សាររបស់ពួកហោរា

សូមអាន : យេរេមា ២៨:២-៤,១០-១៦

ឯ​ព្រះ​ដែល​ពីដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា …នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជបុត្រា​វិញ​។ ហេព្រើរ ១:១-២

មុន​ពេល​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល​អន្តរជាតិ ចាប់​ផ្តើម នៅ​ឆ្នាំ១៩០៦ លោកយូ ហ្វ៊ូឡឺតុន(Hugh Fullerton) ជា​អ្នក​និពន្ធ​អំពី​កីឡា បាន​ធ្វើ​ការ​ព្យាករណ៍​ទុកជា​មុន​។ គេ​បាន​រំពឹង​ថា ក្រុម​ឈីកាហ្គោ ខាប់(Chicago Cubs) នឹង​ឈ្នះ​ការ​ប្រកួត តែ​គាត់​បាន​ព្យាករណ៍​ថា ក្រុម​នេះ​នឹង​ចាញ់​ការ​ប្រកួត​ក្នុងគូរទី១និងទី៣ ហើយ​នឹង​ឈ្នះ​ការ​ប្រកួត​គូរ​ទី២​។ ហើយ​ភ្លៀង​នឹង​ធ្លាក់​ចុះ​មក នៅ​ក្នុង​ការ​ប្រកួតគូរទី៤​។ គាត់​បាន​ព្យាករណ៍​ត្រូវ​ទាំង​អស់​។ បន្ទាប់មក នៅ​ឆ្នាំ១៩១៩ គាត់​បាន​ប្រើ​ជំនាញ​វិភាគ​របស់​គាត់ ហើយក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា មាន​កីឡាករ​ណា​ខ្លះ ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​ចាញ់​ការ​ប្រកួត​អន្តរជាតិ​។ គាត់​បាន​សង្ស័យ​ថា ពួកគេ​បាន​ទទួល​សំណូក​ពី​អ្នក​ភ្នាល់​បាល់​។ មនុស្ស​ជា​ទូទៅ​ក៏​បាន​សើច​ចម្អក​ឲ្យ​គាត់​។ តែ​លើក​នេះ គាត់​បាន​ព្យាករណ៍​ត្រូវ​ទៀត​។

លោក​ហ្វ៊ូឡឺតុន​មិនមែន​ជា​ហោរា​នោះ​ទេ គឺ​គ្រាន់តែ​ជា​មនុស្ស​ឆ្លាត​វ័យ​ម្នាក់ ដែល​អាច​ព្យាករណ៍​ហេតុការណ៍ ផ្អែក​ទៅលើ​ការ​វិភាគ​ទៅលើ​ភស្តុតាង​។ តែ​លោក​យេរេមា​ជា​ហោរា​ដ៏​ពិត​របស់​ព្រះ ដែល​ទំនាយ​របស់​គាត់ តែងតែ​បាន​សម្រេច​។ គាត់​បាន​យក​នឹម និង​ខ្សែ​ពាក់​លើក​គាត់ ហើយ​ប្រកាស​ប្រាប់​នគរ​យូដា​ឲ្យ​ចុះ​ចាញ់​ចក្រភព​បាប៊ីឡូន ដើម្បី​ឲ្យ​មាន​ជីវិត​រស់(យេរេមា ២៧:២,១២)។ លោក​ហាណានា ជា​ហោរា​ក្លែងក្លាយ ក៏បាន​ថ្លែង​ទំនាយ​ផ្ទុយ​នឹង​គាត់ ហើយក៏​បាន​បំពាក់​នឹម​នោះ​(២៨:២-៤,‌១០)។ ហោរា​យេរេមា​ក៏បាន​ប្រាប់​លោក​ហាណានា​ថា “នែ ហាណានាចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះយេហូវ៉ា​មិន​បាន​ចាត់​ប្រើ​អ្នក​ទេ” ហើយក៏​បាន​ថ្លែង​ទំនាយ​ថា លោក​ហាណានា​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ(ខ.១៥,‌១៦)។ ២ខែ​ក្រោយមក លោក​ហាណានា​ក៏បាន​ស្លាប់(ខ.‌១៧)។

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ចែងថា “ឯ​ព្រះ​ដែល​ពីដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា …នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជបុត្រា​វិញ”(ហេព្រើរ ១:១-២)។ ព្រះ​ទ្រង់​នៅតែ​មាន​បន្ទូល​ជា​សេចក្តី​ពិត​មក​កាន់​យើង តាមរយៈ​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ និង​តាមរយៈ​ព្រះ​គម្ពីរ និង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ​។—Tim Gustafson

តើ​អ្នក​មិន​យល់​ព្រះបន្ទូល​ត្រង់​ចំណុច​ណា​ខ្លះ? តើ​ការ​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ក្នុង​ព្រះ​គម្ពីរ បាន​ជួយ​ឲ្យ​យល់​ច្បាស់​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​នៅ​ខ្វះ​ចំណេះ​ដឹង​ខាង​ព្រះបន្ទូល សូម​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ដឹកនាំ​ទូល​បង្គំ ចូល​ក្នុង​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ នៅ​ក្នុង​ការ​អ្វី​ដែល​ទូល​បង្គំ​មិន​អាច​មើល​ឃើញ​។

គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ២២-២៤ និង ២កូរិនថូស ៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles