ចិត្តដែលចូលចិត្តចែករំលែក

សូមអាន : សុភាសិត ១១:១៥-២៥

មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ​។ សុភាសិត ១១:២៥

នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​រដ្ឋ​វីសខុនសិន មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​មក​ជូន​ដំណើរ​ខ្ញុំ ជាមួយ​កូន​ស្រី​របស់​គាត់​អាយុ៤ឆ្នាំ ឈ្មោះ​ឃីនស្ល៊ី(Kinslee)។ ឃីនស្ល៊ី​បាន​ប្រាប់​ខ្ញុំ​ថា នាង​មិន​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅវិញ​ទេ​។ ខ្ញុំ​ក៏​បាន​ឱប​នាង ហើយ​ឲ្យ​ផ្លិត​មួយ​ទៅ​នាង ជា​ផ្លិត​ក្រ​ណាត់​ដែល​ខ្ញុំ​បាន​ផាត់​ពណ៌​ដោយដៃ និង​បាន​ប្រមូល​ទុក​។ ខ្ញុំ​ប្រាប់​នាង​ថា ពេលណា​នាង​នឹក​ខ្ញុំ អ្នក​អាច​ប្រើ​ផ្លិត​នេះ ហើយ​នឹក​ចាំ​ថា ខ្ញុំ​ស្រឡាញ់​នាង​។ នាង​ក៏បាន​ប្រាប់​ខ្ញុំ​ថា នាង​ចង់​បាន​ផ្លិត​មួយ​ទៀត​ជាង​ផ្លិត​មួយ​នេះ ជា​ផ្លិត​ធ្វើ​ពី​ក្រដាស​នៅ​ក្នុង​កាបូប​របស់​ខ្ញុំ​។ ខ្ញុំ​ប្រាប់​នាង​ថា ផ្លិត​នោះ​ខូច​ហើយ​។ ខ្ញុំ​ចង់​ឲ្យ​ផ្លិត​ដែល​ល្អ​ជាងគេ​ទៅ​នាង​។ ខ្ញុំ​មិន​បាន​ស្តាយ​ក្រោយ​ទេ ដែល​បាន​ឲ្យ​ផ្លិត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ទៅ​ឃីនស្ល៊ី​។ ពេល​ខ្ញុំ​ឃើញ​នាង​សប្បាយ​ចិត្ត ខ្ញុំ​កាន់តែ​សប្បាយ​ចិត្ត​។ ក្រោយមក ឃីនស្ល៊ី​ក៏បាន​ប្រាប់​ម្តាយ​នាង​ថា នាង​មិន​សប្បាយ​ចិត្ត ពេល​បាន​ឃើញ​ខ្ញុំ​រក្សា​ទុក​ផ្លិត​ដែល​បាន​ខូច​។ ពួកគេ​ក៏បាន​ផ្ញើ​ផ្លិត​ថ្មី​មួយ ដ៏​ប្រណិត​មក​ឲ្យ​ខ្ញុំ​។ បន្ទាប់​ពី​ឃីនស្ល៊ី​បាន​ឲ្យ​អំណោយ​នេះ​ម​ក​ខ្ញុំ​ដោយ​ចិត្ត​សប្បុរស​ហើយ គាត់​ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ឡើង​វិញ​។ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​។

នៅ​ក្នុង​ពិភពលោក​ដែល​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អ្វីៗ​ដើម្បី​បំពេញ​ចិត្ត​ខ្លួនឯង ហើយ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​ងាយ​នឹង​ជួប​ការ​ល្បួង​ឲ្យ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​ខ្លួនឯង ជាជាង​រស់នៅ​ដោយ​ចិត្ត​ដែល​ចូល​ចិត្ត​ចែករំលែក​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរ​បាន​ចែងថា មនុស្ស​ដែល “ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង”(សុភាសិត ១១:២៤)។ វប្បធម៌​របស់​យើង​ឲ្យ​និយមន័យ​ថា ភាព​សម្បូរ​សប្បាយ​គឺជា​ការ​មាន​ទ្រព្យ​សម្បត្តិ​កាន់តែ​ច្រើន​ឡើងៗ តែ​ព្រះ​គម្ពីរ​បាន​ចែងថា “មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(ខ.២៥)។

សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស ដែល​គ្មាន​ដែន​កំណត់ និង​គ្មាន​លក្ខ​ខណ្ឌ​របស់​ព្រះ នឹង​បន្ត​បំពេញ​តម្រូវការ​យើង​។ យើង​ម្នាក់ៗ​អាច​មាន​ចិត្ត​ដែល​ចូល​ចិត្ត​ចែករំលែក ហើយ​បង្កើត​វប្បធម៌​នៃ​ការ​ជួយ​គ្នា​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​យើង​ដឹង​ថា ព្រះ​ដែល​ជា​អ្នក​ប្រទាន​គ្រប់​ទាំង​អំណោយ​ដែល​ល្អ មិន​ដែល​ហត់​នឿយ​ក្នុង​ការ​ផ្គត់ផ្គង់​ជា​បរិបូរ​ឡើយ​។—Xochitl Dixon

តើ​សេចក្តី​សប្បុរស​របស់​អ្នក​ដទៃ បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​ព្រះយេស៊ូវ​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចាត់​ទុក​ប្រយោជន៍​អ្នក​ដទៃ​សំខាន់​ជាង​​ប្រយោជន៍​ខ្លួនឯង នៅ​សប្តាហ៍​នេះ ដោយ​របៀបណា?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ចែករំលែក​ដោយ​ចិត្ត​សប្បុរស ដូច​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​ទូល​បង្គំ​។

គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ៧-៨ និង អេភេសូរ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles