១យ៉ូហាន ៥:១-៥
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក។ ១យ៉ូហាន ៥:១
វាមិនមែនជារឿងចម្លែកទេ ដែលប្រេត(Brett) បានទៅរៀននៅមហាវិទ្យាល័យរបស់គ្រីស្ទបរិស័ទ និងបានចូលរួមការសិក្សាព្រះគម្ពីរ។ គាត់បាននៅក្បែរមនុស្សដែលស្គាល់ព្រះយេស៊ូវ ពេញមួយជីវិតគាត់ហើយ ទោះនៅផ្ទះ នៅសាលារៀន និងនៅព្រះវិហារក្តី។ គាត់ថែមទាំងបានទៅរៀននៅមហាវិទ្យាល័យ ក្នុងគោលបំណង ដើម្បីទៅធ្វើ “ការងារគ្រីស្ទបរិស័ទ” នៅពេលអនាគតផងដែរ។
ប៉ុន្តែ ពេលគាត់មានអាយុ២១ឆ្នាំ គាត់បានទៅចូលរួមកម្មវិធីថ្វាយបង្គំ ជាមួយពួកជំនុំតូចមួយ ក្នុងព្រះវិហារជនបទចាស់មួយខ្នង ហើយក៏បានស្តាប់គ្រូគង្វាលចែកចាយព្រះបន្ទូល ក្នុងបទគម្ពីរយ៉ូហានខ្សែទី១ ហើយក៏មានការភ្ញាក់រឭក។ គាត់ក៏បានដឹងថា គាត់កំពុងតែពឹងផ្អែកទៅលើចំណេះដឹង និងការបង្រៀនរបស់សាសនា ហើយមិនដែលទទួលសេចក្តីសង្រ្គោះពិតប្រាកដឡើយ។ គាត់មានអារម្មណ៍ថា ព្រះយេស៊ូវកំពុងតែមានបន្ទូលមកកាន់ចិត្តគាត់នៅថ្ងៃនោះ យ៉ាងស្ងាត់ស្ងៀមថា គាត់មិនទាន់បានស្គាល់ព្រះអង្គនៅឡើយទេ។
សាវ័កយ៉ូហានបានបង្រៀនយ៉ាងច្បាស់ថា “អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក”(១យ៉ូហាន ៥:១)។ យើងអាច “ឈ្នះលោកិយ” ដោយជំនឿលើព្រះយេស៊ូវ គឺដូចដែលសាវ័កយ៉ូហានបានបង្រៀនហើយ(ខ.៤)។ គឺមិនមែនដោយចំណេះដឹងអំពីព្រះអង្គ តែដោយជំនឿដ៏ជ្រាលជ្រៅ និងស្មោះត្រង់ គឺជំនឿទៅលើការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង នៅលើឈើឆ្កាង។ នៅថ្ងៃនោះ ប្រេតក៏បានទទួលជឿព្រះគ្រីស្ទជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ។
សព្វថ្ងៃនេះ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលប្រេតមានចំពោះព្រះយេស៊ូវ និងសេចក្តីសង្រ្គោះរបស់ព្រះអង្គ មិនមានអាថ៌កំបាំងអ្វីទេ។ សេចក្តីស្រឡាញ់នោះបានបង្ហាញចេញយ៉ាងច្បាស់ និងឮៗ ពេលណាគាត់ឡើងចែកចាយព្រះបន្ទូល ទៅកាន់ពួកជំនុំរបស់គាត់ ក្នុងនាមគាត់ជាគ្រូគង្វាល។
“ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ(ខ.១១-១២)។ នេះជាព្រះបន្ទូល ដែលបានរំឭក និងកម្សាន្តចិត្ត ដល់អស់អ្នកដែលបានរកឃើញជីវិតអស់កល្ប ក្នុងព្រះយេស៊ូវ។—Dave Branon
តើអ្នកមានទីបន្ទាល់នៃសេចក្តីជំនឿដូចម្តេចខ្លះ? តើមានអ្វីនាំចិត្តអ្នក ឲ្យដឹងថា អ្នកត្រូវការព្រះយេស៊ូវ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់អំណោយនៃសេចក្តីសង្រ្គោះ និងការចាត់មនុស្សឲ្យនាំទូលបង្គំទទួលជឿព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២០-២២ និង អេភេសូរ ៦