពីន។ ពួកគេក៏បានយកសត្វសមុទ្រទាំងពីរក្បាល ព្រមទាំងផ្កាសមុទ្រសំប៉ែតដែលជាផ្ទះរបស់វាមានរាងដូចផ្លឹត ទៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វូញ៉ា ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ អ្នកវិទ្យាសាស្ត្រចង់ដឹងថាសត្វសេះសមុទ្រមាឌតូចល្អិតមួយគូរនោះបានកើតមានដោយមានពណ៌សម្បុរ ស្របទៅតាមពណ៌របស់មេបាវា ឬស្របទៅតាមបរិស្ថានជុំវិញខ្លួនពួកវា។ ពេលដែលសត្វសេះសមុទ្រមួយគូរនោះបង្កើតបានកូនពណ៌ត្នោត អ្នកវិទ្យាសាស្ត្រក៏បានយកផ្កាថ្មសំប៉ែតពណ៌ស្វាយមកដាក់ក្នុងអាងទឹក។ កូនតូចៗដែលមេបាវាមានពណ៌ទឹកក្រូច ក៏បានផ្លាស់ប្តូរពណ៌សំបុរ ទៅជាពណ៌ស្វាយ ឲ្យត្រូវនឹងពណ៌ផ្កាថ្មសំប៉ែតនោះ។ ដូចនេះ ដោយសារសត្វសេះសមុទ្រមានជីវិតដ៏ផុយស្រួយពីកំណើត ពួកវាត្រូវពឹងផ្អែកទៅលើសមត្ថភាពដែលព្រះបានប្រទានពួកវា ឲ្យចេះបន្លំខ្លួន នៅក្នុងបរិស្ថានដែលពួកវារស់នៅ។ ការបន្លំខ្លួនគឺជាយន្តការការពារខ្លួនដ៏មានប្រយោជន៍ នៅក្នុងធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់បានអញ្ជើញមនុស្សទាំងអស់ ឲ្យទទួលសេចក្តីសង្រ្គោះ ហើយរស់នៅឲ្យខុសប្លែកពីលោកិយ ដែលយើងកំពុងតែរស់នៅ។ គឺដូចដែលសាវ័កប៉ុលបានជំរុញអ្នកជឿព្រះយេស៊ូវ ឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតពួកគេ ឲ្យថ្វាយបង្គំព្រះអង្គ ដោយថ្វាយរូបកាយ ដូចជា “ដង្វាយរស់”(រ៉ូម ១២:១)។ ដោយសារភាពផុយស្រួយរបស់យើង ជាមនុស្សដែលមានបាប សុខភាពខាងវិញ្ញាណរបស់យើងជាអ្នកជឿ ពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធ ដែល “កែប្រែចិត្តគំនិតយើងជាថ្មី” ហើយប្រទានកម្លាំងយើង ឲ្យជៀសវាងការត្រាប់តាមលោកិយ ដែលបដិសេធព្រះ ហើយលើកដំកើងអំពើបាប(ខ.២)។ ការត្រាប់តាមលោកិយនេះ គឺជាការរស់នៅផ្ទុយនឹងការបង្រៀនក្នុងព្រះគម្ពីរ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចមើលទៅមនុស្សក្នុងលោកិយ ដោយស្រឡាញ់ពួកគេ តាមគំរូព្រះអង្គ។—Xochitl Dixon
តើអ្នកបានត្រាប់តាមលោកិយដែរឬទេ? តើព្រះទ្រង់បានកែប្រែអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គកែប្រែទូលបង្គំ ឲ្យមានលក្ខណៈដូចព្រះយេស៊ូវ ជារៀងរាល់ថ្ងៃ។
To learn more about how to develop a biblical worldview, visit ODBU.org/courses/WE102.
គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ២៥-២៦ និង ១កូរិនថូស ៩
ល្ងាច

សេចក្តីមេត្តារបស់ព្រះ សម្រាប់ថ្ងៃនេះ
ដោយJohn Piper
September 15, 2023
ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ បរិទេស ៣២:២-២៣ សេចក្តីមេត្តាកុរណារបស់ព្រះ តែងតែថ្មីជានិច្ច ព្រោះព្រះអង្គប្រទានសេចក្តីមេត្តាករុណា ដែលព្រះអង្គប្រទាននៅ ថ្ងៃនីមួយៗ គឺគ្រប់គ្រាន់ល្មមសម្រាប់តែថ្ងៃនោះឯង។ ព្រះទ្រង់អនុញ្ញាតឲ្យមានបញ្ហាជារៀងរាល់ថ្ងៃ ហើយក៏ប្រទានសេចក្តីមេត្តាសម្រាប់ថ្ងៃនីមួយៗ។ ក្នុងជីវិតរបស់កូនព្រះអង្គ ព្រះអង្គបានមានផែនការឥតខ្ចោះ សម្រាប់ពួកគេ។ ព្រះយេស៊ូវមានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្តីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ”(ម៉ាថាយ ៦:៣៤)។ ថ្ងៃនីមួយៗ គឺមានបញ្ហារៀងៗខ្លួន។ ថ្ងៃនីមួយៗក៏មានសេចក្តីមេត្តាផ្ទាល់ៗខ្លួន។ ព្រះទ្រង់ប្រទានសេចក្តីមេត្តាជាថ្មី នៅពេលព្រឹកនៃថ្ងៃថ្មី។ តែជាញឹកញាប់ យើងច្រើនតែអស់សង្ឃឹម ពេលណាយើងគិតថា យើងប្រហែលជាជួបការលំបាក ដោយសារថ្ងៃស្អែក យើងត្រូវប្រើធនធាន ដែលយើងមាននៅថ្ងៃនេះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងដឹងថា យើងមិនចាំបាច់ត្រូវព្រួយបារម្ភឡើយ។ សេចក្តីមេត្តានៅថ្ងៃនេះ គឺមានសម្រាប់បញ្ហានៅថ្ងៃនេះ។ សេចក្តីមេត្តានៅថ្ងៃស្អែក គឺសម្រាប់បញ្ហានៅថ្ងៃស្អែក។ ជួនកាល យើងឆ្ងល់ថា តើយើងនឹងមានសេចក្តីមេត្តាពីព្រះ សម្រាប់ការប្រឈមមុខដាក់ការល្បងលឬទេ? ជាការពិតណាស់ យើងនឹងមាន។ គឺដូចដែលសាវ័កពេត្រុសមានប្រសាសន៍ថា “បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ”(១ពេត្រុស ៤:១៤)។ ពេលណាការត្មះតិះដៀលបានមកដល់ នោះព្រះវិញ្ញាណនៃសិរីល្អក៏មានព្រះវត្តមានផងដែរ។ ការនេះបានកើតឡើងចំពោះលោកស្តេផាន ពេលដែលគេសម្លាប់គាត់ ដោយចោលនឹងថ្ម។ វាក៏នឹងកើតឡើងចំពោះអ្នកផងដែរ។ ពេលណាយើងត្រូវការព្រះវិញ្ញាណ និងសិរីល្អ នោះព្រះវិញ្ញាណ និងសិរីល្អនឹងមក។ ព្រះទ្រង់ប្រទាននំម៉ាណា ជាប្រចាំថ្ងៃ នៅវាលរហោស្ថាន តែមួយថ្ងៃម្តងប៉ុណ្ណោះ។ គ្មានការរក្សាទុកសម្រាប់ថ្ងៃស្អែកទេ។ នេះហើយជារបៀបដែលយើងត្រូវតែពឹងផ្អែកសេចក្តីមេត្តាករុណារបស់ព្រះ។ អ្នកមិនបានទទួលកម្លាំងនៅថ្ងៃនេះ សម្រាប់សែងបន្ទុកនៅថ្ងៃស្អែកនោះទេ។ ព្រះទ្រង់ប្រទានសេចក្តីមេត្តាដល់អ្នក នៅថ្ងៃនេះ គឺសម្រាប់បញ្ហានៅថ្ងៃនេះ។ ថ្ងៃស្អែក សេចក្តីមេត្តានឹងមានជាថ្មីទៀត។ “ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្តីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់”(១កូរិនថូស ១:៩)។