នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ប្រាជ្ញាដែលយើងត្រូវការ

ប្រាជ្ញាដែលយើងត្រូវការ

ដោយWinn Collier

October 8, 2023

សុភាសិត ៤:១០-១៩ ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ​។ សុភាសិត ៤:១៩ ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ ដែល​លោក​ចន អ៊ែម ប៊ែរី(John M. Barry) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ គាត់​ពិពណ៌នា អំពី​ប្រវត្តិ​នៃ​ជំងឺ​រាតត្បាត ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ១៩១៨​។ លោក​ប៊ែរី​បាន​បើក​បង្ហាញ អំពី​របៀប​ដែល​មន្រ្តី​សុខាភិបាល​បាន​រំពឹង​ទុក​ជា​មុន​ថា ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នឹង​កើត​មាន ក្នុង​ពេល​ឆាប់ៗ គឺ​មិនមែន​មិន​បាន​ត្រៀម​ខ្លួន​នោះ​ទេ​។ ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​សម័យ​សង្រ្គាម​លោក​លើកទី១ មាន​កងទ័ព​រាប់​លាន​នាក់​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ក្នុង​លាន​ដ្ឋាន ហើយ​បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ប្រទេស​មួយ​ចូល​ប្រទេស​មួយ​ទៀត ដូច​នេះ ការ​ឆ្លង​វីរុស​ថ្មី​មួយ អាច​ផ្ទុះ​ឡើង​នៅពេល​ណាមួយ​មិនខាន​។ តែ​ការ​យល់​ដឹង​ដូច​នេះ មិន​មាន​ប្រយោជន៍​អ្វី នៅ​ក្នុង​ការ​ទប់​ស្គាត់​គ្រោះ​មហន្ត​រាយ​នោះ​ឡើយ​។ អ្នក​ដឹកនាំ​ប្រទេស​ដ៏​មាន​អំណាច បាន​បន្ត​ទូង​ស្គរ​សង្រ្គាម ឲ្យ​កងទ័ព​សំរុក​ចូល​ប្រយុទ្ធ​ក្នុង​សមរ​ភូមិ ដោយ​ផ្តោត​ទៅ​លើ​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​សង្រ្គាម​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅពេល​នោះ​មនុស្ស៥០លាន​នាក់​បាន​ស្លាប់​ក្នុង​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នោះ បន្ថែម​ពីលើ​ចំនួន​ប្រហែល២០លាន​នាក់ ដែល​បាន​ស្លាប់ ដោយសារ​ភាព​សាហាវ​ព្រៃ​ផ្សៃ​នៃ​សង្រ្គាម​។ មាន​ការ​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ថា ចំណេះ​ដឹង​របស់​យើង​ជា​មនុស្ស​មិន​ដែល​គ្រប់​គ្រាន់​ល្មម​នឹង​សង្រ្គោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះ​យើង​រកបាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ការ​យល់​ដឹង​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាងណា ក៏​យើង​នៅតែ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់ ដែល​យើង​បាន​ធ្វើ​មក​លើ​គ្នា​ទៅវិញ​ទៅមក​។ យើង​មិន​អាច​រាំង​ខ្ទប់ “ផ្លូវ​របស់​មនុស្ស​អាក្រក់” ជា​ផ្លូវ​ដ៏​ល្ងង់​ខ្លៅ ដែល​នាំ​ទៅ​រក “សេចក្តី​ងងឹត​ដ៏​សែន​ជ្រៅ”។ ទោះ​យើង​មាន​ចំណេះ​ដឹង​ល្អ​បំផុត ក៏​យើង​ពិតជា​មិន​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល​នោះ​ឡើយ(ខ.‌១៩)។ ហេតុ​នេះ​ហើយ យើង​ត្រូវ​តែខំ​ឲ្យ​បាន​ប្រាជ្ញា និង​ខំ​ឲ្យ​បាន​យោបល់ ដែល​មកពី​ព្រះ(ខ.៥)។ ប្រាជ្ញា​បង្រៀន​យើង​អំពី​ការ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដោយ​ប្រើ​ប្រាជ្ញា​។ ហើយ​ប្រាជ្ញា​ដ៏​ពិត​ដែល​យើង​ស្រេក​ឃ្លាន គឺ​មកពី​ព្រះ​។ ចំណេះ​ដឹង​របស់​យើង​តែងតែ​មាន​ការ​ខ្វះខាត តែ​ប្រាជ្ញា​ព្រះអង្គ​ផ្តល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​។—Winn Collier

តើ​អ្នក​សង្កេត​ឃើញថា ចំណេះ​ដឹង​របស់​មនុស្ស​មាន​ចំណុច​ខ្វះខាត​អ្វី​ខ្លះ? តើ​ប្រាជ្ញា​មកពី​ព្រះ​អាច​បង្រៀន​អ្នក​ដូច​ម្តេច​ខ្លះ ឲ្យ​ស្គាល់​ផ្លូវ​ពិត ដែល​ល្អ​ជាង?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ជម្នះ​សេចក្តី​អំនួត​។ ចំណេះ​ដឹង​របស់​ទូល​បង្គំ​ជា​មនុស្ស​មិន​អាច​សង្រ្គោះ​ទូល​បង្គំ​បានទេ​។ សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ​នូវ​សេចក្តី​ពិត​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និង​ភីលីព ៤

