ព្រឹក

ក្តីសង្ឃឹមសម្រាប់ចិត្តដែលឈឺចាប់
ដោយLisa Samra
October 9, 2023
ទំនុកដំកើង ៦ ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា? ទំនុកដំកើង ៦:៣ លោកអ៊ែនដ្រេលតុន ស៊ីមមុន(Andrelton Simmons) ជាកីឡាករវាយកូនបាល់ ប៊េសប៊ល ក្នុងការប្រកួតមេជ័រ លីក ដែលបានដកខ្លួនចេញពីចុងបញ្ចប់នៃការប្រកួត នៅឆ្នាំ២០២០ ដោយសារបញ្ហាសុខភាពផ្លូវចិត្ត។ គាត់បានមានប្រសាសន៍ថា “មនុស្សភាគច្រើនមានស្នាមសម្លាកនៅជាប់ខ្លួន ដែលអ្នកដទៃមិនអាចមើលឃើញ ឬយល់បាន”។ ពេលដែលគាត់ពិចារណា អំពីការសម្រេចចិត្តនេះ គាត់យល់ឃើញថា គាត់ចាំបាច់ត្រូវចែកចាយរឿងរបស់គាត់ ដើម្បីលើកទឹកចិត្តអ្នកដទៃ ដែលកំពុងជួបប្រទះបញ្ហាប្រឈមស្រដៀងគាត់ ហើយក៏បានក្រើនរំឭកអ្នកដទៃ ឲ្យបង្ហាញក្តីអាណិតគ្នាទៅវិញទៅមកផងដែរ។ ស្នាមរបួសដែលគេមើលមិនឃើញ គឺជាការឈឺចាប់ និងរបួសដ៏ជ្រៅ ដែលបណ្តាលមកពីការឈឺចាប់ និងទុក្ខវេទនាដែលបានកើតឡើងពិតៗ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៦ ស្តេចដាវីឌបានពិពណ៌នា អំពីការឈឺចាប់ក្នុងជម្រៅព្រះទ័យរបស់ទ្រង់ ដោយប្រើពាក្យឈឺចាប់ត្រង់ៗ។ ទ្រង់ “ញ័ររន្ធត់” (ខ.២) ហើយ “ថប់បារម្ភជាខ្លាំង”(ខ.៣)។ ទ្រង់បានអធិស្ឋានថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ(ខ.៦)។ ស្តេចដាវីឌមិនបានចែកចាយអំពីដើមហេតុនៃទុក្ខវេទនារបស់ទ្រង់ ក្នុងបទគម្ពីរនេះទេ តែមនុស្សជាច្រើនធ្លាប់មានការឈឺចាប់ដូចទ្រង់ផងដែរ ដូចនេះពួកគេអាចយល់។ យើងក៏អាចទទួលការលើកទឹកចិត្ត ពេលយើងសិក្សាអំពីរបៀបដែលស្តេចដាវីឌបានឆ្លើយតប ចំពោះការឈឺចាប់របស់ទ្រង់។ ក្នុងពេលដែលទ្រង់មានការឈឺចាប់ជាពន់ពេក ទ្រង់បានស្រែករកព្រះអម្ចាស់។ ទ្រង់បានទូលថ្វាយការឈឺចាប់ទាំងអស់ក្នុងព្រះទ័យទ្រង់ ដោយទូលសូមការប្រោសឲ្យជា(ខ.២) ការរំដោះ(ខ.៤) និងសេចក្តីមេត្តា(ខ.៩)។ ទ្រង់ទូលសួរព្រះអម្ចាស់ថា តើទ្រង់នឹងមានការឈឺចាប់នោះដល់កាលណា? (ខ.៣) តែទន្ទឹមនឹងនោះ ទ្រង់នៅតែមានមានទំនុកចិត្តថា ព្រះអម្ចាស់ស្តាប់ឮទ្រង់អង្វរសូមសេចក្តីមេត្តា(ខ.៩) ហើយនឹងឆ្លើយតប តាមពេលវេលារបស់ព្រះអង្គ(ខ.១០)។ ដោយសារយើងដឹងថា ព្រះនៃយើងជានរណា នោះយើងតែងតែមានក្តីសង្ឃឹមជានិច្ច។—Lisa M. Samra
តើអ្នកអាចទូលថ្វាយទុក្ខលំបាករបស់អ្នក ដល់ព្រះអង្គដូចម្តេចខ្លះ ពេលដែលអ្នកមានការឈឺចាប់ក្នុងជម្រៅចិត្ត?
តើអ្នកបានដកពិសោធន៍នឹងការប្រោសឲ្យជា សេចក្តីមេត្តា និងការរំដោះយ៉ាងណាខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន ដើម្បីបង្ហាញចេញនូវការឈឺចាប់ដល់ព្រះអង្គ ហើយស្វាគមន៍ព្រះវត្តមានព្រះអង្គ និងការប្រោសឲ្យជា ចូលក្នុងស្ថានភាពរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣៤-៣៦ និង កូល៉ុស ២
ប្រភេទ
ល្ងាច

ភាពអាចទុកចិត្តបានរបស់ព្រះ
ដោយUltimately with R.C. Sproul
October 9, 2023
ភាពអាចទុកចិត្តបាននៃការប្រកាសសេចក្តីពិត គឺពឹងផ្អែកទៅលើភាពអាចទុកចិត្តបានរបស់អ្នកដែលបានប្រកាស់សេចក្តីពិតនោះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមធ្វើការបកស្រាយ អំពីជំនឿរបស់គ្រីស្ទបរិស័ទ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងភាពអាចទុកចិត្តបានរបស់ព្រះ ដែលគ្រីស្ទបរិស័ទជឿ។ អត្ថបទ កាលពីក្មេង ខ្ញុំត្រូវគេស្តីបន្ទោស ហើយក៏បានវិលត្រឡប់មកផ្ទះវិញ ដោយអារម្មណ៍ឈឺជាប់ ហើយខ្ញុំក៏បានយំផងដែរ។ ពេលនោះ ម្តាយខ្ញុំក៏បានជូតទឹកភ្នែកឲ្យខ្ញុំ ហើយខ្ញុំប្រាប់គាត់ថា គេបាននិយាយយ៉ាងនេះ ឬយ៉ាងនោះ អំពីខ្លួនខ្ញុំ។ ហើយគាត់ក៏បានប្រាប់ខ្ញុំ ឲ្យពិចារណា អំពីប្រភព។ ខ្ញុំមិនដឹងថា គាត់កំពុងនិយាយអំពីអ្វីទេ តែគាត់តែងតែប្រាប់ខ្ញុំឲ្យពិចារណា អំពីប្រភព។ ក្រោយមក ខ្ញុំក៏បានដឹងថា ពេលនរណាម្នាក់និយាយអ្វីមួយ ភាពអាចទុកចិត្តបាននៃពាក្យសម្តីរបស់អ្នកនិយាយ គឺជាប់ទាក់ទងដោយផ្ទាល់នឹងភាពអាចទុកចិត្តបាន និងចារិកលក្ខណៈរបស់អ្នកដែលកំពុងនិយាយនោះ។ សព្វថ្ងៃនេះ ហេតុផលមួយ ដែលខ្ញុំមិនចេះតែជឿអ្វីៗទាំងអស់ដែលគេនិយាយប្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់ត្រូវគេនិយាយកុហកជាញឹកញាប់ណាស់ ក្នុងមួយជីវិតនេះ។ តែព្រះទ្រង់ធ្លាប់កុហកអ្នកទេ? ដូចនេះ ពេលណាខ្ញុំមិនជឿព្រះបន្ទូលរបស់ព្រះ គឺមានន័យថា ខ្ញុំកំពុងតែវាយប្រហារមកលើភាពអាចទុកចិត្តបាន នៃព្រះដ៏មានចេស្តា។ ហើយការមិនជឿព្រះបន្ទូលព្រះអង្គដែលមានចែងក្នុងព្រះគម្ពីរ គឺជាអំពើបាប។ ដូចនេះ ការជឿព្រះ គឺមិនគ្រាន់តែជឿថាព្រះមានមែន តែក៏ត្រូវជឿផងដែរថា ព្រះទ្រង់ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃភាពជាគ្រីស្ទបរិស័ទ។ ក្នុងប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិក ក្នុងពេលសព្វថ្ងៃ យើងច្រើនតែឮគេផ្សាយព័ត៌មានថា ពេលណាអ្នកវិទ្យាសាស្រ្តលើកហេតុផលអ្វីមួយ អ្នកដឹកនាំក៏បានជឿពួកគេ។ ត្រង់ចំណុចនេះ គេច្រើនតែច្រឡំថា ជំនឿមិនត្រូវការហេតុផលទេ។ គេថា “ការជឿព្រះ និងការជឿការអះអាងរបស់ព្រះយេស៊ូវ មិនត្រូវការហេតុផលទេ ដូចនេះ បើអ្នកចង់រស់នៅជាមនុស្សមានហេតុផល ជាមនុស្សបែបវិទ្យាសាស្រ្ត ដែលជឿព្រះ នោះអ្នកត្រូវមានការហក់លោតនៃសេចក្តីជំនឿ។ គឺប្រៀបដូចជាការបិទភ្នែក បិទច្រមុះ ហើយលោតចូលទៅក្នុងភាពងងឹត ដោយសង្ឃឹមថា ព្រះយេស៊ូវនឹងទ្រអ្នក”។ ការនិយាយដូចនេះ គឺជាការប្រមាថព្រះវិញ្ញាណនៃព្រះ។ ព្រះគម្ពីរមិនដែលប្រាប់យើងឲ្យលោកចូលទៅក្នុងភាពងងឹតនោះទេ តែបានប្រាប់យើង ឲ្យលោតចេញពីភាពងងឹតចូលទៅក្នុងពន្លឺ។ លោកគ្រូ អូគូស្ទីន(Augustine) បានធ្វើការបកស្រាយភាពខុសគ្នារវាងសេចក្តីជំនឿ និងការជឿដោយគ្មានហេតុផល។ ការជឿដោយគ្មានហេតុផល គឺជាការជឿលើអ្វីក៏ដោយដែលគេប្រាប់ ដោយមិនស្វែងរកហេតុផល។ តែសេចក្តីជំនឿពិត សេចក្តីជំនឿតាមព្រះគម្ពីរ មានមូលដ្ឋានគ្រឹះនៅក្នុងភាពអាចទុកចិត្តបានរបស់ព្រះ។ គ្មានអ្វីអាចមិនសមហេតុផលជាងការសង្ស័យព្រះបន្ទូលដែលមកពីព្រះនោះឡើយ។ ដោយសារព្រះអង្គជាព្រះពិត ព្រះនៃសេចក្តីពិត ដែលមិនដែលកុហក នោះអ្វីដែលព្រះអង្គមានបន្ទូល នោះយើងអាចជឿបាន។ ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ទោះយើងជឿ ឬមិនជឿ ឬក៏គាំទ្រ ឬមិនគាំទ្រក៏ដោយ។ យើងមានការសង្ស័យមកលើព្រះបន្ទូលព្រះ គឺដោយសារយើងមិនបានជឿជាក់ មកលើភាពអាចទុកចិត្តរបស់របស់ព្រះអង្គ ក្នុងការពិពណ៌នាអំពីសណ្ឋានពិតរបស់យើង។ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ(រ៉ូម ៣:៤)។