ពេលដែលយើងបានឃើញព្រះអង្គ

១កូរិនថូស ១៣:៤-១៣

ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូចជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ​។ ១កូរិនថូស ១៣:១២

គ្រូ​ពេទ្យ​ឯកទេស​ពិនិត្យ​ភ្នែក​បាន​ជួយ​អ៊ែនឌ្រា(Andreas) ជា​ក្មេង​អាយុ៣ឆ្នាំ ឲ្យ​រៀន​ប្រើ​វ៉ែនតា​ដំបូង​របស់​គាត់​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ឲ្យ​មើលទៅ​កញ្ចក់​ឆ្លុះ​មុខ​។ អ៊ែនឌ្រា​ក៏បាន​មើលទៅ​រូប​ខ្លួន​ឯង នៅ​ក្នុង​កញ្ចក់ រួច​បែរ​មក​រក​ឪពុក​គាត់ ដោយ​ទឹក​មុខ​ញញឹម ដោយ​អំណរ និង​ក្តី​ស្រឡាញ់​។ បន្ទាប់មក ឪពុក​របស់​អ៊ែនឌ្រា​ក៏​បាន​ជូត​ទឹក​ភ្នែក​ឲ្យ​អ៊ែនឌ្រា​ថ្នមៗ ហើយ​សួរ​គាត់​ថា “ហេតុ​អ្វី​កូន​យំ?” អ៊ែនឌ្រា​ក៏​បាន​ឱប​ក​របស់​ឪពុក​គាត់ ហើយ​ឆ្លើយ​ថា “កូន​យំ ព្រោះ​កូន​អាច​មើល​ប៉ា​ឃើញ”។ គាត់​ក៏​បាន​ថយ​ក្រោយ ហើយ​ងើយ​ទៅលើ​បន្តិច មើល​ចំ​ភ្នែក​របស់​ប៉ា​គាត់ ហើយ​និយាយ​ថា “កូន​អាច​មើល​ប៉ា​ឃើញ​ហើយ”។

ខណៈ​ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ ដោយ​ការ​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​យើង​នូវ​ភ្នែក ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ “ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ”(កូល៉ុស ១:១៥)។ ទោះ​ព្រះ​វិញ្ញាណ​បាន​ជួយ​ឲ្យ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​ច្បាស់ តាមរយៈ​ការ​ចម្រើន​ឡើង​ផ្នែក​ចំណេះ​ដឹង តាមរយៈ​ព្រះ​គម្ពីរ ក៏​យើង​គ្រាន់តែ​អាច​មើល​ឃើញ​ផ្នែក​តូច​មួយ​នៃ​វិសាល​ភាព​ដែល​គ្មាន​ព្រំដែន​របស់​ព្រះអង្គ នៅ​ចុង​ម្ខាង​នៃ​ភាព​អស់​កល្ប​។ ពេលណា​ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ​លែង​មាន​ទៀត ឬ​នៅពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មកវិញ តាម​ព្រះ​បន្ទូល​សន្យា យើង​នឹង​បាន​ឃើញ​ព្រះអង្គ​ច្បាស់(១កូរិនថូស ១៣១២)។

ពេល​នោះ យើង​នឹង​មិន​ត្រូវ​ការ​វ៉ែនតា​ជា​ជំនួយ​ក្នុង​ការ​មើល ក្នុង​ពេល​ដែល​ពេញ​ដោយ​អំណរ ដែល​យើង​នឹង​បាន​ឃើញ​ព្រះគ្រីស្ទ​មុខ​ទល់​នឹង​មុខ ហើយ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ដែល​ព្រះអង្គ​ស្គាល់​យើង​ម្នាក់ៗ​ជា​សមាជិក​ជាទី​ស្រឡាញ់​នៃ​រូបកាយ​ព្រះគ្រីស្ទ​ដែល​ជា​ពួក​ជំនុំ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​យើង ដោយ​សេចក្តី​ជំនឿ ក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​អាច​ឈរ​មាំមួន រហូត​ដល់​ពេល​ដែល​យើង​បាន​មើល​ឃើញ​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ដែល​មាន​ក្តី​ស្រឡាញ់ និង​មាន​ព្រះ​ជន្ម​រស់ ហើយ​លាន់​មាត់​ថា “ព្រះយេស៊ូវ ទូល​បង្គំ​អាច​មើល​ព្រះអង្គ​ឃើញ​ហើយ ទូល​បង្គំ​អាច​មើល​ព្រះអង្គ​ឃើញ​ហើយ!”—Xochitl Dixon

តើ​ថ្មីៗ​នេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ឲ្យ​អ្នក​យល់​បទ​គម្ពីរ​អ្វី​ខ្លះ? តើ​ការ​លូត​លាស់​របស់​អ្នក នៅ​ក្នុង​ការ​ស្គាល់​ព្រះ​បាន​កែ​ប្រែ​អ្នក​យ៉ាងណា​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​ព្រះអង្គ​កាន់តែ​ច្បាស់ ហើយ​ស្គាល់​ព្រះអង្គ​កាន់តែ​ជិត​ស្និទ្ធ ខណៈ​ពេល​ដែល​ទូល​បង្គំ​ដើរ​ជាមួយ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ពេល​បច្ចុប្បន្ន រហូត​ដល់​ថ្ងៃ ដែល​ព្រះ​អង្គ​ហៅ​ទូល​បង្គំ​ទៅ​នៅ​ជាមួយ​ព្រះអង្គ ឬ​នៅពេល​ដែល​ព្រះ​អង្គ​យាង​មកវិញ​។

To learn more about the basics of the spiritual life, visit ODBU.org/topic/SF104-01-lecture.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១៧-១៩ និង អេភេសូរ ៥:១៧-៣៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles