ចោទិយកថា ៣០:១៥-២០
អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ។ ចោទិយកថា ៣០:១៩
បន្ទាប់ពីមិត្តជិតស្និទ្ធរបស់ខ្ញុំម្នាក់បានទទួលមរណៈភាពបានពីរបីសប្តាហ៍ ខ្ញុំក៏បានទៅសួរសុខទុកម្តាយគាត់។ ពេលនោះ ខ្ញុំមានការស្ទាក់ស្ទើរ ក្នុងការសួរគាត់ថា តើអ៊ំស្រីសុខសប្បាយជាទេ? ព្រោះខ្ញុំគិតថា វាជាសំណួរមិនសមរម្យ ក្នុងពេលដែលគាត់កំពុងកាន់ទុក្ខ។ ប៉ុន្តែ ខ្ញុំក៏បានជម្នះការស្ទាក់ស្ទើរ ហើយក៏បានសួរសុខទុក្ខគាត់តែម្តង។ គាត់ក៏បានឆ្លើយថា គាត់បានជ្រើសរើសយកក្តីអំណរ ក្នុងពេលដែលគាត់កំពុងកាន់ទុក្ខ។
ពាក្យសម្តីរបស់គាត់បានលើកទឹកចិត្តខ្ញុំ នៅថ្ងៃនោះ ខណៈពេលដែលខ្ញុំកំពុងព្យាយាមឆ្លងកាត់កាលៈទេសៈដ៏ពិបាក ក្នុងជីវិតខ្លួនឯង។ ហើយពាក្យសម្តីរបស់គាត់ក៏បានធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្គាប់របស់លោកម៉ូសេ ទៅកាន់ពួកអ៊ីស្រាអែល នៅចុងបញ្ចប់នៃកណ្ឌគម្ពីរចោទិយកថា។ មុនពេលលោកម៉ូសេស្លាប់ ហើយពួកអ៊ីស្រាអែលត្រូវចូលទៅក្នុងទឹកដីសន្យា ព្រះទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេបានដឹងថា ពួកគេត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ លោកម៉ូសេមានប្រសាសន៍ថា “អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិត”(ចោទិយកថា ៣០:១៩)។ ពួកគេអាចដើរតាមក្រឹត្យវិន័យរបស់ព្រះ ដើម្បីរស់នៅឲ្យបានល្អ ពុំនោះទេ ពួកគេអាចងាកចេញពីព្រះអង្គ ហើយរស់នៅ ដោយទទួលលទ្ធផលនៃសេចក្តីស្លាប់ និងសេចក្តីហិនវិនាស(ខ.១៥)។
យើងក៏ត្រូវជ្រើសរើសយកជីវិតដែលព្រះអង្គប្រទានផងដែរ។ យើងក៏អាចជ្រើសរើសយកក្តីអំណរ ដោយជឿ និងទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គ ក្នុងជីវិតយើង។ ពុំនោះទេ យើងអាចជ្រើសរើសយកការផ្តោតចិត្តទៅលើផ្នែកអវិជ្ជមាន និងផ្នែកដ៏ពិបាកនៃការធ្វើដំណើររបស់យើង ដោយអនុញ្ញាតឲ្យពួកវាឆក់យកសេចក្តីអំណររបស់យើង។ យើងចាំបាច់ត្រូវរៀនពឹងផ្អែកទៅលើជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ តែទន្ទឹមនឹងនោះ យើងអាចជ្រើសរើសយកក្តីអំណរ ដោយដឹងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។—Katara Patton
តើធ្វើដូចម្តេចឲ្យអ្នកអាចជ្រើសរើសយកក្តីអំណរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នៅថ្ងៃនេះ? តើការជ្រើសរើសយកក្តីអំណរ មានលក្ខណៈស្រដៀងយ៉ាងណាខ្លះ នឹងការជ្រើសរើសយកជីវិត ដូចដែលព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែល?
ឱព្រះអម្ចាស់ ជាអ្នកប្រទានក្តីអំណរ សូមព្រះអង្គជួយទូលបង្គំឲ្យជ្រើសរើសយកការដើរតាមព្រះអង្គ ហើយជឿ និងទុកចិត្តព្រះអង្គ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៨-២៩ ភីលីព ៣