ល្ងាច

Devotional illustration

កាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយអំណរ

ដោយJohn Piper

October 8, 2023

ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង តើ​អ្នកណា​ជា​អ្នកឈ្នះ​លោកីយ៍ បើ​មិនមែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ?(១យ៉ូហាន ៥:៣-៥)។ បទ​គម្ពីរ​នេះ​បាន​បកស្រាយ​យ៉ាង​ច្បាស់​ថា ការ​កើតជា​ថ្មី ដែល​ជា​ការ​កើត​ពី​ព្រះ គឺជា​ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះអង្គ ដោយ​ផ្លាស់​ប្តូរ​ពី​ការ​កាន់​តាម​ជា​បន្ទុក​ដ៏​ធ្ងន់ ទៅជា​ការ​កាន់​តាម​ដោយ​អំណរ​វិញ។ តើ​ការ​ផ្លាស់​ប្តូរ​នេះ​អាច​កើតមាន​ដោយ​របៀបណា? តើ​ការ​កើត​ពី​ព្រះ​បាន​ធ្វើឲ្យ​ការ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះអង្គ ប្រែក្លាយ​ជា​មាន​អំណរ ជាជាង​ធ្ងន់​ដោយ​បន្ទុក យ៉ាងដូច​ម្តេច​ខ្លះ? សាវ័ក​យ៉ូហាន​បាន​មានប្រសាសន៍​ថា “ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”(១យ៉ូហាន ៥:៤)។ អាច​និយាយ​ម្យ៉ាងទៀត​ថា ការ​កើតជា​ថ្មី​បាន​យកឈ្នះ​មក​លើ​បន្ទុក​ដ៏​ធ្ងន់​នៃ​ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះ តាម​បែប​លោកិយ ពោល​គឺ​បាន​យកឈ្នះ ដោយ​ការ​មាន​សេចក្តី​ជំនឿ។ ដូច​មាន​បញ្ជាក់​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៥:១ ក្នុង​ន័យត្រង់​ថា “អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក”។ សេចក្តី​ជំនឿ​គឺជា​ភស្តុតាង​បញ្ជាក់​ថា យើង​បាន​កើត​ពី​ព្រះ​មែន។ យើង​មិន​បាន​ធ្វើឲ្យ​ខ្លួន​យើង​កើតជា​ថ្មី ដោយ​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះអង្គ​នោះ​ឡើយ។ ព្រះ​អង្គ​ទេ​ដែល​បាន​ធ្វើការ​ក្នុងចិត្ត​យើង ដោយ​បង្កើត​ចិត្ត​ដែល​ចង់​ជឿ ដោយ​បណ្តាល​ឲ្យ​យើង​កើតជា​ថ្មី។ គឺ​ដូចដែល​សាវ័ក​ពេត្រុស​បាន​មានប្រសាសន៍​ក្នុង​សំបុត្រ​ទី១ថា “ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់”(១ពេត្រុស ១:៣)។ ក្តី​សង្ឃឹម​ដ៏​រស់​របស់​យើង ឬ​ជំនឿ​មក​លើ​ព្រះគុណ​នៃអនាគតកាល គឺជា​បាន​កើត​មាន​ឡើង ដោយសារ​ព្រះ​ទ្រង់​ធ្វើការ តាមរយៈ​ការ​កើតជា​ថ្មី​របស់​យើង។ ដូចនេះ ពេល​សាវ័ក​យ៉ូហាន​មានប្រសាសន៍​ថា “គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”(១យ៉ូហាន ៥:៤) គឺ​មានន័យថា ព្រះ​ទ្រង់ប្រទាន​លទ្ធភាព តាមរយៈ​ការ​កើតជា​ថ្មី ឲ្យ​ឈ្នះ​លោកិយ ពោល​គឺ ឈ្នះ​ការ​ទោ​ទន់​របស់​យើង​ក្នុង​ការ​កាន់តែ​បញ្ញត្ត​របស់​ព្រះ តាមរបៀប​របស់​លោកិយ។ ការ​កើតជា​ថ្មី​មានជ័យ​ជម្នះ​នេះ បង្កើត​ឲ្យ​មាន​សេចក្តី​ជំនឿ ដែល​រាប់បញ្ចូល​ទាំង​ការ​អរ​សប្បាយ​នឹង​បញ្ញត្ត​របស់​ព្រះ ជាជាង​មាន​អារម្មណ៍​ថា បញ្ញត្ត​របស់​ព្រះអង្គ ជា​បន្ទុក​ធ្ងន់។ ដូចនេះ សេចក្តី​ជំនឿ​បាន​ឈ្នះ​ការ​ទាស់​ប្រឆាំង​របស់​យើង​ពី​កំណើត ចំពោះ​ព្រះ និង​បំណង​ព្រះទ័យ​ព្រះអង្គ ហើយ​រំដោះ​យើង ឲ្យ​កាន់​តាម​បញ្ញត្ត​របស់​ព្រះអង្គ ហើយ​និយាយ​ជាមួយ​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ថា “ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្តី​អំណរ​នឹង​ធ្វើតាម​ព្រះហឫទ័យ​ទ្រង់”(ទំនុកដំកើង ៤០:៨)។  

ប្រភេទ