ព្រឹក

ផ្សាយព្រះបន្ទូលដោយប្រើសំណួរ
ដោយDave Branon
September 16, 2023
សូមអាន : លូកា ១៨:៣៥-៤៣ តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក? គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង។ លូកា ១៨:៤១ មានពេលមួយអ្នកស្រីអាន(Ann) ត្រូវទៅជួបពេទ្យធ្មេញ ដើម្បីធ្វើការពិនិត្យធ្មេញ។ គាត់ស្គាល់គ្រូពេទ្យនោះជាច្រើនឆ្នាំមកហើយ។ គ្រូពេទ្យបានសួរគាត់ថា “តើអ្នកមានអ្វីចង់សួរខ្ញុំទេ?” គាត់ក៏បានសួរគ្រូពេទ្យថា “ចាស លោកគ្រូបានទៅព្រះវិហារទេ កាលអាទិត្យមុន?” គាត់មិនបានសួរសំណួរនេះ ក្នុងន័យវិនិច្ឆយមកលើជំនឿរបស់លោកគ្រូពេទ្យនោះទេ តែគ្រាន់តែចង់ចាប់ផ្តើមការសន្ទនាអំពីជំនឿ។ លោកគ្រូពេទ្យធ្លាប់ទៅព្រះវិហារកាលពីក្មេង ហើយឈប់ទៅព្រះវិហារជាច្រើនឆ្នាំមកហើយ។ ដោយសារសំណួររបស់អ្នកស្រីអាន និងការសន្ទនានៅថ្ងៃនោះ គាត់ក៏បានពិចារណាឡើងវិញ អំពីតួនាទីរបស់ព្រះយេស៊ូវ និងពួកជំនុំក្នុងជីវិតគាត់។ ក្រោយមក អ្នកស្រីអានក៏បានជូនព្រះគម្ពីរមួយក្បាល ដល់គាត់ ដោយបានសរសេរឈ្មោះគាត់នៅលើព្រះគម្ពីរនោះ។ គាត់ក៏បានទទួលព្រះគម្ពីរទាំងទឹកភ្នែក។ ជួនកាល យើងខ្លាចការប្រកែកគ្នាកើតមានឡើង ឬមិនចង់ឲ្យគេគិតថា យើងមានភាពគឃ្លើន នៅក្នុងការចែកចាយអំពីជំនឿរបស់យើង។ ប៉ុន្តែ ការសួរសំណួរ អាចជាវិធីសាស្រ្តដែលមានប្រសិទ្ធភាព ដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ក្នុងនាមព្រះយេស៊ូវជាព្រះ ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ តែព្រះអង្គពិតជាបានសួរសំណួរជាច្រើន ពេលព្រះអង្គប្រកាសដំណឹងល្អ។ យើងអាចដឹងថា សំណួររបស់ព្រះអង្គបានជំរុញចិត្តអ្នកដទៃ ឲ្យឆ្លើយតបចំពោះព្រះអង្គ។ ឧទាហរណ៍ ព្រះអង្គបានសួរលោកអនទ្រេជាសាវ័ករបស់ព្រះអង្គថា “អ្នកមករកអី?”(យ៉ូហាន ១:៣៨)។ ព្រះអង្គក៏បានសួរលោកបាទីមេ ជាជនពិការភ្នែកថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?”(ម៉ាកុស ១០:៥១ លូកា ១៨:៤១)។ ព្រះអង្គក៏បានសួរបុរសស្លាប់ដៃជើងថា “តើអ្នកចង់បានជាឬទេ?”(យ៉ូហាន ៥:៦)។ ការផ្លាស់ប្រែក៏បានកើតឡើង សម្រាប់អ្នកទាំងអស់នោះ បន្ទាប់ពីព្រះយេស៊ូវបានចាប់ផ្តើមការសន្ទនាជាមួយពួកគេដោយការសួរសំណួរ។ តើមាននរណាខ្លះ ដែលអ្នកចង់ចូលទៅក្បែរ ដើម្បីចែកចាយអំពីជំនឿលើព្រះយេស៊ូវ? ចូរទូលសូមព្រះអង្គ ឲ្យប្រទានអ្នកនូវសំណួរ ដែលអ្នកត្រូវសួរពួកគេ។—Dave Branon
