ព្រឹក

ពេលដែលយើងបានឃើញព្រះអង្គ
ដោយXochitl Dixon
October 2, 2023
១កូរិនថូស ១៣:៤-១៣ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ។ ១កូរិនថូស ១៣:១២ គ្រូពេទ្យឯកទេសពិនិត្យភ្នែកបានជួយអ៊ែនឌ្រា(Andreas) ជាក្មេងអាយុ៣ឆ្នាំ ឲ្យរៀនប្រើវ៉ែនតាដំបូងរបស់គាត់។ គ្រូពេទ្យក៏បានប្រាប់នាងឲ្យមើលទៅកញ្ចក់ឆ្លុះមុខ។ អ៊ែនឌ្រាក៏បានមើលទៅរូបខ្លួនឯង នៅក្នុងកញ្ចក់ រួចបែរមករកឪពុកគាត់ ដោយទឹកមុខញញឹម ដោយអំណរ និងក្តីស្រឡាញ់។ បន្ទាប់មក ឪពុករបស់អ៊ែនឌ្រាក៏បានជូតទឹកភ្នែកឲ្យអ៊ែនឌ្រាថ្នមៗ ហើយសួរគាត់ថា “ហេតុអ្វីកូនយំ?” អ៊ែនឌ្រាក៏បានឱបករបស់ឪពុកគាត់ ហើយឆ្លើយថា “កូនយំ ព្រោះកូនអាចមើលប៉ាឃើញ”។ គាត់ក៏បានថយក្រោយ ហើយងើយទៅលើបន្តិច មើលចំភ្នែករបស់ប៉ាគាត់ ហើយនិយាយថា “កូនអាចមើលប៉ាឃើញហើយ”។ ខណៈពេលដែលយើងសិក្សាព្រះគម្ពីរ ដោយការអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធប្រទានយើងនូវភ្នែក ឲ្យមើលឃើញព្រះយេស៊ូវ “ជារូបអង្គនៃព្រះដ៏មើលមិនឃើញ”(កូល៉ុស ១:១៥)។ ទោះព្រះវិញ្ញាណបានជួយឲ្យភ្នែកខាងវិញ្ញាណរបស់យើងមើលឃើញច្បាស់ តាមរយៈការចម្រើនឡើងផ្នែកចំណេះដឹង តាមរយៈព្រះគម្ពីរ ក៏យើងគ្រាន់តែអាចមើលឃើញផ្នែកតូចមួយនៃវិសាលភាពដែលគ្មានព្រំដែនរបស់ព្រះអង្គ នៅចុងម្ខាងនៃភាពអស់កល្ប។ ពេលណាពេលវេលារបស់យើងនៅលើផែនដីនេះលែងមានទៀត ឬនៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ តាមព្រះបន្ទូលសន្យា យើងនឹងបានឃើញព្រះអង្គច្បាស់(១កូរិនថូស ១៣១២)។ ពេលនោះ យើងនឹងមិនត្រូវការវ៉ែនតាជាជំនួយក្នុងការមើល ក្នុងពេលដែលពេញដោយអំណរ ដែលយើងនឹងបានឃើញព្រះគ្រីស្ទមុខទល់នឹងមុខ ហើយស្គាល់ព្រះអង្គច្បាស់ ដូចដែលព្រះអង្គស្គាល់យើងម្នាក់ៗជាសមាជិកជាទីស្រឡាញ់នៃរូបកាយព្រះគ្រីស្ទដែលជាពួកជំនុំ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញយើង ដោយសេចក្តីជំនឿ ក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ដែលយើងត្រូវការ ដើម្បីឲ្យអាចឈរមាំមួន រហូតដល់ពេលដែលយើងបានមើលឃើញព្រះអង្គសង្រ្គោះរបស់យើង ដែលមានក្តីស្រឡាញ់ និងមានព្រះជន្មរស់ ហើយលាន់មាត់ថា “ព្រះយេស៊ូវ ទូលបង្គំអាចមើលព្រះអង្គឃើញហើយ ទូលបង្គំអាចមើលព្រះអង្គឃើញហើយ!”—Xochitl Dixon
តើថ្មីៗនេះ ព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យអ្នកយល់បទគម្ពីរអ្វីខ្លះ? តើការលូតលាស់របស់អ្នក នៅក្នុងការស្គាល់ព្រះបានកែប្រែអ្នកយ៉ាងណាខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យមើលឃើញព្រះអង្គកាន់តែច្បាស់ ហើយស្គាល់ព្រះអង្គកាន់តែជិតស្និទ្ធ ខណៈពេលដែលទូលបង្គំដើរជាមួយព្រះអង្គ ដោយចិត្តស្មោះត្រង់ក្នុងពេលបច្ចុប្បន្ន រហូតដល់ថ្ងៃ ដែលព្រះអង្គហៅទូលបង្គំទៅនៅជាមួយព្រះអង្គ ឬនៅពេលដែលព្រះអង្គយាងមកវិញ។
To learn more about the basics of the spiritual life, visit ODBU.org/topic/SF104-01-lecture.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១៧-១៩ និង អេភេសូរ ៥:១៧-៣៣
ប្រភេទ
ល្ងាច

ហេតុអ្វីយើងត្រូវសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ
ដោយUltimately with R.C. Sproul
October 2, 2023
មូលហេតុដែលយើងត្រូវសិក្សា អំពីសេចក្តីបរិសុទ្ធរបស់ព្រះ គឺមិនមែនដោយសារយើងបរិសុទ្ធនោះទេ តែគឺដោយសារយើងមិនមានសេចក្តីបរិសុទ្ធ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការប្រកាសថា សេចក្តីបរិសុទ្ធរបស់ព្រះ បានបើកបង្ហាញបាបរបស់យើង ហើយដឹកនាំយើង ឆ្ពោះទៅរកសេចក្តីសុចរិតពិតប្រាកដ។ អត្ថបទ បើខ្ញុំបានយល់អំពីសេចក្តីបរិសុទ្ធរបស់ព្រះច្បាស់ គឺពិតជាប្រសើរណាស់។ ខ្ញុំបានយល់តែបន្តិច គឺតែមួយភាគប៉ុណ្ណោះ។ ខ្ញុំបានសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ មិនមែនដោយសារខ្ញុំបរិសុទ្ធនោះទេ តែដោយសារខ្ញុំមិនបរិសុទ្ធ។ វាមិនគ្រប់គ្រាន់ទេ បើយើងគ្រាន់តែនិយាយថា “ខ្ញុំជឿព្រះ ដែលយើងមិនស្គាល់រូបរាង្គពិតប្រាកដ ទ្រង់គង់នៅលើពពក នៅលើមេឃ”។ តែព្រះដែលយើងជឿ ទ្រង់ជាអង្គបុគ្គល ហើយព្រះដែលយើងជឿ ព្រះអង្គមានក្រមសីលធម៌។ ព្រះអង្គក៏បរិសុទ្ធ ហើយព្រះអង្គក៏បានបង្គាប់រាស្រ្តព្រះអង្គ ឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ហើយព្រះអង្គយកព្រះទ័យទុកដាក់មកលើការប្រព្រឹត្តរបស់យើង ថាតើយើងស្តាប់បង្គាប់តាមព្រះរាជបញ្ជាទាំងនោះឬអត់។