ហេតុអ្វីពេលខ្លះ ការសួរសំណួរជាការចាប់ផ្តើមការសន្ទនាបានល្អជាងការនិយាយប្រាប់ត្រង់ៗ? តើអ្នកមានសំណួរអ្វីខ្លះ សម្រាប់អ្នកដែលត្រូវការជំនួយខាងវិញ្ញាណ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យឈោងទៅរកអ្នកដទៃ តាមរបៀបដែលអាចនាំពួកគេទៅរកជីវិតផ្លាស់ប្រែ។
គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ២៧-២៩ និង ២កូរិនថូស ១០
ល្ងាច

ការឱបក្រសោបព្រះយេស៊ូវ
ដោយJohn Piper
September 16, 2023
ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង។ ១យ៉ូហាន ៥:៣-៤ សូមកត់សំគាល់ថា ៖ ការស្រឡាញ់ព្រះ គឺមិនគ្រាន់តែធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គប៉ុណ្ណោះទេ។ ការស្រឡាញ់ព្រះជាការមានចិត្តមួយប្រភេទ សម្រាប់ព្រះដែលមានន័យថា យើងមិនមានអារម្មណ៍ថា ការកាន់តាមព្រះរាជបញ្ជារបស់ព្រះ មិនមែនជាបន្ទុកធ្ងន់។ នេះបើយោងតាមកណ្ឌគម្ពីរយ៉ូហាន។ តែបន្ទាប់មក ព្រះអង្គដាក់សេចក្តីពិតនោះ ក្នុងន័យការកើតជាថ្មី និងជំនឿ ជាជាងសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលថា ហេតុនេះហើយ ការកាន់តាមបញ្ញត្តរបស់ព្រះ មិនមែនជាបន្ទុកធ្ងន់នោះទេ ៖ “ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”។ ហើយនៅទីបញ្ចប់ព្រះអង្គមានបន្ទូលទៀតថា “តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ”។ ដូចនេះ ការកើតជាថ្មីជម្នះឧបសគ្គរបស់លោកិយ ដែលរារាំងការកាន់តាមបញ្ញត្តិ ដោយគ្មានបន្ទុក ព្រោះការកើតជាថ្មី នាំឲ្យយើងមានជំនឿ។ ដូចនេះ ការអស្ចារ្យនៃការកើតជាថ្មីបង្កើតឲ្យមានជំនឿ ដែលឱបក្រសោបអ្វីគ្រប់យ៉ាង ដែលព្រះទ្រង់មានសម្រាប់យើង ក្នុងព្រះគ្រីស្ទ ដែលនាំឲ្យស្កប់ចិត្តលើសអ្វីទាំងអស់ ដែលនាំឲ្យយើងកាន់តែចង់ស្តាប់បង្គាប់ព្រះ ជាជាងតាមការល្បួងរបស់លោកិយ។ នេះហើយជាអត្ថន័យនៃការស្រឡាញ់ព្រះ។ លោកយ៉ូណាថាន អេដវើត(Jonathan Edwards) ជាទេវវិទូ និងគ្រូគង្វាលនៅសតវត្សរ៍ទី១៨ មានការពិបាកក្នុងការស្វែងយល់បទគម្ពីរនេះ ហើយក៏បានសន្និដ្ឋានថា “ជំនឿដែលនាំឲ្យបានសង្គ្រោះ ក៏បាននិយាយបង្ហើបអំពី … សេចក្តីស្រឡាញ់… សេចក្តីស្រឡាញ់ដែលយើងមានចំពោះព្រះ ដែលជួយយើងឲ្យអាចឈ្នះការលំបាក ក្នុងការកាន់តាមបញ្ញត្តិរបស់ព្រះ ដែលបង្ហាញថា សេចក្តីស្រឡាញ់ជាសេចក្តីដ៏សំខាន់ ក្នុងជំនឿដែលនាំឲ្យបានសង្គ្រោះ ជាជីវិត និងអំណាចនៃជំនឿ ដែលជួយឲ្យជំនឿបង្កើតលទ្ធផលដ៏អស្ចារ្យ”។ ខ្ញុំជឿថា លោកអេដវើត មានប្រសាសន៍ត្រូវ ហើយស្របតាមបទគម្ពីរជាច្រើន។ អាចនិយាយម្យ៉ាងទៀតថា ជំនឿលើព្រះគ្រីស្ទ គឺមិនគ្រាន់តែទទួលស្គាល់អ្វីដែលព្រះទ្រង់មាន សម្រាប់យើងប៉ុណ្ណោះទេ តែក៏បានឱបក្រសោបអ្វីគ្រប់យ៉ាងដែលព្រះទ្រង់មាន សម្រាប់យើងក្នុងព្រះគ្រីស្ទ។ លោកអេដវើតក៏មានប្រសាសន៍ផងដែរថា “ជំនឿពិតឱបក្រសោបព្រះគ្រីស្ទ តាមសេចក្តីណាក៏ដោយ ដែលព្រះគម្ពីរបានចែង អំពីការដែលព្រះអង្គយាងមករកមនុស្សមានបាបដ៏កំសត់”។ “ការឱបក្រសោប” នេះជាសេចក្តីស្រឡាញ់មួយប្រភេទ ដែលយើងមានចំពោះព្រះគ្រីស្ទ ដែលចាត់ទុកព្រះអង្គជាកំណប់ទ្រព្យមានតម្លៃលើសអ្វីៗទាំងអស់។ ដូចនេះ ខ.៣ និងខ.៤ ក្នុងបទគម្ពីរ ១យ៉ូហាន ជំពូក៥ មិនបាននិយាយផ្ទុយគ្នានោះទេ គឺដូចដែល ខ.៣ បានចែងថា សេចក្តីស្រឡាញ់ដែលយើងមានចំពោះព្រះ ជួយឲ្យយើងអាចកាន់តាមបញ្ញត្តិរបស់ព្រះអង្គ ហើយ ខ.៤ ចែងថា ជំនឿយើងជម្នះឧបសគ្គរបស់លោកិយ ដែលរារាំងយើងមិនឲ្យស្តាប់តាមបញ្ញត្តិរបស់ព្រះ។ សេចក្តីស្រឡាញ់ចំពោះព្រះ និងព្រះគ្រីស្ទ គឺបានបង្ហាញចេញមក ដោយមិនផ្ទាល់ ក្នុងសេចក្តីជំនឿ។ បន្ទាប់មក កណ្ឌគម្ពីរយ៉ូហានបានបកស្រាយថា ជំនឿដែលស្តាប់បង្គាប់គឺជា “អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ”(១យ៉ូហាន ៥:៥)។ ជំនឿនេះ “ឱបក្រសោប” ព្រះយេស៊ូវក្នុងពេលបច្ចុប្បន្ន ដោយទទួលស្គាល់ព្រះអង្គជាព្រះរាជបុត្រានៃព្រះ ជាព្រះពេញដោយសិរីល្អ។ គឺមិនគ្រាន់តែទទួលស្គាល់សេចក្តីពិតដែលថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ ព្រោះអារក្សក៏ជឿថាព្រះអង្គជាព្រះរាជបុត្រានៃព្រះផងដែរ។ “នោះវាស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយ និងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី”(ម៉ាថាយ ៨:២៩)។ ការជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ គឺជា “ការឱបក្រសោប” អត្ថន័យនៃសេចក្តីពិតនោះ ដែលជាតម្លៃនៃការពិតនោះ។ បានសេចក្តីថា យើងមានការស្កប់ចិត្ត ចំពោះព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ និងចំពោះអ្វីគ្រប់យ៉ាងដែលព្រះទ្រង់មានសម្រាប់យើង ក្នុងព្រះអង្គ។